គ.ជ.ប.ថា ​ពលរដ្ឋ​​ជាង​៨​​ម៉ឺន​​នាក់​​ទៅ​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​៦​ថ្ងៃ​​កន្លង​មក​​នេះ​

ពលរដ្ឋមកពិនិត្យមើលឈ្មោះបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ កាលពីឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.​ បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ជាង​ ៨ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅក្នុង​រយៈពេល៦ថ្ងៃ​កន្លងមក​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ គ.ជ.ប.​ បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ថ្មី​ចំនួន១៨ ៣៥៥នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​នៅថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​ឈ្មោះ​ពលរដ្ឋ​ដល់ទៅ២៨ ៧៣៥នាក់ ត្រូវ​បាន​លុបចេញ​ពី​បញ្ជី​បោះឆ្នោត។

គ.ជ.ប​. ក៏បាន​ប្រកាស​ផង​ដែរ​ថា ប្រជាពលរដ្ឋ២៤ ៧១១នាក់ បាន​កែប្រែ​ទិន្នន័យ​របស់​ពួក​គេ​នៅក្នុង​បញ្ជី​បោះឆ្នោត ហើយ​ពលរដ្ឋ២៤ ៤១៦នាក់​ទៀត បាន​ផ្ទេរ​ឈ្មោះ​របស់​ពួក​គេ​ទៅកាន់​ឃុំឬសង្កាត់​ថ្មីកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែរ។

គ.ជ.ប​ បាន​ចាប់ផ្ដើម​ពិនិត្យនិង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៩ ខែតុលា​នេះ។តួលេខ​ចេញ​ដោយ​ គ.ជ.ប​ បង្ហាញថា ពលរដ្ឋ​ដល់ទៅ​ជាង៣សែន​នាក់ ត្រូវ​គ្រប់​អាយុ១៨ឆ្នាំ និង​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឆ្នាំ២០២០នេះ។

ក្នុង​រយៈ​ពេល ៦​ថ្ងៃ​កន្លង​មក​នេះ គ.ជ.ប. បាន​ប្រកាស​ថា បាន​ចុះ​ឈ្មោះ​ពលរដ្ឋ​ទើប​គ្រប់​អាយុ​បោះឆ្នោត​ចំនួន​ ៨៦,៩៤៦​នាក់​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

ប្រជាពលរដ្ឋ​ជាង៨លាន៦២ម៉ឺន​នាក់ ត្រូវ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៩​កន្លង​មក ខណៈ​ពលរដ្ឋ​កម្ពុជា​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង មាន​ចំនួន​ជាង១០លាន​៣៨ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​៕

សេចក្ដី​កែតម្រូវ៖ សារព័ត៌មាន​វីអូឌី​សូម​កែ​តម្រូវខ្លឹមសារ​ក្នុង​អត្ថបទ​នេះ ដែល​បាន​ចុះ​ផ្សាយ​ថា គ.ជ.ប. បាន​ចុះ​ឈ្មោះ​ពលរដ្ឋ​ថ្មី​ជិត ២​ម៉ឺន​នាក់​ក្នុង​បញ្ជី​បោះ​ឆ្នោត​រយៈពេល ៦​ថ្ងៃ​កន្លង​មក​នេះ។ មន្ត្រី គ.ជ.ប. បាន​បញ្ជាក់​ថា រយៈពេល ៦​ថ្ងៃ​កន្លង​មក​នេះ គ.ជ.ប. បាន​ចុះ​ឈ្មោះ​ពលរដ្ឋ​ថ្មីជាង ៨​ម៉ឺន​នាក់​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ