អតីត​អនុ​ប្រធានា​ធិបតី​ម៉ាល់ឌីវ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​២០​ឆ្នាំ​ក្រោម​បទ​ពុក​រលួយ

អតីតអនុប្រធានាធិបតីប្រទេសម៉ាល់ឌីវ លោក Ahmed Adeeb កាលពីម្សិលមិញ ​ត្រូវបានតុលាការកាត់ទោសឱ្យ​ជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១២៩ ៨៩២ ដុល្លារ បន្ទាប់ពីលោកបានសារភាពកំហុសចំពោះការចោទប្រកាន់ពីអំពើពុករលួយ។

តាមប្រភពព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញានេះ បានឱ្យដឹងថា តុលាការព្រហ្មទណ្ឌប្រទេសម៉ាល់ឌីវ បានចោទប្រកាន់លោក Adeeb ពីបទកិបកេងប្រាក់ ការលាងលុយកខ្វក់ និងការប្រើប្រាស់អំណាចមិនត្រឹមត្រូវ រួមនឹងបទឧក្រិដ្ឋផ្សេងៗទៀត។ ប្រភពដដែលបានបង្ហាញថា ការចោទប្រកាន់នេះទាក់ទងទៅនឹងការជួលកោះនៅតំបន់ត្រូពិចក្នុងការអភិវឌ្ឍសណ្ឋាគារ។

យោងតាមគណៈកម្មការស្តារទ្រព្យសម្បត្តិ ដែលបង្កើតឡើងដោយរដ្ឋាភិបាលម៉ាល់ឌីវ កោះទាំងនោះត្រូវបានលក់ក្រោមតម្លៃទីផ្សារ ដែលជាលទ្ធផលរដ្ឋាភិបាលបានខាតបង់ជិត២៥៩លានដុល្លារ។

នៅក្នុងលិខិតសារភាព​ទៅកាន់តុលាការ លោក Ahmed Adeeb បានចរចាសុំអង្វរ ដោយនិយាយថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការរកប្រាក់ដែលបាត់ ក្រោយពីលោកបានសារភាពកំហុសកាលពីខែកញ្ញាកន្លងមក។

ការចាប់ខ្លួននេះកើតឡើងនៅពេលដែលអតីតអនុប្រធានាធិបតីរូបនេះ កំពុងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសឥណ្ឌា ដើម្បីគេចខ្លួនពីការសាកសួរជុំវិញការកិបកេងប្រាក់របស់រដ្ឋ។ នេះបើយោងតាមសារព័ត៌មាន Aljazeera

ប្រភពដដែលឱ្យដឹង​ថា ប៉ូលិសម៉ាល់ឌីវបានចាប់អតីតអនុប្រធានាធិបតីរូបនេះហើយ ដោយ​បាននាំខ្លួនទៅឃុំ​ក្នុងពន្ធនាគារនៅ​រដ្ឋធានី Male នៃប្រទេសម៉ាល់ឌីវ។

កាលពីថ្ងៃព្រហស្បតិ៍សបា្តហ៏មុន លោក Adeeb បានទៅដល់ទីក្រុងកំពង់ផែ Thoothukudi របស់ឥណ្ឌា ក្នុងរដ្ឋ Tamil Nadu ដោយជិះទូក ហើយគាត់បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសនោះ ក៏ប៉ុន្តែអាជ្ញាធរឥណ្ឌាមិនបានយល់ព្រមនោះឡើយ ដោយសារតែគាត់មិនមានឯកសារធ្វើដំណើរត្រឹមត្រូវ។

ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរម៉ាល់ឌីវបានចាត់វិធានការភ្លាមៗក្នុងរឿងនេះ ដើម្បីចាប់ខ្លួន លោក Adeeb ក្រោយពីមានការជំនុំជម្រះដំបូង ដោយចោទប្រកាន់​លោក Adeeb ​ពីបទពុករលួយទាក់ទងនឹងការលួចលុយជិត៨០លានដុល្លារ។

លោក Adeeb ធ្លាប់បានជាប់ពន្ធនាគាររយៈពេល៣ឆ្នាំរួចមកហើយពីបទលាងលុយកខ្វក់ និងព្យាយាមសម្លាប់លោកប្រធានាធិបតី Abdulla Yameen ក្នុងឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ