នាយក​​រដ្ឋ​មន្ត្រី​៖​ កម្ពុជា​​ប្ដេជ្ញា​​ចូល​រួម​​ដោះ​ស្រាយ​​បញ្ហា​​ប្រែ​ប្រួល​​អាកាស​ធាតុ​

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ (ហង់ សុខហុង)

​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើង​ថា ការប្រែប្រួល​អាកាសធាតុជា​បញ្ហា​ប្រទាក់​ក្រឡា​គ្នា ដែល​ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​គ្រប់ជ្រុងជ្រោយនិង​មាន​តុល្យភាព ហើយ​កម្ពុជា ប្តេជ្ញា​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុដោយ​ផ្អែកលើ​សមត្ថភាព​និង​ធនធាន​ដែល​មាន។

ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅ​វិមាន​សន្តិភាព។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​តាមរយៈ​សុន្ទរកថា​របស់​លោក​ថា ដូចគ្នា​ទៅ​នឹង​ជំងឺ​កូ​វីដ១៩ ការប្រែប្រួល​អាកាសធាតុជា​បញ្ហា​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយទៀត ដែល​នឹង​បង្ក​ផលវិបាកនិង​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ទៅលើ​សង្គម សេដ្ឋកិច្ច និង​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក។

លោក​បន្ត​ថា ក្នុង​បរិបទ​នេះ ទោះបីជា​ថ្នាក់ដឹកនាំ​ប្រទេស​នានា​លើ​ពិភពលោក មានការ​ចាំបាច់ក្នុង​ការ​បង្វែរ​ទិសដៅ​អាទិភាព​នយោបាយនិង​ធនធាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​គួរ​ផ្តល់​អាទិភាពនិង​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​នៃ​ការ​អន​វុត្ត​វិធានការ​ដោះស្រាយនិង​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​របៀប​វារៈ​ស្នូល​មួយសម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ប្រកបដោយ​ចីរភាព។

លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា៖ «នៅក្នុង​កម្រិត​សកល ខ្ញុំ​យល់ឃើញ​ថា ការប្រែប្រួល​អាកាសធាតុគឺជា​បញ្ហា​ប្រទាក់​ក្រឡា​គ្នា ដែល​ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​គ្រប់ជ្រុងជ្រោយនិង​មាន​តុល្យភាព ទាំង​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​…ខ្ញុំ​យល់ថា យើង​ត្រូវ​បង្កើន​ធន​ធាន​ហរិ​ញ្ញ​វត្ថុ ជាពិសេស ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​ការ​បន្សាំ ជាដុំកំភួន ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​សន្យា​កន្លងមក និង​ផ្ទេរ​បច្ចេកវិទ្យា​ជូន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​ក្ដី ប៉ុន្តែ​កម្ពុជា​ចង់​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្អែកលើ​សមត្ថភាពនិង​ធនធានដែល​មាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ