ក្រសួង​បរិស្ថាន​​អំពាវនាវ​​ដល់​​ពលរដ្ឋ​​ជួយ​​ថែ​រក្សា​​អនាម័យ​​បរិស្ថាន​​នៅ​​តំបន់​ការពារ​ធម្មជាតិ

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ពី​ដំណើរការ​ថែរក្សា​បរិស្ថាន​ នៅ​វាលស្មៅ​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា ភូមិ​ពូ​រ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជួយ​រក្សា​អនាម័យ​បរិស្ថាននៅ​តំបន់ការពារធម្មជាតិនិង​តំបន់​ទេសចរណ៍​នានា ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន ទាញ​យក​ផលប្រយោជន៍​ពី​ផ្នែក​ទេសចរណ៍​ធម្មជាតិ​នេះ។

ការ​អំពាវនាវ​នេះបាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ចុះ​ទីវាល​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​ រេ​ដបូ​សីមា នៃ​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។ 

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែង​នៅ​ថ្ងៃទី៤ ខែតុលា​ថា ក្នុង​តំបន់ការពារធម្មជាតិ តំបន់​ដែនជម្រកសត្វព្រៃ មាន​បង្កប់​នូវ​ទេសភាព​ល្អ​ស្អាត ដូចជា ព្រៃឈើ សត្វព្រៃ ជ្រលងភ្នំ និង​ទឹកធ្លាក់​ជាដើម ដែល​សម្បត្តិ​ធម្មជាតិ​ទាំងនេះបាន​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិទៅ​ទស្សនា។ 

ជាមួយគ្នា​នេះ​ដែរ លោក​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងបរិស្ថាន បាន​ខិតខំ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ ប្រែក្លាយ​តំបន់​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ និង​ជំរុញ​លើ​ផ្នែក​ទេសចរណ៍​ធម្មជាតិ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​និង​កម្សាន្ត​តំបន់​ទាំងនោះ ដែល​ជាផ្នែក​មួយ​នៃ​ការ​បង្កើន​ចំណូល​ជូន​សហគមន៍និង​បង្កើត​សេដ្ឋកិច្ច​នៅមូលដ្ឋាន។

ករណីនេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ការពារ​ទេសភាព​តំបន់​ធម្មជាតិ​ទាំងនោះឱ្យ​មាន​បរិស្ថាន​អនាម័យ​ល្អ ដោយ​ចៀសវាង​ចោល​សំ​ណល់​ផ្សេង​ៗដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន។

លោក ​នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា៖ «បើសិនជា​បោះចោល​នូវ​ថង់​ប្លា​ស្ទិក ដប​ទឹក​សុទ្ធ ឬក៏​សំណល់​ម្ហូបអាហារ គឺ​វា​នឹង​បំផ្លាញ​នូវ​ទេសភាព​ដ៏​ល្អ​ស្អាត​របស់​ [តំបន់ការពារធម្មជាតិ​] យើង ធ្វើ​ឱ្យ​អ្នក​ផ្សេងទៀត​អត់​ចង់​មក​ទេ ព្រោះ​ពួក​គាត់​អត់​ចង់​ថតរូប​ជាប់​ជាមួយ​សំរាម​ទេ ប៉ុន្តែ​ពួក​គាត់​ចង់​ថតរូប​ជាប់​ជាមួយ​ស្មៅ​ខៀវខ្ចីនិង​ព្រៃឈើ»។

លោក​គូសបញ្ជាក់​ថា៖ «សូម​រក្សា​នូវ​អនាម័យ ហើយ​វេច​ខ្ចប់​ឱ្យ​បាន​ត្រឹមត្រូវនូវ​សំណល់​ដែល​ខ្លួន​យក​មក»។

បើ​តាម​លោក​រដ្ឋលេខាធិការ តំបន់​ទេសចរណ៍​ធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី មាន​ប្រមាណ​ជា​៣០កន្លែង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ