ក្រុមហ៊ុនកែច្នៃឈើវៀតណាមនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវការអនុគ្រោះផ្នែកពាណិជ្ជកម្មផលិតផលឈើដែលផ្តល់ឱ្យដោយប្រទេសកាណាដានៅឡើយនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមដែលចេញផ្សាយនៅថ្ងៃទី៥ ខែតុលានេះ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកាណាដា លោក Phạm Cao Phong បានថ្លែងក្នុងសន្និសីទកាលពីសប្តាហ៍មុនថា ក្រោមកិច្ចព្រមព្រៀងទូលំទូលាយនិងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅកាត់ថា CPTPP ផលិតផលឈើរបស់វៀតណាមដែលនាំចេញទៅកាណាដាមិនមានការបង់ពន្ធនោះទេ ខណៈផលិតផលរបស់ប្រទេសចិនត្រូវប្រឈមនឹងការបង់ពន្ធគយចំនួន៩ភាគរយ។
លោកបានបន្ថែមថា មិនមានសហគ្រាសវៀតណាមច្រើនទេដែលដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ ហើយភាគច្រើនពួកគេជ្រើសរើសយកការបង់ប្រាក់៦ភាគរយជំនួសឱ្យការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមដែលនឹងអាចឱ្យពួកគេរួចផុតពីការបង់ពន្ធ។
លោក Jacques Nadeau នៃអង្គការស្បៀងអាហារនិងកសិកម្ម បានមានប្រសាសន៍ថា តម្លៃសរុបនៃការនាំចូលគ្រឿងសង្ហារឹមឈើរបស់កាណាដាមានប្រមាណ១៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយវៀតណាមគឺជាអ្នកផ្គត់ផ្គង់ធំជាងគេទី៤បន្ទាប់ពីប្រទេសចិន អាមេរិក និងម៉ិកស៊ិក។
លោក Jacques Nadeau បានលើកឡើងបន្ថែមថា ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ មនុស្សត្រូវងាកមកធ្វើការងារនៅតាមផ្ទះ ដូច្នេះតម្រូវការនៃគ្រឿងសង្ហារឹមសម្រាប់ការិយាល័យនៅក្នុងផ្ទះដែលធ្វើពីឈើ ក៏មានការកើនឡើងដែរ។
សមាគមសិប្បកម្មនិងឧស្សាហកម្មឈើប្រទេសវៀតណាម (HAWA) កាលពីខែសីហាកន្លងទៅបានដាក់ឱ្យដំណើរការនូវពិព័រណ៍ «ផលិតផលឈើលើបណ្តាញអ៊ីនធឺណិត» ដែលហៅកាត់ថា HOPE ដើម្បីភ្ជាប់ក្រុមហ៊ុនកែច្នៃឈើនិងគ្រឿងសង្ហារឹមវៀតណាមជាមួយអ្នកទិញអន្តរជាតិនិងក្នុងស្រុក។
អនុប្រធាន HAWA លោក Nguyễn Chánh Phương មានប្រសាសន៍ថា HOPE នឹងបង្ហាញផលិតផលរាប់ពាន់ដែលក្រុមហ៊ុនផលិត និងអ្នកនាំចេញរាប់រយកន្លែងដែលផលិតផលទាំងនោះត្រូវបានផ្ទៀងផ្ទាត់ដោយ HAWA ដើម្បីឱ្យអ្នកទិញអាចមានទំនុកចិត្តនៅពេលពួកគេជ្រើសរើសអ្នកផ្គត់ផ្គង់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ជំនួញឈើនិងគ្រឿងសង្ហារឹមរបស់វៀតណាម។
យោងតាម Nadeau បានឱ្យដឹងថា HOPE នឹងជួយផលិតផលឈើរបស់វៀតណាមចូលទៅកាណាដាដោយផ្ទាល់ ហើយនេះអាចជួយលុបបំបាត់បញ្ហាគម្លាតភូមិសាស្ត្ររវាងអ្នកផលិតវៀតណាមនិងអតិថិជនកាណាដា ប៉ុន្តែ HAWA ចាំបាច់ត្រូវតែសកម្មនិងមានយុទ្ធសាស្ត្រក្នុងការទំនាក់ទំនង។
HOPE គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីជួយអតិថិជនអន្តរជាតិរកផលិតផលនិងអ្នកផ្គត់ផ្គង់ នៅពេលដែលពិព័រណ៍ពាណិជ្ជកម្មនិងពិព័រណ៍ជាច្រើនត្រូវបានពន្យារពេលឬលុបចោលដោយសារតែបញ្ហាជំងឺកូវីដ១៩។
រដូវជួញដូរផលិតផលឈើរបស់កាណាដា គឺចាប់ពីខែមេសាដល់ខែមិថុនា និងពីខែកញ្ញាដល់ខែធ្នូ ហើយអង្គការ HAWA ត្រូវតែររៀបចំឱ្យបានមុនព្រឹត្តិការណ៍ទាំងនោះ៕