រដ្ឋា​ភិបាល​​កាត់​​ដី​​ចេញ​ពី​​តំបន់​​ការពារ​៦០០​ហិ​កតា​​នៅ​​ខេត្ត​​ព្រះ​សីហនុ​​ឱ្យ​ឧក​ញ៉ា​​ធ្វើ​​កម្ម​​សិទ្ធ​​

ទិដ្ឋភាពនៅតំបន់ពលរដ្ឋរស់នៅ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

រដ្ឋាភិបាល​បាន​កាត់​ដី​ចេញពី​តំបន់​ការពារ​ទំហំ៦០០ហិ​កតា ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ឱ្យបុគ្គល​ពីរ​រូប​ដែល​មាន​ងារ​ជា​ឧកញ៉ា​ធ្វើជា​កម្មសិទ្ធិ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២០ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន​នៅថ្ងៃពុធ​នេះ រដ្ឋាភិបាល​សម្រេច​កាត់​ដី​ទំហំ៦០០ហិ​កតា​ពី​ដែន​ព្រៃលិចទឹកនិង​គម្រប​ព្រៃឈើ​ឆ្នាំ២០០២ ស្ថិត​ក្នុង​ឃុំ​រាម និង​ឃុំ​បិតត្រាំង ​មក​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ។ បុគ្គល​ពីរ​រូប​មាន​ងារ​ជា​ឧកញ៉ា​នោះ​គឺ​លោក សេង ញ៉​ក់ និង​លោកស្រី លី អា​ផណ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពីអ​គ្គ​នាយក​ក្រុមហ៊ុន ដឺ ព្រេមៀ លែន លោក សេង ញ៉​ក់ បានទេ​ពាក់ព័ន្ធ​ករណីនេះ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ លោក ឃាង ភា​រម្យ មានប្រសាសន៍​ថា ការសម្រេច​កាត់​ដី​តំបន់​ការពារ​ទំហំ៦០០ហិ​កតា​ទៅ​ឱ្យលោក​ឧកញ៉ា សេង ញ៉​ក់ និង​លោកស្រី លី អា​ផណ ជា​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដែល​ធ្វើឡើង​ទៅតាម​ការ​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ។

លោក​បន្ថែម​ថា៖ «មិនមែន​ជា​ដីសម្បទាន​សេដ្ឋកិច្ច​ទេ។ នេះ​បើ​មើលទៅ​លើ​ខ្លឹមសារ​អនុក្រឹត្យ។ ហើយ​ខ្ញុំ​អត់​បកស្រាយ​ទៅលើ​អនុក្រឹត្យ​ដែរ​ ព្រោះ​ជា​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល។ ហើយ​អនុក្រឹត្យ​នេះ យោងទៅតាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ លោក វេង សា​ខុន មានប្រសាសន៍​ថា រដ្ឋាភិបាល​កាត់​ដី​ទំហំ៦០០ហិ​កតា​ឱ្យឧក​ញ៉្ញា សេង ញ៉​ក់ និង​លោកជំទាវ លី អា​ផណ ធ្វើជា​កម្ម​សិទ្ធ។ ប៉ុន្តែ​ពេល​សួរ​ថា ហេតុអ្វីបានជា​រដ្ឋ​ផ្តល់​ដី​កម្មសិទ្ធិ​ក្នុង​ចំនួន​ច្រើន​ដល់​ឧកញ៉ា​ទាំងនោះ​ លោក វេង សា​ខុន បាន​បង្វែរឱ្យ​ទៅ​សួរ​លោក អ៊ុង សំអាត រដ្ឋលេខាធិការ​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ​វិញ ប៉ុន្តែ​លោក អ៊ុង សំអាត ប្រាប់​ថា រវល់​ប្រជុំ​នៅ​ខេត្ត​មិន​អាច​និយាយ​បាន។

តំណាង​សហគមន៍​ដីធ្លី​ប្រចាំ​ខេត្ត​ព្រះសីហនុ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC​) លោក ស៊ុន សុផាត មានប្រសាសន៍​ថា ករណី​រដ្ឋាភិបាល​កាត់​ដី​តំបន់​ការពារ​ឱ្យឧកញ៉ា​ធ្វើ​ជាកម្មសិទ្ធិ​នេះ គឺ​ពុំ​មានតម្លាភាព​រវាង​ពលរដ្ឋ​ក្រីក្រនិង​អ្នកមាន​លុយ​មានអំណាច​នោះ​ទេ។

លោក ស៊ុន សុផាត ឱ្យដឹង​ថា កន្លងមក ​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​រាមនិង​ឃុំ​បិតត្រាំង ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប គំរាមកំហែង និង​ចោទប្រ​កាន់​ថា រំលោភ​យក​ដី​គម្រប​ព្រៃឈើ ខណៈ​ពួក​ឧកញ៉ានិង​អ្នកមាន​លុយ​មានអំណាច ​មិន​ត្រូវ​បាន​ចាត់វិធានការ​ឡើយ។

លោក​បន្ថែម​ថា៖ «ភាគច្រើន​យើង​ឃើញ​តែ​ឧកញ៉ានិង​អ្នកធំ​មួយចំនួន​ដែល​បាន​ចូលកាន់​កាប់ដី​រដ្ឋ​ហ្នឹង​ ទទួល​បានការ​ដោះស្រាយនិង​សម្បទាន​ពីរ​ដ្ឋ ប៉ុន្តែ​ភាគច្រើន​ពលរដ្ឋ​ក្រីក្រ ​គឺ​ពួក​គាត់​មិន​ទទួល​បាន​ដីសម្បទាន​ដី​ពីរ​ដ្ឋ​ទេ»។

កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពលរដ្ឋ២នាក់ ក្រោម​ការចោទប្រកាន់​ថា ពួក​គេ​បាន​ចូល​ទន្រ្ទាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ការពារ​ខាង​ឡើង​នេះ។ អាជ្ញាធរ​ដែនដី​ក៏បាន​ព្រមាន​ចាត់វិធានការ​តឹង​រឹង​លើ​អ្នក​ដែល​ទន្ទ្រាន​យក​ដី​រដ្ឋ​នៅ​តំបន់​នោះ​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ