បក្ស​កាន់​អំណាច​​ផ្អាក​ការ​​ប្រារព្ធ​ពិធី​ប្រមូល​ផ្ដុំ​ធំៗ​​នៅ​ចុង​ឆ្នាំ និង​ដើម​ឆ្នាំ​ក្រោយ​​ដោយសារ​ក្ដី​បារម្ភ​ពី​ជំងឺ​កូវីដ​១៩

ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ កាលពីពេលកន្លងទៅ (រូបភាព៖ បណ្ដាញសង្គម)

គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​សំខាន់​ៗរបស់​ខ្លួន​នៅ​ចុង​ឆ្នាំង​នេះ និង​ដើម​ឆ្នាំ​ក្រោយ ដោយសារ​តែ​ក្ដី​បារម្ភ​ជុំ​វិញ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ បាន​ប្រាប់​ទៅ​សមាជិក​បក្ស​ទាំង​អស់​ថា សន្និបាត​ប្រចាំ​ឆ្នាំ​របស់​បក្ស​ដែល​គ្រោង​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ ត្រូវ​បាន​ផ្អាក​ទៅ​វិញ ហើយ​លោក​ថា របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី នឹង​ត្រូវ​ផ្ញើ​ជូន​ទៅ​ថ្នាក់​ដឹកនាំ​បក្ស​គ្រប់​លំដាប់​ថ្នាក់។

លោក សាយ ឈុំ ដែល​ជា​ប្រធាន​ព្រឹទ្ធ​សភា​ផង​ដែរ​នោះ ក៏​បាន​ជូន​ដំណឹង​ទៅ​សមាជិក​បក្ស​ទាំង​អស់​ថា ពិធី​រំឭក​ខួប​៤២​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ៧​មករា​នៅ​ឆ្នាំ​ក្រោយ​នេះ ក៏​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​បក្ស​សម្រេច​ផ្អាក​ផង​ដែរ ប៉ុន្តែ លោក​ថា បក្ស​គ្រោង​រៀបចំ​ជា​ស្លាក​សញ្ញា បដាពាក្យ​ស្លោក​​ សម្រាប់​ដាក់​តាំង​នៅ​ទីតាំង​នានា។

បើ​តាម​សេចក្ដី​ជូន​ដំណឹង គណបក្ស​កាន់​អំណាច​​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​សំខាន់ៗ​របស់​ខ្លួន​បែប​នេះ ដោយសារ​តែ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

កាល​ពី​ចុង​ខែ​មិថុនា​​កន្លង​មក​នេះ ការ​ប្រារព្ធ​ខួប ៦៩​ឆ្នាំ​នៃ​កំណើត​បក្សនៅ​ចុង​ខែ​មិថុនា និង​កម្មវិធី​​សម្ពោធ​អគារ​ទីស្នាក់ការ​ថ្មី​តម្លៃ​ខ្ទង់ ៤០​លាន​ដុល្លារ​នៅ​ពេល​នោះ​ដែរ ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ ដោយ​ប្ដូរ​មក​ជា​រៀបចំ​ត្រឹម​ពិធី​សូត្រ​មន្ត​ឡើង​អគារ​ទីស្នាក់ការ​ថ្មី​របស់​បក្ស​តែ​ប៉ុណ្ណោះ។

គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៨០​នាក់​ហើយ​ឆ្លង​វីរុស​កូរ៉ូណា​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ដល់ទៅ ២៧៦​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ