វិភាគ៖ មន្ត្រី​​កាន់​​តួនាទី​​និង​​សមត្ថភាព​​ដោះ​ស្រាយ​​បញ្ហា​​ជូន​​ពលរដ្ឋ​

ពលរដ្ឋនៅស្រុកស្រែអំបិលខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ឡើងមកតវ៉ានៅក្រសួងដែនដីនៅទីក្រុងភ្នំពេញ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

ពលរដ្ឋ​ដែល​មាន​វិវាទឬជួប​បញ្ហាណា​មួយ​ដែល​ពួក​គេ​មិនសុខចិត្ត ​រួម​ទាំង​អ្នកមាន​ជម្លោះដីធ្លី កម្មករ​រោងចក្រ អ្នក​រង​ផល​ប៉ះពាល់​ពី​បញ្ហា​បរិស្ថាន​ជាដើម តែងតែ​ដាក់​គោលដៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ចុះ​មន្ត្រី​ថ្នាក់ក្រោមនិង​ស្ថាប័ន​ផ្សេង​ៗទៀត​?

ស្ទើរ​ក្លាយជា​ទម្លាប់​ អ្នកមាន​ជម្លោះដីធ្លី​ទាំង​នៅ​រាជធានីនិងអ្នកធ្វើ​ដំណើរ​ពី​តាម​បណ្តា​ខេត្ត តែងតែ​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​នៅ​ក្រសួង​ដែនដី បន្ទាប់មក​គោលដៅ​របស់​ពួក​គេ​គឺ​បន្ត​ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

ចំណែក​កម្មករ​រោងចក្រឬកម្មករ​និយោជិត​នៅ​តាម​សហគ្រាសក្រុម​ហ៊ុន​ផ្សេង​ៗទៀត តែង​តែ​យក​ញ​ត្តិ​ស្វែងរក​ដំណោះស្រាយ​នៅ​ក្រសួងការងារ បន្ទាប់មក​គោលដៅ​របស់​ពួក​គេ​គឺ​ធ្វើដំណើរ​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

ដូចគ្នា​ សកម្មជន​បរិស្ថាន​ឬអ្នក​រង​ផល​ប៉ះពាល់​ពី​បរិស្ថាន​ទាំង​ការពារ​បឹង​តា​មោក ការពារ​កោះកុង​ក្រៅ ឬកន្លែង​ផ្សេងទៀត​ ក៏​សំដៅ​ទៅ​រក​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែរ។

ប៉ុន្តែ​គោលដៅ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ភាគច្រើន​គឺ​មិនបាន​សម្រេច​ទេ ដោយ​សមត្ថកិច្ច​តែងតែ​រារាំង ដោយ​បញ្ជាក់​ប្រាប់​ពី​មូល​ហេ​តុ​ផ្សេង​ៗ រួម​ទាំង​ការពារ​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ផង​ដែរ។

ចំពោះ​អ្នកមាន​វិ​វាទ​ផ្សេង​ៗទៀតដែល​មិនបាន​ធ្វើដំណើរ​ផ្ទាល់​ទៅផ្ទះ​នាយក​រដ្ឋមន្ត្រី​ ក៏​លើក​រូបថតឬពាក្យ​ស្នើសុំ​នៅ​លើ​ដី​មាន​ជម្លោះឬទីតាំង​មាន​ជម្លោះ​នោះ​ដែរ។

ថ្មី​ៗនេះ ក្រោយ​ថ្ងៃឈប់​សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ភ្លាម ​គឺ​នៅ​ថ្ងៃទី២១ ខែកញ្ញា ​ចំ​ថ្ងៃ​«ទិវា​សន្តិភាព​អន្តរជាតិ» ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ប្រមាណ១០០០នាក់​មក​ពី​តាម​បណ្តា​ខេត្ត​នានា បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​រៀបចំ​ដែនដី​ ដើម្បីស្វែងរក​ដំណោះស្រាយ។ ក្រោយពី​ការ​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី ពលរដ្ឋ​ទាំងនោះ​ក៏​រៀបចំ​ធ្វើដំណើរ​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង។

បើ​ទោះជា​សមត្ថកិច្ច​រារាំង​ក៏ដោយ ពលរដ្ឋ​ទាំងនោះ​ដែល​មាន​កាន់​រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ស្វែងរក​ការ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ដែរ។

ពលរដ្ឋ​អំពាវនាវ៖ «សម្តេច​នាយក សូមកុំ​បិទ​ទូរសព្ទ​អី! ប្រជាពលរដ្ឋ​មក​មិន​តិច​រយ​នាក់​ទេ​នេះ សូម​សម្តេច​មេត្តា​ជួយ​ដោះស្រាយ​វិវាទ​នេះ​ឱ្យ​ពលរដ្ឋ​ផង។ កុំ​ទុក​ឱ្យ​ពលរដ្ឋ​នៅ​ក្រីក្រជាង១០ឆ្នាំ​ហើយ មក​យក​ដី​គ្នា​ ហើយ​មិន​ជួយ​ដោះស្រាយ»។

ហេតុអ្វី​ពលរដ្ឋ​សំដៅ​តែ​លើ​រូបលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​? ចុះ​មន្ត្រី​ថ្នាក់ក្រោមនិង​ស្ថា​ប័ន​ផ្សេងទៀត​?

បច្ចុប្បន្ន​ ការ​ដោះស្រាយ​បញ្ហា​ឬវិវាទ មាន​ទាំង​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការនិងការ​ដោះស្រាយ​ក្នុង​ប្រព័ន្ធ​តុលាការ។ ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ គឺជា​ការសម្រប​សម្រួល​របស់​អាជ្ញាធរ​ថ្នាក់ក្រោម ​ចាប់ពី​ភូមិ​-ឃុំ រហូតដល់​រាជធានី​-ខេត្ត ហើយ​ថែមទាំង​មាន​អាជ្ញាធរ​ជំនាញ​ចាំ​ជួយ​ដោះស្រាយ​ទៀត។

ចំណែក​តុលាការ​មាន​បែងចែក​ចេញ​ជា៣ថ្នាក់ គឺ​សាលាដំបូង​រាជធានី​-ខេត្ត សាលាឧទ្ធរណ៍ និង តុលាការ​កំពូល។ ចំពោះ​នីតិវិធី​នៅ​តុលាការ​កំពូល ​អាច​ជម្រះក្តីលើស​ពី​ម្តង​លើ​រឿង​ក្តី​ដដែល។

ពលរដ្ឋ​ដែល​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី មាន​អ្នកខ្លះ​ក៏​ធ្លាប់​ស្វែងរក​ដំណោះស្រាយ​តាម​យន្តការ​ថ្នាក់ក្រោម អ្នកខ្លះ​មិនបាន​ស្វែងរក​ដំណោះស្រាយ​ពី​យន្តការ​ថ្នាក់ក្រោម​ទេ។

ពលរដ្ឋ​ដែល​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថា​ប័ន​ឬមន្ត្រី​ថ្នាក់ក្រោម ​ខ្លះ​លើកឡើង​ថា មន្ត្រី​ធ្វើការងារ​យឺតយ៉ាវឬការ​ដោះស្រាយ​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ ​ទើប​ពួក​គេ​ចំណាយ​ទាំង​លុយនិង ពេលវេលា​ស្វែងរក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី។

ករណី​ដែល​ពលរដ្ឋ​កាន់តែ​ច្រើន​សំដៅ​រក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ លោកនាយក​រដ្ឋមន្ត្រី​ខ្លួនឯង​ក៏​ថា លោក​ក៏​រង​ភាព​អយុត្តិធម៌​ដែរ គឺថា​មន្ត្រី​ទម្លាក់​បញ្ហា​ឱ្យ​លោក​ដោះស្រាយ ចំណែក​អ្វី​ដែល​មានប្រយោជន៍ ​ពួក​គេ​ទទួល។

កាលពី​ខែមេសា ឆ្នាំ២០១៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​មន្ត្រី​ដែល​មិន​បំពេញការងារ​តាមច្បាប់​ហើយ​ទុក​បញ្ហា​នានា​ឱ្យ​លោក​ដោះស្រាយ។

លោក ហ៊ុន សែន៖ «បើ​ស្អី​ក៏​ឱ្យ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ ស្អី​ក៏​ឱ្យ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ ចាំបាច់​ទៅ​មាន​ក្រសួង​ធ្វើ​អី​? ដាក់​ហ្អែង​! ម៉ា​ជុំវិញ​វិមានឯករាជ្យ​ហ្នឹង​ចប់​! ចាំបាច់​ទៅ​មានអី​! ប៉ុន្តែ​អស់លោក អត់​យក​ការទទួលខុសត្រូវ​ណាមួយ អត់​យក​ការទទួលខុសត្រូវ​ណាមួយ​ទេ»។

ក្នុង​តំណែង​ជានា​យក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ត្អូញត្អែរ​ថា ក្នុង​តំណែង​របស់​លោក​មានការ​លំបាក​ច្រើន ហើយ​លោក​ខិតខំ​ធ្វើការងារ​លំបាក​ទាំងនេះ​ដើម្បីប្រទេស​ជាតិ។

នៅដើម​ឆ្នាំ២០២០នេះ ថ្លែង​ពាក់ព័ន្ធ​ការសម្រេច​ចិត្ត​តែងតាំង​លោក គង់ សោភ័ណ្ឌ ជា​អភិបាលខេត្ត​កណ្តាល លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើង​ពី​បញ្ហា​ស្មុគស្មាញ​ដែល​មន្ត្រី​មិន​មាន​សមត្ថភាព តែ​ប្រឹងប្រែង​រត់ការ​រក​តំណែង​និង​តួនាទី។ លោក​ហៅ​មន្ត្រី​ដែល​រត់រក​តួនាទី​ហើយ​មិន​ខំធ្វើការ​ងារ​ថា ជាម​ន្ត្រី «ឡេម ឡឺម»

លោក ហ៊ុន សែន៖ «មន្ត្រី​ឡេមឡឺម តែងតែ​រត់​ទៅ​កៀក​កន្លែងណាដែល​មាន​សិទ្ធិ​តែងតាំង។ អា​ហ្នឹង មន្ត្រី​ឡេមឡឺម បើ​អ៊ីចឹង​កុំឱ្យ​មាន​មន្ត្រី​ឡេមឡឺម រត់​ទៅ​កៀកអ្នកនេះ រត់​ទៅ​កៀក​អ្នកនោះ​ វិធី​តែមួយគត់ ​គឺ​ប្រធាន​ក្រុមប្រឹក្សានិងអភិបាល​ត្រូវ​នៅជា​មួយ​គ្នា​ក្នុង​ការតែងតាំង»។

អង្គការ​ដែល​សិក្សា​វាយតម្លៃ​លើ​ប្រព័ន្ធ​យុត្តិធម៌​ពិភពលោក វាយតម្លៃ​កម្ពុជា​ស្ថិតនៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​មិនល្អ។ របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក​ប្រចាំឆ្នាំ២០២០ បង្ហាញថា ក្នុងចំណោម១២៨ប្រទេស កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ១២៧ គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​លើ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា​តែមួយគត់ ចំណែក​នៅ​តំបន់​អាស៊ាន​ គឺ​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ចុងក្រោយ​គេ។ ចំណាត់ថ្នាក់​នេះ​ស្ថិតនៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​មិនល្អ។

រដ្ឋាភិបាល​កម្ពុជា​មិន​ទទួលស្គាល់​របាយការណ៍​នេះ​ទេ ប៉ុន្តែ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ប្រកាស​ពី​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌។ ការប្រកាស​នេះធ្វើឡើង​នៅពេល​ដែល​លោក​ចូលកាន់​តំណែង​ភ្លាម​ៗ។ ក្រៅពី​ការ​ដោះស្រាយ​ជម្លោះ ពលរដ្ឋ​ក៏​មាន​បញ្ហា​ផ្សេង​ៗទៀត​ដែល​ត្រូវការ​មន្ត្រី​ជំនាញ​ជួយ​ដោះស្រាយ​ដែរ ​ដូចជា ការងារ​បង្កើត​ការងារ បញ្ហា​ជួយ​កសិករ​ក្នុង​ការ​ធ្វើ​កសិកម្ម ការថែទាំ​សុខភាព បញ្ហា​គ្រឿងញៀន គ្រឿងស្រវឹង និង​អំពើ​ហិង្សា​ក្នុង​សហគមន៍​ជាដើម។

ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ឬបញ្ហា​របស់​ពលរដ្ឋ​នៅ​តាម​ស្ថាប័ន​និងមន្ត្រី​ថ្នាក់ក្រោម​ គឺ​អាច​ចំណេញ​ទាំង​ពលរដ្ឋនិងថ្នាក់ដឹកនាំ​ គឺ​ពលរដ្ឋ​មិន​ចំណាយពេល​វេលានិង​ថវិកា​ក្នុង​ការ​ធ្វើដំណើរ​ទៅផ្ទះ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​ក៏​មាន​ពេលវេលា​ក្នុង​ការ​គិត​លើ​ចំណុច​ផ្សេង​នៃ​ការងារ​របស់​ប្រទេសជាតិ​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ