សមាជិកគ្រូបង្រៀនកម្ពុជា​ឯករាជ្យថាថ្នាក់លើស្នើ​ឱ្យចូលជាសមាជិក​បក្សកាន់អំណាច

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រារព្ធ «ទិវាគ្រូបង្រៀនពិភពលោក» នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨

សមាជិក​សមាគម​គ្រួបង្រៀនកម្ពុជា​ឯករាជ្យមួយចំនួន​បានលើកឡើងថា​ពួកគេ​ត្រូវថ្នាក់​លើ​រួម​មាន​​នាយកសាលាជាដើមស្នើឱ្យចូលជា​សមាជិក​បក្សប្រជាជនកម្ពុជា​ ប៉ុន្តែការអះអាង​នេះ​ត្រូវ​មន្រ្តីក្រសួងអប់រំ​ និងអ្នកនាំពាក្យ​បក្សកាន់អំណាចច្រានចោល។  

​សមាគមគ្រួបង្រៀនកម្ពុជាឯករាជ្យនៅព្រឹក​ថ្ងៃទី៥ខែតុលាម្សិលមិញ​បានប្រារព្ធទិវាគ្រូបង្រៀននា​ទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ​។​ តាម​ការអះអាងពីសមាជិកសមាគម ពិធីនេះមានអ្នកចូលរួម​ដែលជាគ្រូបង្រៀន និងក្រុម​សហជីពប្រមាណ​៥០នាក់។

សមាជិកគណៈកម្មកានាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឡុង រឹម បាន​លើកឡើងក្នុងពិធីនេះថាមន្ត្រីមន្ទីអប់រំ​រាជធានីភ្នំពេញបានបញ្ចុះបញ្ចូល​រូបលោក ក៏ដូចជា​លោកគ្រូអ្នកគ្រូដទៃទៀតឱ្យចូលជាសមាជិកគណបក្សកាន់អំណាចដល់គ្រឹះស្ថានសិក្សាតែម្ដង។

លោកបាននិយាយថា៖ «នៅតាមសាលាពេលថ្មីហ្នឹង មានមន្ត្រីអប់រំចូលទៅជំរឿន តើអ្នកណាខ្លះមានកាតគណបក្ស [គណបក្សប្រជាជនកម្ពុជា] អ្នកណាខ្លះអត់មាន ចូលបក្សនៅពេលណា ឆ្នាំណា​​ សុំសួរថាតើនេះជារឿងនយោបាយទេ? ខ្លាចគេនិយាយរឿងនយោបាយ ប៉ុន្តែមន្ត្រីអប់រំចូលទៅក្នុងសាលាធ្វើបែបនេះ តើនេះជារឿងនយោបាយក៏អត់?»។

លោក ឡុង រឹម បានបន្តថាកន្លងមកក្រសួងអប់រំតែងតែហាម​មិនឱ្យគ្រូបង្រៀនចូលរួមជាគណបក្សនយោបាយណាមួយឡើយ  ប៉ុន្តែផ្ទុយទៅវិញមន្ត្រីអប់រំមួយចំនួនបែរជាទៅជំរុញឱ្យគ្រូៗធ្វើកាតសមាជិកគណបក្សប្រជាជនទៅវិញ​។ លោកចាត់ទុកការចុះសួរនាំលោកគ្រូ អ្នកគ្រូនៅតាមសាលាបែបនេះថា ជាគំរាមកំហែងផ្នែករដ្ឋបាល។

លោកថា៖«គំរាមកំហែងរដ្ឋបាល គ្រូណាអត់មានកាតគណបក្ស​គាត់មានការព្រួយបារម្ភ​។ អស់លោកអ្នកច្បាប់លោកដឹងហើយ ថានេះគឺជាការ រំលោភបំពាន​​ពិន័យតាមផ្នែករដ្ឋបាលហើយ។ អ៊ីចឹងសូមរដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យមើលកន្លែងនេះផង»។

គ្រូបង្រៀនម្នាក់ទៀត​នៅរាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះដោយថាបារម្ភពីសុវត្ថិភាពបាននិយាយ​ថានៅសាលាដែលលោកបង្រៀនគឺ​នាយកសាលាជាអ្នកសាកសួរទាក់ទងនឹងការចូលជាសមាជិកបក្សកាន់អំណាចនេះ​។

លោកបានប្រាប់​ថា៖ «បើអ្នកមានប័ណ្ណសមាជិកហ្នឹងហើយ ថតឱ្យគាត់ អ្នកណាអត់មានទេ ប្រាប់គាត់​ថតរូបថតទៅធ្វើ​។ ចាប់ផ្ដើមធ្វើកាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២០។ គ្រូទាំងអស់៩៩,៩៩ភាគរយហើយ ចូល ព្រោះគេឱ្យនាយកអ្នកធ្វើ​ ហើយបើនាយកគាត់ធ្វើហើយ ​គិតម៉េច។ អ៊ីចឹងវាហាក់ដូចជាការគំរាម​មួយដោយមិនផ្ទាល់ ប៉ុន្តែវាប៉ះពាល់ផ្ទាល់»។

ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានច្រានចោលការឡើងរបស់សមាជិកគណៈកម្មកានាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ។​

លោកបានបញ្ជាក់​ថា៖ «យើងមិនឱ្យមានសកម្មភាពនៅក្នុងហ្នឹងទេ ព្រោះបើមានសកម្មភាពនៅក្នុងហ្នឹង វាប៉ះពាល់ទៅនឹងច្បាប់ដែលបានហាម​ឃាត់។ អត់អីទេចាំមើលខ្ញុំស្រាវជ្រាវរឿងហ្នឹង។ បើសិនជាមានករណីកើតឡើង ខ្ញុំសុំយោបល់ថ្នាក់ដឹកនាំហើយ»។

គ្រូបង្រៀនម្នាក់មកពីខេត្តស្វាយរៀងដោយនិយាយប្រាប់​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរ​បានលើកឡើងថា​បច្ចុប្បន្ននៅតាមស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាស្ទើរតែទាំងអស់បានដើរផ្ទុយពីគោលការណ៍និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ។

លោកបាននិយាយថា៖«រចនាសម្ព័ន្ធអប់រំ​ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និយាយពីថ្នាក់ក្រសួងរហូតដល់សាលារៀន​ គឺខ្ញុំឃើញថា ដើរខុសគោលការណ៍ មានន័យថា តម្រូវឱ្យគ្រូបង្រៀន ​ម្នាក់ៗហ្នឹង ចូលបង់ជីវភាព​គឺអាហ្នឹងជាបញ្ហាប្រឈមមួយទៀត។ អ៊ីចឹងជាអ្វីដែលខ្ញុំមើលឃើញថា ខុសបទបញ្ជាផ្ទៃក្នុងនិងសេចក្ដីណែនាំក្រសួង»។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថាក្រសួងមិនទាន់ទទួលព័ត៌មាននេះនៅឡើយ ប៉ុន្តែបើមានភាពមិនប្រក្រតីក្រសួងនឹងធ្វើការពិនិត្យ។

លោកថា៖«ខ្ញុំមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ។ ខ្ញុំសូមបញ្ជាក់ថា បើមានភាពមិនប្រក្រតីគឺក្រសួងតែងតែពិនិត្យនៅក្នុងការងារ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សរបស់លោកមិនដែលបង្ខិតបង្ខំ​នរណាម្នាក់ឱ្យចូលជាសមាជិកនោះទេ

លោកថា៖«អ្នកទាំងអស់គ្នា ចង់ចូលជាគណបក្សប្រជាជនកម្ពុជា ត្រូវឈរលើមូលដ្ឋានស្មោះស្ម័គ្រដោយខ្លួនឯង ដោយភ្ញាក់រលឹកដោយខ្លួនឯង គ្មានការបង្ខិតបង្ខំ ឃោសនាឱ្យចូលទេ ព្រោះឥឡូវសមាជិតគណបក្សប្រជាជន៦លាននាក់ហើយជាចំនួនគ្រប់គ្រាន់ហើយ។ ដូច្នេះសព្វថ្ងៃយើងមិនបិទផ្លូវទេ បើបងប្អូនណាភ្ញាក់រលឹក ស្មោះស្ម័គ្រជាមួយគណបក្សប្រជាជន  ចង់ដើរតាមគណបក្សប្រជាជន គឺគណបក្សប្រជាជនស្វាគមន៍»។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក មាស នី មានប្រសាសន៍ថាការឱ្យធ្វើកាតចូលជាសមាជិកគណបក្សប្រជាជនមិនមែនកើតឡើងតែចំពោះក្រុមគ្រូបង្រៀននោះទេ សូម្បីមន្ត្រីរាជការស្ថាប័នផ្សេងក៏មានដែរ។

លោកថា៖«បើយើងមើលអំពីសិទ្ធិក្នុងការចូលរួមគណបក្ស វាអត់មានអីខុសទេ គណបក្សណាក៏ត្រូវឱ្យមានការចុះឈ្មោះដែរ ប៉ុន្តែអ្វីដែលឆ្គងត្រង់បើសិនណាការចុះឈ្មោះហ្នឹង ឬការចូលជាសមាជិកហ្នឹង គេបញ្ជូនឯកសារឱ្យបំពេញហើយយើងមិនបំពេញឱ្យគេវិញនោះ ក្រុមហ្នឹង ឬបុគ្គលហ្នឹងត្រូវគេកត់សម្គាល់ថាជាអ្នកមាននិន្នាការប្រឆាំង។ ដូច្នេះមិនត្រូវទទួល និងលើកទឹកចិត្តពីតំណែងអ្វីទេ។ ទី២ អាចនឹងមានការធ្វើទុកបុកម្នេញ នេះជារឿងដែលខ្ញុំធ្លាប់ឃើញមុនមក»

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID) លោក ប៉ា ច័ន្ទរឿន បានលើកឡើងថាប្រសិនបើមានករណីឱ្យ​គ្រូបង្រៀនធ្វើកាតសមាជិកចូលគណបក្សនយោបាយណាមួយនោះវាផ្ទុយពីច្បាប់​ស្ដីពី​ការ​អប់រំ​​ និងលក្ខន្តិកៈមន្ត្រីរាជការ ដែលបានហាមឃាត់មិនយកការិល័យសាធារណៈទៅបម្រើគណបក្សនយោបាយឡើយ។

លោកបន្តថាប្រសិនស្ថាប័នអប់រំគ្រឹះស្ថានសិក្សាត្រូវបានយកប្រើប្រាស់ដើម្បីគៀងគរគាំទ្រផ្នែក​នយោបាយមែន​នោះលោកថាវានឹងធ្វើឱ្យគ្រឹះស្ថានសាធារណៈដែលជាកន្លែងបណ្ដុះបណ្តាល​ប្រជាពលរដ្ឋ និងអ្នកដឹកនាំជំនាន់ក្រោយឱ្យបាត់បង់ការគិតគួររឿងបញ្ហាសង្គម ដោយ​សារ​ភាពលម្អៀង​។

លោកថា៖«សាលារៀនគួរតែស្ថាប័នមួយអ​ព្យាក្រឹត្យ ពីព្រោះវាជាថ្នាល់ និងជារោងចក្រផលិតធនធាន​មនុស្សនៅក្នុងសង្គម។ ដូច្នេះ សាលារៀនមិនមែនជាកន្លែងត្រូវ​បំប៉ន់មនោគមវិជ្ជានយោបាយបក្សឱ្យ​គាំទ្រគណបក្សនេះ ឱ្យគាំទ្រគណបក្សនោះទេ ប៉ុន្តែវាជាទីកន្លែងអប់រំដែលបណ្ដុះប្រជាពលរដ្ឋ ជាពិសេស កូនចៅយើងជំនាន់ក្រោយឱ្យមានការយល់ដឹងពីនយោបាយ របៀបចូលរួមក្នុង​នយោបានប៉ុន្តែមិនមែនជាទីកន្លែងប្រកួតប្រជែងផ្នែកនយោបាយទេ»។

មាត្រា ៣៤ នៃ​ច្បាប់​ស្ដីពី​ការ​អប់រំ​​ ចែងថា ស្ថាប័នអប់រំ គ្រឹះស្ថានសិក្សា ត្រូវគោរពការណ៍អព្យាក្រឹត្យភាព។ ការធ្វើសកម្មភាពនយោបាយនិង/ឬការឃោនានយោបាយឱ្យគណបក្សនយោបាយណាមួយក្នុងស្ថាប័ន អប់រំ គ្រឹះស្ថានសិក្សា ត្រូវហាមឃាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ