ក្រសួង​សុខា​ភិបាល​​អំពាវនាវ​​ឱ្យ​ពង្រឹង​​ការ​​រក្សា​ខ្លួន​​នៅ​​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ​​

មន្ត្រីក្រសួងការងាររង់ចាំនៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យជម្ពូវ័ន ក្នុងថ្ងៃអនុវត្តចត្តាឡីស័កលើកម្មករ-កម្មការិនី ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ទូទៅនិង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យពង្រឹង​ការ​ធ្វើ​ចត្តាឡីស័​កឬការ​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​តាម​ផ្ទះសម្បែងនិង​តាម​មណ្ឌល​ចត្តាឡីស័​កនានា ដោយ​ថា ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ទៅ​ក្នុង​សហគមន៍។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​លើកឡើង​ថា កម្ពុជា​នៅតែ​ប្រឈមមុខនឹង​ការ​ចម្លង​វីរុស​កូ​វីដ១៩គ្រប់ពេលវេលា​នៅឡើយ។

ក្រសួង​បញ្ជាក់​ថា ស្ថានភាព​បែបនេះ តម្រូវឱ្យ​ពលរដ្ឋ​អនុវត្ត​តាម​វិធាន​ការ​ចត្តាឡីស័​ករយៈពេល​១៤ថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​ត្រូវ​ចូលរួម​គ្រប់គ្រង​ឱ្យបាន​ម៉ឺងម៉ាត់។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឱ្យពង្រឹង​ការអនុវត្ត​វិធាន​ការ​ចត្តាឡីស័​កបែបនេះ បន្ទាប់ពី​មនុស្ស​មួយចំនួនបាន​គេច​ចេញពី​កន្លែង​ស្នាក់នៅ​ដាច់ដោយឡែក​ជាបន្តបន្ទាប់​អំឡុង​ពេល​ពួក​គេ​ធ្វើ​ចត្តាឡីស័​ក។

ស្ត្រី​សញ្ជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ អាយុ៣៦ឆ្នាំ បាន​រត់គេច​ចេញពី​មណ្ឌល​ចត្តាឡីស័​កនៅ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី១៧ ខែកក្កដា មុននឹង​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃបន្ទាប់។

១៦ថ្ងៃបន្ទាប់​មក​ទៀត បុរស​កម្ពុជា២នាក់ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី បាន​រត់គេច​ចេញពី​មណ្ឌល​ចត្តាឡីស័​កស្ថិតនៅ​ក្នុង​ខេត្តព្រៃវែង ហើយ​ត្រូវ​បាន​រក​ឃើញ​វិញ​នៅ​មួយថ្ងៃ​បន្ទាប់។

១៣ថ្ងៃបន្ទាប់​មក​ទៀត ស្ត្រីជន​ជាតិ​វៀតណាម​ អាយុ៣៧ឆ្នាំ និង​កូនប្រុស​អាយុ១៣ឆ្នាំ ដែល​ទើ​បវិល​ត្រឡប់​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​វិញ​នោះ បាន​រត់គេច​ចេញពី​មណ្ឌល​ចត្តាឡីស័​ក ស្ថិត​ក្នុងស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ហើយ​ត្រូវ​បាន​រក​ឃើញ​ឡើងវិញ​នៅ​ឯផ្ទះ​របស់​ពួក​គេ ​ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​សែប ស្ថិត​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

កាលពី​ថ្ងៃទី៩ ខែកញ្ញា​កន្លងមក​នេះ បុរស​ជនជាតិ​ចិន២នាក់ក៏បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កផង​ដែរ ក្រោយពី​ពួក​គេ​មាន​ទំនាស់​ជាមួយ​ក្រុម​ជនជាតិ​ចិន​ដូចគ្នា​អំឡុង​ពេល​រង់ចាំ​លទ្ធផល​តេ​ស្ត​សំណាក​នៅ​ឯសណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

បុរស​ជនជាតិ​ហុងគ្រី ​អាយុ៧០ឆ្នាំ បាន​រត់គេច​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី២៥ ខែកញ្ញា​កន្លងមក​នេះ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃបន្ទាប់។

គិត​ត្រឹម​ថ្ងៃនេះ មនុស្ស២៨០នាក់​ហើយត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ចុងខែ​មករា​មក ប៉ុន្តែក្រសួងសុខាភិបាល​បាន​ប្រកាស​ថា អ្នកជំងឺ២៨៦នាក់​ហើយត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ខណៈ​មនុស្ស៤នាក់​ទៀតកំពុង​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ