កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ម្នាក់​ទៀត​​ជា​​បុ​រស​​ឥណ្ឌូ​​នេ​ស៊ី​

ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ម្នាក់ទៀត​នៅ​ថ្ងៃនេះ ដែល​នាំឱ្យចំនួន​ករណី​ឆ្លង​សរុប​កើនឡើង​ដល់២៨១ករណី​នៅ​ទូទាំង​ប្រទេស។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ព្រឹក​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បុ​រស​ឥណ្ឌូ​នេ​ស៊ី​ វ័យ២៦ឆ្នាំ ដែល​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​នោះ ត្រូវ​បាន​ធ្វើតេស្តនិង​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ១៩កាលពី​ថ្ងៃម្សិលមិញ​នេះ។

ក្រសួង​បញ្ជាក់​បន្ថែម​ថា បុ​រស​ឥណ្ឌូ​នេ​ស៊ី​រូប​នេះបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ឆ្លងកាត់​សិង្ហបុរី​មុននឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី៦ ខែតុលា ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់ឱ្យស្ថិត​ក្រោម​ការ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

បើ​តាម​ក្រសួងសុខាភិបាល បុ​រស​ឥណ្ឌូ​នេ​ស៊ី​រូប​នេះបាន​ធ្វើដំណើរ​តាម​ជើងហោះហើរ​មួយ​ជាមួយ​អ្នកដំណើរ១១២នាក់​ផ្សេងទៀតដែល​ត្រូវ​បាន​ធ្វើតេស្ត​ផង​ដែរ ហើយ​រក​មិនឃើញ​ថា​ឆ្លង​វីរុស​កូ​វីដ១៩ទេ។

ក្រសួង​និយាយ​ថា អ្នកដំណើរ១១២នាក់​នោះត្រូវ​បាន​បែង​ចែកឱ្យស្នាក់នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​នៅ​តាម​មណ្ឌល​ចត្តាឡីស័​កនានា​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ ៤៩នាក់​ស្នាក់នៅ​ដាច់ដោយឡែក​ក្នុង​មណ្ឌល​វិទ្យាល័យ​បុរី១០០ខ្នង ហើយ​អ្នក​ដំណើ​រដទៃទៀតត្រូវ​បាន​ដាក់ឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក​នៅ​តាម​សណ្ឋាគារ​ចំនួន៤ក្នុង​រាជធានី​ភ្នំពេញ។

ចំណែក​អ្នកដំណើរ​ម្នាក់ទៀត ក្រសួងសុខាភិបាល​បញ្ជាក់​ថា ត្រូវ​បាន​ដាក់ឱ្យស្ថិតនៅ​ដាច់ដោយឡែក​នៅក្នុង​ស្ថានទូត​សិង្ហបុរី។

គិត​ត្រឹម​ថ្ងៃនេះ មនុស្ស២៨១នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩នៅ​ទូទាំង​ប្រទេស ហើយ​ក្រសួងសុខាភិបាល​ប្រកាស​ថា អ្នកជំងឺ​កូ​វីដ១៩ដល់ទៅ២៧៦នាក់​ហើយត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ទាំងស្រុង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ