កម្ពុជា​​គ្រោង​​បើក​​ការដ្ឋាន​​សាង​សង់​ស្ពាន​​ត​ភ្ជាប់​​ពី​​កោះ​​ពេជ្រ​​ទៅ​​កោះ​​នរា​​នៅ​​ចុង​ខែ​​នេះ​

ទិដ្ឋភាពក្នុងថ្ងៃសម្ពោធដាក់អោយដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

​ប្រមុខ​រដ្ឋាភិបាលគ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​មួយ​ខ្សែ ដែល​តភ្ជាប់​ពី​មជ្ឈមណ្ឌល​កោះ​ពេជ្រទៅ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ចុងខែ​នេះ ខណៈ​ស្ពាន​ថ្មីនេះ នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស ព្រីនស៍ ម៉ា​ណ័រ កាលពី​ថ្ងៃម្សិលមិញ​ថា កម្ពុជា​នៅតែ​អភិវឌ្ឍ​ទៅមុខ បើ​ទោះបីជា​មាន​ឧបសគ្គ​ខ្លះ​ក៏ដោយ។

លោក​បន្ត​ថា៖ «ថ្ងៃទី២៦ ​[ខែតុលា​] នេះ ខ្ញុំ​ទៅ​បើក​ការដ្ឋាន​ទៀត បើក​ការដ្ឋាន​កសាង​ស្ពាន តភ្ជាប់​កោះ​ពេជ្រ​ជាមួយ​កោះ​នរា»។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន OCIC ដែល​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​របស់​គណបក្សប្រជាជន​កម្ពុជា បានឱ្យ​ដឹង​ថា ស្ពានបេតុង​ខ្សែកាបឆ្លងកាត់​ទន្លេបាសាក់ ដែល​តភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា​នេះ មាន​ប្រវែង​សរុប៨២៤ម៉ែត្រនិង​ទទឹង​ទំហំ២៤,៥ម៉ែត្រ។

របាយការណ៍​នោះ​បន្ត​ថា គម្រោង​សាងសង់​ស្ពានបេតុង​ខ្សែកាប​នេះ ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាងសង់​ដោយក្រុម​ហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC​) ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ៣៨លាន​ដុល្លារ​អាមេរិក និង​ប្រើ​ពេល​សាងសង់​រយៈពេល៣៥ខែ។ 

ប្រភព​ដដែលបាន​បន្ត​ថា ក្រៅពី​ការសាងសង់​ស្ពាន​ភ្ជាប់​ពី​កោះ​ពេជ្រទៅ​កោះ​នរា​នេះ ក្រុមហ៊ុន OCIC ក៏​គ្រោង​សាងសង់​ស្ពានបេតុង​ភ្ជាប់​ពី​គម្រោង​កោះ​នរាទៅកាន់​ផ្លូវជាតិ​លេខ១ផង​ដែរ ដែល​គម្រោង​នេះគ្រោង​ចំណាយ​ថវិកាប្រមាណ​ជាង១,៦លាន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ