គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពីសំណាក់អង្គការសិទ្ធិមនុស្សមួយចំនួនថា មានភាពលម្អៀង គ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលដៅវាយប្រហាររដ្ឋាភិបាល ដែលអាចនាំឱ្យមានគ្រោះថ្នាក់និងអស្ថិរភាពក្នុងសង្គម។
កាលពីដើមខែនេះ ក្រុមអង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ទាមទារឱ្យដោះលែងមនុស្សជាង១០នាក់ ដែលអាជ្ញាធរបានចាប់ខ្លួននាប៉ុន្មានខែចុងក្រោយនេះ ដោយនិយាយថា ពួកគេគ្មានកំហុសទេ។
ក្រុមអង្គការទាំងនោះបានលើកឡើងថា អាជ្ញាធរបានប្រើបទចោទ «ញុះញង់» ដើម្បីបំបិទសិទ្ធិបញ្ចេញមតិ ដែលសិទ្ធិនេះមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់អន្តរជាតិផ្សេងទៀត ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធម្សិលមិញ ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់ ក្នុងការលើកស្ទួយប្រជាធិបតេយ្យនិងនីតិរដ្ឋ»។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការទាំងនោះ ថាមានភាពលម្អៀង គ្មានមូលដ្ឋានច្បាប់ មាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល និងមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជា ដែលអាចនឹងនាំឱ្យគ្រោះថ្នាក់និងអស្ថិរភាពសង្គម។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ជាទម្លាប់ទៅហើយដែលសកម្មជនអតីតបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង តែងតែធ្វើការសន្និដ្ឋាននិងចោទប្រកាន់ការអនុវត្តច្បាប់របស់អាជ្ញាធរថា ជាការរំលោភសិទ្ធិមនុស្ស ដោយមិនពិចារណាទៅលើទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើសដែលនាំឱ្យមានការចោទប្រកាន់តាមផ្លូវតុលាការនោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានព្រមានថា៖ «គ្រប់អង្គការសង្គមស៊ីវិលទាំងអស់ ទាំងជាតិនិងអន្តរជាតិ ដែលធ្វើសកម្មភាពនៅកម្ពុជា ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវអធិបតេយ្យភាពនិងបញ្ញតិ្តច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ហើយក្នុងករណីដែលមានមូលដ្ឋានច្បាស់លាស់បញ្ជាក់ពីសកម្មភាពមិនប្រក្រតីដែលជាការបំពានច្បាប់ នោះសមត្ថកិច្ចមានសិទ្ធិធ្វើការត្រួតពិនិត្យបានគ្រប់ពេល ដើម្បីធានាបាននូវការអនុវត្តច្បាប់មួយដែលមានប្រសិទ្ធភាពនៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ»។
នាយករងអង្គការលីកាដូដែលឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត និយាយថា ការដែលក្រុមសង្គមស៊ីវិលរួមគ្នាទាមទារឱ្យកម្ពុជាស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ ដោយសារតែសង្គមស៊ីវិលមើលឃើញថា ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន កំពុងជំរុញកម្ពុជាឱ្យខាតបង់ ដូចដែលសហគមន៍អឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយជាដើម។
លោកថា៖ «បើសិនជាយើងរុញច្រាន បដិសេធមិនទទួលយក វាមិនមានផលចំណេញអីដល់កម្ពុជាទេ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា បញ្ហាសិទ្ធិមនុស្សរបស់កម្ពុជា បានឈានទៅដល់កម្រិតអន្តរជាតិហើយ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកយកបញ្ហាសិទ្ធិមនុស្សទៅជជែកក្នុងកិច្ចប្រជុំក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។ លោកបន្តថា បញ្ហានេះ រដ្ឋាភិបាលគួរតែប្រឹងប្រែងកែស្ថានការណ៍ឡើងវិញ ជាជាងការបដិសេធទទួលស្គាល់និងលាក់បាំងស្ថានការណ៍ជាក់ស្តែង។
លោកថា៖ «អ៊ីចឹងមានតែកម្ពុជាប្រឹងកែតម្រូវស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពប្រជាធិបតេយ្យឡើងវិញទេ ដែលអាចស្តារមុខមាត់កម្ពុជាបាន បើសិនជាមិនអ៊ីចឹងទេ កម្ពុជាមានបញ្ហាប្រឈម៣ដែលបច្ចុប្បន្នយើងជួបប្រទះ»។
បញ្ហាទាំង៣ដែលលោក មឿន តុលា បានលើកឡើងថាកម្ពុជាកំពុងជួបប្រទះនោះ រួមមាន វិបត្តិជំងឺកូវីដ១៩ ការកាត់ផ្តាច់ EBA របស់សហភាពអឺរ៉ុប និងករណីដែលសហភាពអឺរ៉ុបទាមទារឱ្យដាក់កម្ពុជាក្នុងប្រទេសឃ្លាំមើលការលាងលុយខុសច្បាប់ ឬហៅថា ប្រទេសក្នុងបញ្ជីខ្មៅផ្នែកហិរញ្ញវត្ថុ។
អ្នកឃ្លាំមើលបញ្ហាសង្គម លោកបណ្ឌិត សេង សារី និយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាល ហាក់បង្ហាញពីការព្រួយបារម្ភពីរឿងការគ្រប់គ្រងអំណាច ដោយសារតែការវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្សរបស់សង្គមស៊ីវិល ហាក់មានភាពដូចគ្នាទៅនឹងការវាយតម្លៃសិទ្ធិមនុស្សរបស់សហគមន៍អឺរ៉ុប ដែលនាំឱ្យឈានដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នាពេលកន្លងមក។
លោកថា៖ «ខ្ញុំមើលទៅ គាត់មិនបារម្ភពីរឿងសិទ្ធិអីហ្នឹងទេ គាត់បារម្ភរឿងការរក្សាអំណាច គាត់បារម្ភរឿងដួលរលំរដ្ឋាភិបាលឯណោះទេ »។
កាលពីដើមខែតុលានេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) បានថ្លែងបង្ហាញរបាយការណ៍ស្ថានភាពសិទ្ធិមនុស្សកម្ពុជា ទៅកាន់អង្គប្រជុំដាច់ដោយឡែកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះ ខណៈដែលសិទ្ធិនយោបាយមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្តថា សមាជិកសង្គមស៊ីវិល រួមមាន អ្នកការពារសិទ្ធិមនុស្ស សហជីព និងសកម្មជនបរិស្ថាន បន្តរាយការណ៍ថា ពួកគេស្ថិតក្រោមការជ្រៀតជ្រែក គំរាមកំហែង និងយាយីពីសំណាក់អាជ្ញាធរ។ អ្នកស្រី រ៉ូណា ស្មីត បញ្ជាក់ផងដែរថា របាយការណ៍របស់អ្នកស្រីបានគ្របដណ្ដប់ទៅលើសិទ្ធិជាច្រើន ដែលរដ្ឋាភិបាលកម្ពុជាអាចពិនិត្យមើលរបាយការណ៍នោះបាន ហើយអ្នកស្រីនឹងបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍បន្ថែមទៀតលើបញ្ហានេះ៕