កម្ពុជា​​​​ខ្ចី​ប្រាក់​​ពី​​បរទេស​​ជិត​៤៨០​លាន​​ដុល្លារ​​ក្នុង​​ឆមាស​​ទី​១​ឆ្នាំ​២០២០​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

កម្ពុជា​បាន​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ជិត៤៨០លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១ក្នុង​ឆ្នាំនេះ ឬស្មើនឹង២៥ភាគរយ​នៃ​គម្រោង​កម្ចី​ទំហំ១ ៤០០លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​បាន​គ្រោងឡើង​សម្រាប់​ឆ្នាំ២០២០នេះ។ នេះ​បើ​តាម​តួលេខ​ចេញ​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅដើម​ខែតុលា​នេះ។

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន មានប្រសាសន៍​ថា ទំហំ​កម្ចី​ដែល​រដ្ឋាភិបាល​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​នេះ ធ្វើឡើង​តាម​តម្រូវការ​ជាក់ស្ដែងនិង​តាម​គោលការណ៍​ដែល​បាន​កំណត់។

លោក មាស សុខ​សេន​សាន ប្រាប់​ថា៖ «យើង​គិតថា ឆ្នាំ​នី​មួយ​ៗមាន​តម្រូវការ​ប៉ុណ្ណឹង។ ជាក់ស្ដែង​ទៅលើ​ការអនុវត្ត បត់បែន​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​ដែល​ត្រូវ​ធ្វើ។ ដូច​បញ្ហា​សេដ្ឋកិច្ចឬបញ្ហា​កូ​វីដ​អ៊ីចឹង យើង​អាច​ត្រូវ​គិតគូរ​ឡើងវិញ​ថា តើ​យើង​ត្រូវ​វិនិយោគ​នៅ​ផ្នែក​ណា ដើម្បី​ជួយ​អ្វី​ដែល​សំខាន់ ធ្វើ​ម៉េច​ឱ្យ​កំណើន​កម្លាំង​ពលកម្ម​នៅ​រក្សាឬបង្កើន​ការ​ងា​រថ្មីៗ​ទៀត​ឱ្យ​បងប្អូន​កម្មករ​យើង​ធ្វើ»។

លោក​បន្ត​ថា កម្ពុជា​មាន​ជំហរ​ខ្ចីប្រាក់​ពី​គ្រប់​ដៃគូ​ទាំងអស់ បើសិនណា​ជា​កម្ចី​នេះ​ស្របតាម​លក្ខខណ្ឌ​គន្លឹះ​ទាំង​ប្រាំ​ដែល​បាន​ដាក់ចេញ រួមមាន ឥណទាន​ទំហំ​សមស្រប​តាម​ស្ថានភាព​ថវិកាជាតិ ឥណទាន​សម្បទានឬអនុគ្រោះ​ខ្ពស់ ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច ប្រើប្រាស់​ឥណទាន​ដោយ​តម្លាភាព​គណនេយ្យ​ភាព និង​ប្រើប្រាស់​ឥណទាន​សម្បទាន​សម្រាប់​វិនិយោគ​លើ​ហេ​ដ្ឋ​ារចនាសម្ព័ន្ធ​សាធារណៈ។ ប៉ុន្តែអ្នកនាំពាក្យ​រូប​នេះ​មិន​ប្រាប់​ទេ​ថា ប្រាក់កម្ចី​ជិត៤៨០លាន​ដុល្លារ​អាមេរិក​នេះ ត្រូវ​បាន​ខ្ចី​ពី​ប្រភព​ណា​នោះ​ឡើយ។

ធនាគារពិភពលោក បាន​ប្រកាស​កាលពីខែ​កក្កដា​កន្លងមក​នេះ​ថា ស្ថាប័ន​ផ្ដល់​កម្ចី​អន្តរជាតិ​មួយ​នេះ បាន​អនុម័ត​កម្ចី​ទំហំ១០០លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​គម្រោង​អភិវឌ្ឍន៍​ផ្លូវលំ​ជនបទ។ នៅក្នុង​ខែកក្កដា​ដដែល ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB ក៏បាន​ផ្ដល់​ប្រាក់​ឱ្យ​កម្ពុជា​ខ្ចី​ចំនួន២៥០លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ១៩ដែរ។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ចេញ​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញថា កម្ពុជា​ជំពាក់បំណុល​បរទេសនិង​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប៧,៩ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ២០២០នេះ។

តួលេខ​ដដែល​នេះ បង្ហាញថា ប្រទេស​ចិន​ជា​ម្ចាស់បំណុល​ធំ​បំផុត​របស់​កម្ពុជា ដោយ​កម្ពុជា​ជំពាក់​ចិន​ដល់ទៅ​ជាង៣ ៧០០ ​(៣ ៧០២​)លាន​ដុល្លារ ឬស្មើនឹង​ជិត៤៧ភាគរយ​នៃ​ទំហំ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស។ ក្រៅពី​ចិន កម្ពុជា​ជំពាក់​ជប៉ុន​ជាង៤៩០លាន​ដុល្លារ ជំពាក់​កូរ៉េ​ខាងត្បូង​ជិត៣៨០លាន​ដុល្លារ ជំពាក់​បារាំង​ជិត៣៥៧លាន​ដុល្លារ ជំពាក់​ឥណ្ឌា​ជាង២៦លាន​ដុល្លារ ជំពាក់​ថៃ​ជាង៥២លាន​ដុល្លារ និង​ជំពាក់​វៀតណាម​ជាង១៦លាន​ដុល្លារ។ កម្ពុជា​ក៏​ជំពាក់បំណុល​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​សរុប​ជាង២ ២៤៧លាន​ដុល្លារ​ផង​ដែរ និង​មរតក​បំណុល​នៃ​របបចាស់​ជាង៦២០លាន​ដុល្លារ។

ចំពោះ​ការ​ទូទាត់​សងបំណុល​វិញ នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០២០នេះ កម្ពុជា​បាន​ទូទាត់​សងបំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប​ជាង១៥២លាន​ដុល្លារ ក្នុង​នោះ​ដែរ ​បំណុល​សាធារណៈ​ក្រៅប្រទេស​មាន​ចំនួន៩៩ភាគរយ ត្រូវ​នឹង​ជាង១៥០លាន​ដុល្លារ។ កម្ពុជា​សង​ប្រាក់ដើម​ចំនួន១០៩,៩៦លាន​ដុល្លារ ការប្រាក់និង​កម្រៃ​ផ្សេង​ៗចំនួន៤០,៧៩លាន​ដុល្លារ។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩៣ មកដល់​ដំណាច់​ឆមាស​ទី១ ឆ្នាំ២០២០ កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ខ្ចី​លុយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ចំនួន​ជាង១ម៉ឺន ៣ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ដ​គ្របដណ្ដប់​ប្រមាណ៨៧ភាគរយ និង​វិស័យ​ផ្សេងទៀត​ប្រមាណ១៣ភាគរយ។

ទន្ទឹមគ្នា​នោះ រដ្ឋាភិបាល​ក៏បាន​ដក​សាច់ប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​មក​ប្រើប្រាស់​ជាក់ស្ដែង​ប្រមាណ​៨,៥ពាន់​លាន​ដុល្លារ​អាមេរិក ឬស្មើនឹង​ប្រមាណ៦៥ភាគរយ​នៃ​ទំហំ​បំណុល​សរុប​ជាង១៣ពាន់​លាន​ដុល្លារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ