គ្រូ​​និង​​បុគ្គលិក​​សាលា​​ចំនួន​១៣​នាក់​​នៅ​​ថៃ​​ប្រឈម​​ជាប់​ទោស​

សកម្មភាពគ្រូនិងបុគ្គលិកសាលា Sarasas Witaed Ratchaphruek School បង្ការនិងការពារពីកូវីដ១៩ កាលពីខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Sarasas Witaed Ratchaphruek School)

​គ្រូបង្រៀននិង​ជំនួយការ​គ្រូ​ចំនួន១៣នាក់​នៅ​សាលារៀន​ឯកជន​មួយ​នៅក្នុង​ប្រទេស​ថៃ ប្រឈម​ជាប់ទោស ដោយ​រង​ការចោទប្រកាន់​ថា បាន​ប្រើ​ហិង្សានិង​បំពាន​សិទ្ធិ​កុមារ។

លោក​ឧត្តមសេនីយ៍​ទោ អាំ​ភុល ​បួ​រ៉ា​ផន ទទួលបន្ទុក​លើ​ករណីនេះ បាន​និយាយ​ថា សាលារៀន​ឯកជន​ដែល​បង្រៀន​កុមារ​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី៦ឈ្មោះ សារ៉ា​ ចំនួន១០ទីតាំង បាន​ជាប់ពាក់ព័ន្ធ​ពី​ការចោទប្រកាន់​ថា បាន​ប្រើ​អំពើ​ហិង្សាដោយ​ផ្ទាល់និង​ប្រយោល​ដល់​កុមារ​ចំនួន៨៤នាក់។

កាលពី​ថ្ងៃទី០៦ ខែតុលា គ្រូបង្រៀននិង​ជំនួយការ​ចំនួន១៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​យក​ទៅ​សាកសួរ ​ហើយ​ក្រោយមក​ត្រូវ​បាន​ដោះលែង​ដោយ​តុលាការ​ខេ​ត្ត​ណុន​ថា​បូរី​ បន្ទាប់ពី​មានការ​បង់ប្រាក់​ធានា​ចំនួន៨០០០បាត​ ស្មើ២៥០ដុល្លារ។

យោង​តាម​ប្រភព​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍​ទោ អាំ​ភុល ថ្លែង​ថា លោក​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បន្ត​ការស្រាវជ្រាវ​លើ​ករណីនេះ ដើម្បី​ធានា​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ទទួល​បាន​យុត្តិធម៌។

សាធារណជន មាតាបិតា និង​អាណាព្យាបាលសិស្ស បាន​ខឹង​សម្បា​ចំពោះ​ករណីនេះ ហើយ​ពួក​គេ​ទាមទារ​ឱ្យ​បិទ​សាលា ចំពោះ​ការប្រើ​ហិង្សា​លើ​សិស្សនិងការ​បណ្តោយ​ឱ្យ​អ្នក​មិន​មានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​បង្រៀន​សិស្ស។

ឪពុក​ម្តាយ​របស់​សិស្ស​ម្នាក់​ដែល​រាយការណ៍​ករណីនេះ​ទៅ​សមត្ថកិច្ច​ ធ្លាប់​រង​ការព្រមាន​ពី​គ្រូបង្រៀន​ថា អាច​នឹង​ប្តឹង​ទៅ​តុលាការ​ទាមទារ​លុយ​ពី​ឪពុក​ម្តាយ​សិស្ស​នោះ​ចំនួន៥លាន​បាត​ដែល​ស្មើនឹង១ម៉ឺន៦ពាន់​ដុល្លារ។

ក្រុមប្រឹក្សា​គ្រូបង្រៀន​ថៃ បាន​ដាក់ពាក្យ​ប្តឹង​ករណីនេះ​ទៅ​តុលាការ​រួចហើយ ពាក់ព័ន្ធ​ករណី​អនុញ្ញាត​ឱ្យ​អ្នក​ដែល​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​បង្រៀន​សិស្ស។

ករណី​ប្រើ​ហិង្សានិងបំពាន​លើ​សិទ្ធិ​កុមារ ត្រូវ​បាន​សាធារណជននិង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ។ នៅ​ថ្ងៃទី២១ ខែតុលា​ខាងមុខ នឹង​មានការ​ជួប​ប្រជុំ​គ្នា​រវាង​តំណាង ក្រសួង​អប់រំ ក្រសួង​សុខភាព​សាធារណៈ ក្រសួង​សុវត្ថិភាព​មនុស្ស​និង​អភិវឌ្ឍន៍​សង្គម ដើម្បី​ជជែកគ្នា​ពី​បញ្ហា​នៅ​សាលា​ សារ៉ា​ នេះ។​

សារ៉ា ​ជា​សាលា​ឯកជន​សហការ​អប់រំ​ជា​លក្ខណៈ​គ្រិស្ត​ បង្កើត​ឡើង​កាលពី​ឆ្នាំ២០០៩ មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​បាងកក និង​មាន​សាខា​នៅ​តាម​ខេ​ត្ត​ផ្សេង​ៗទៀត។ សាលា​នេះ​បង្រៀន​ផ្តោត​លើ​ភាសា​ថៃនិង​ភាសាអង់គ្លេស មាន​សិស្ស​ប្រមាណ២ ៩០០នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី៣ឆ្នាំទៅ១៧ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ