លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំទោសមន្ត្រីរាជការទុកជាមុនចំពោះការមិនអាចដំឡើងប្រាក់ខែឱ្យបាននៅឆ្នាំក្រោយនេះ ព្រោះសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកបានប្រាប់ក្រសួងសេដ្ឋកិច្ចឱ្យផ្អាកដំឡើងប្រាក់ខែដល់មន្ត្រីរាជការនៅឆ្នាំ២០២១។
លោក ហ៊ុន សែន ថា៖ «អូន ព័ន្ធមុនីរ័ត្ន គ្រោងដំឡើងប្រាក់ខែ ប៉ុន្តែខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន ថា ប្រាក់ខែឆ្នាំ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សូមផ្អាកការដំឡើងក្នុងឆ្នាំ២០២១។ អ៊ីចឹងសុំទោសទុកឱ្យហើយ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ រក្សាទុកនៅប្រាក់បៀវត្សដដែល តែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំនិងភ្ជុំ អាហ្នឹងគឺនៅឱ្យ»។
ដោយឡែក សម្រាប់អតីតយុទ្ធជននិងនិវត្តជនដែលចូលនិវត្តន៍មុនៗនោះ លោក ហ៊ុន សែន ថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ១០លានដុល្លារក្នុង១ឆ្នាំ សម្រាប់ដំឡើងប្រាក់ឱ្យអ្នកចូលនិវត្តន៍មុន ឱ្យប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍ក្រោយៗ។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា លោក ទឹម ម៉ាឡៃ ស្នើទៅរដ្ឋាភិបាលឱ្យទប់ស្កាត់ការដំឡើងថ្លៃទំនិញនិងធ្វើការគាំពារដល់មន្ត្រីរាជការ ប្រសិនបើប្រាក់ខែរបស់ពួកគាត់មិនត្រូវបានដំឡើងនោះ។
លោកថា៖ «បើសិនជាគាត់មិនដំឡើងប្រាក់ខែទេ ប៉ុន្តែលុយហ្នឹងអាចប្រើប្រាស់បាននៅក្នុងការទិញទំនិញ អាចបានច្រើនជាងលុយកាក់ដែលគាត់មានដូចដំឡើងដែរ។ ទី២ តម្លៃផលិតផលឬក៏អីហ្នឹង ត្រូវបានគាំទ្រនិងការពារពីរដ្ឋាភិបាល ដើម្បីឱ្យប្រាកដថា រដ្ឋាភិបាលមិនឱ្យអតិផរណាឡើង»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី សម្ដែងការខកចិត្តចំពោះរដ្ឋាភិបាលដែលមិនដំឡើងប្រាក់ខែដល់មន្ត្រីរាជការ ខណៈកន្លងមក រដ្ឋាភិបាលប្រកាសថា កម្ពុជាប្រមូលពន្ធបានលើសពីការរំពឹងទុកក្នុងឆ្នាំ២០១៩ ហើយក៏មានមាសនិងប្រាក់រាប់ពាន់លានដុល្លារសម្រាប់បម្រុងទុកផងដែរ។ លោកស្រីបន្តថា ជីវភាពគ្រូបង្រៀនកំពុងជួបការលំបាក។
អ្នកស្រីថា៖ «ប៉ះពាល់នូវជីវភាពរស់នៅរបស់គាត់ ជាពិសេសការទ្រទ្រង់សុខភាព ក៏ដូចជាការចិញ្ចឹមកូនដើម្បីឱ្យបន្តការសិក្សាទៅថ្នាក់បរិញ្ញាឬអនុបណ្ឌិត។ អ្នកគ្រូលោកគ្រូយើងនៅពេលសេដ្ឋកិច្ចគាត់ធ្លាក់ចុះ ធ្វើឱ្យកូនគាត់ខ្លួនឯង ពេលខ្លះក៏មិនបានរៀនបន្តទៀតដែរ»។
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនរស់ចាំតែជំនួយគ្រប់យ៉ាងពីបរទេសទៀតនោះទេ ដោយថា កម្ពុជាសល់មាស៣០តោន ប្រាក់បម្រុង១៥ពាន់លានដុល្លារ និងចំណូលពន្ធបានលើសពីការរំពឹងទុកផងដែរ។
ក្រោយពីរកឃើញអ្នកឆ្លងកូវីដ១៩នៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដែរថា រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិការដ្ឋជួយដល់សេដ្ឋកិច្ចជាតិអំឡុងវិបត្តិសកលនេះ ចន្លោះពី ៨០០លានដុល្លារ ដល់ ២០០០លានដុល្លារសហរដ្ឋអាមេរិក។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី និយាយថា ការមិនដំឡើងប្រាក់ខែវាជាក្ដីបារម្ភមួយ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមិនមានប្រាក់បើកឱ្យមន្ត្រីរាជការទៀត ជារឿងធ្ងន់ធ្ងរថែមទៀត។ លោកផ្ដល់យោបល់ឱ្យរដ្ឋាភិបាលទប់ស្កាត់កុំឱ្យប្រាក់រៀលធ្លាក់ចុះ និងកុំឱ្យទំនិញទីផ្សារឡើងថ្លៃផងដែរ។
លោកថា៖ «បើសិនជារដ្ឋាភិបាលទប់អតិផរណាលុយរៀលឱ្យបានមានលំនឹង បើមិនបានលំនឹងទេ ទំនិញនឹងឡើងថ្លៃកាន់តែខ្លាំងឡើង អាហ្នឹងមន្ត្រីរាជការនឹងជួបប្រទះការលំបាកជាមួយប្រាក់ខែដែលគាត់ទទួល ហើយនិងការចំណាយប្រចាំថ្ងៃ។ បើយើងមើលទៅប្រាក់ខែហ្នឹង នៅក្នុងកម្រិតមួយគ្រាន់តែជាការទប់ទល់ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ៊ីចឹងដៃម្ខាងទប់មិនដំឡើងប្រាក់ខែ តែដៃម្ខាងទៀតមិនបានពិនិត្យអតិផរណាទេ ហើយធ្វើឱ្យទំនិញឡើងថៃ្ល នឹងមានវិបត្តិមួយកាន់តែមានភាពស្មុគស្មាញមកដល់រដ្ឋាភិបាល»។
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា ប្រាប់វីអូឌីថ្ងៃនេះថា បច្ចុប្បន្នមន្ត្រីរាជការមានចំនួនជាង៤០ម៉ឺននាក់ ក្នុងនោះមន្ត្រីប្រដាប់អាវុធប្រមាណ១៧ម៉ឺននាក់ មន្ត្រីរាជការស៊ីវិលប្រមាណ២១ម៉ឺននាក់ និងមន្ត្រីក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មានចំនួនជិត១០ម៉ឺននាក់៕