មនុស្ស​​រាប់​​សិប​នាក់​​ត្រូវ​​បញ្ជូន​​ទៅ​​ធ្វើ​តេស្ត ក្រោយ​​ទាក់​ទង​​បុរស​​បារាំង​​ផ្ទុក​​កូ​វីដ​១៩​នៅ​​ខេត្ត​សៀមរាប​​

ពលរដ្ឋពាក់ម៉ាស់ដើរឆ្លងកាត់ក្លោងទ្វារច្រកចូលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

មនុស្ស​រាប់​សិប​នាក់​នៅ​ខេត្តសៀមរាប កំពុង​ធ្វើតេស្ត​រក​កូ​វីដ១៩ បន្ទាប់ពី​បុរស​ជនជាតិ​បារាំង​ម្នាក់ បាន​ចូល​ទៅ​បារនិង​ចូលរួម​កម្មវិធី​ជប់លៀង​មួយ​អំឡុង​ពេល​ត្រូវ​រក្សាខ្លួន​ឯង​ឱ្យនៅ​ដាច់ដោយឡែក មុននឹង​បុរស​នោះ​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​វីរុស​កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ នៅ​ចំ​ថ្ងៃទី១៣នៃ​ការ​រក្សាខ្លួន​ដាច់ដោយឡែក​របស់​គាត់។

បុរស​ជនជាតិ​បារាំងវ័យ២៧ឆ្នាំ​ម្នាក់ ត្រូវ​បាន​ធ្វើតេស្ត​រក​មិនឃើញ​ផ្ទុក​ជំងឺ​កូ​វីដ១៩នោះ​ឡើយ ក្រោយពេល​ធ្វើដំណើរ​ពី​ប្រទេស​បារាំង​ឆ្លងកាត់​សិង្ហបុរី​មុន​មកដល់​ភ្នំពេញ​កាលពី​ថ្ងៃទី២០ ខែកញ្ញា ប៉ុន្តែត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ផ្ទុក​វីរុស​នេះ​នៅ​ថ្ងៃសៅរ៍​សប្ដាហ៍​មុន។

សាលា​បារាំង​ខេត្តសៀមរាប និយាយ​ថា គ្រូបង្រៀន​ម្នាក់​ក្នុងចំណោម​គ្រូបង្រៀន​របស់​ខ្លួន ធ្លាប់​បាន​ទៅ​ហាង​បារ Laundry កាលពី​សប្តាហ៍​មុន ក្នុង​ពេល​តែមួយ​ជាមួយ​បុរស​នោះ​ដែរ។

សាលារៀន​បរទេស​នេះ និយាយ​បន្ត​ទៀត​ថា គ្រូបង្រៀន​ម្នាក់​នោះ មិនបាន​ប្រាស្រ័យ​ទាក់ទងនិង​និយាយ​ផ្ទាល់​ជាមួយ​គាត់​ទេ ប៉ុន្តែគាត់​កំពុង​រក្សា​គម្លាត​ពីសា​លា​ក្នុងរយៈពេល​ពីរ​សប្តាហ៍ ទុកជា​ការ​ប្រុងប្រយ័ត្ន។ គាត់​បាន​បន្ថែម​ថា បច្ចុប្បន្ន គាត់​បាន​ធ្វើតេស្ត​អវិជ្ជមាន។

ឪពុក​ម្តាយ​របស់​សិស្សានុសិស្ស ក៏​ត្រូវ​បាន​ស្នើសុំ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ ប្រសិនបើ​ពួក​គេ​គិតថា ពួក​គេ​បាន​ទាក់ទង​ជាមួយ​បុរស​នោះ។

សាលារៀន​ដដែល​នេះ​ និយាយ​ថា៖ «ខ្ញុំ​គិតថា ពួក​គេ​យល់​ពី​ស្ថានភាព​នេះ។ យើង​កំពុង​តាមដាន​យ៉ាង​ដិតដល់»។

សាលារៀន​បាន​និយាយ​ថា សាលា​បាន​ទទួលការ​អនុញ្ញាត​ឱ្យ​បើក​ជាថ្មី​នៅ​ថ្ងៃទី២ ខែកញ្ញា ដោយធ្វើ​តាម​គោលការណ៍​សុខភាព​យ៉ាង​តឹង​រ៉ឹង ហើយនិង​មិន​ចង់​បិទ​ម្តង​ទៀត​នោះ​ទេ។

ម្ចាស់ហាង Laundry Bar លោក Sylvan Pichard បាន​និយាយ​ថា លោក​ដឹង​មិន​ច្បាស់​ថា តើ​បុរស​នោះ​បាន​ចូល​បារ​របស់​គាត់ឬយ៉ាងណា​នោះ​ទេ ប៉ុន្តែលោក​និយាយ​ថា គាត់​មិន​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​ទេ។

លោក Pichard បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ រឿង​នេះ​មិនមែន​ជា​រឿង​ដែល​ត្រូវ​ភ័យខ្លាច​នោះ​ទេ។ ខ្ញុំ​មិន​គិតថា វា​ជា​បញ្ហា​នោះ​ឡើយ»។

គាត់​និយាយ​ថា៖ «គាត់​គួរតែ​ស្នាក់នៅ​ក្នុង​ផ្ទះ ប៉ុន្តែប្រសិនបើ​គាត់​ចេញទៅ​ក្រៅ​មែន គាត់​បាន​ចេញ​ហើយ វា​យឺត​ពេល​ហើយ។ លោក​បន្ថែម​ទៀត​ថា គ្មាន​អ្នកណា​ម្នាក់​ស្លាប់​នៅក្នុង​ខេត្តសៀមរាប​ទេ»។

បុរស​ជនជាតិ​បារាំងដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​នោះ ក៏​ធ្លាប់​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​នៅក្នុង​ហាង Navutu Dreams Resort និង​ហាង Wellness Retreat ដែរ កាលពី​ថ្ងៃទី២៦ ខែកញ្ញា។ នេះ​បើ​យោង​តាម​អ្នកចាត់ការ​ទូទៅ​ហាង លោក Jeremie Clement បាន​និយាយប្រាប់។

លោក Clement បាន​ប្រាប់​វី​អូ​ឌី​ថា៖ «រឿង​នេះ​ឆ្កួត​ឡប់​បន្តិច​ដែរ។ គេ​ដើរលេង​គ្រប់កន្លែង​នៅ​ទីក្រុង។ គ្រប់គ្នា​សុទ្ធតែ​បានដឹង»។

នៅ​លើ​បណ្តាញ​សង្គម មនុស្ស​មួយចំនួន​បង្ហាញ​អារម្មណ៍​តានតឹងនិង​បញ្ចេញ​មតិ​ធ្ងន់​ៗ ដោយ​អំពាវនាវ​ឱ្យ​ដាក់ទោស​បុរស​ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​វិជ្ជមាន។ ក្រៅពី​នេះ បុរស​ជនជាតិ​បារាំង​រូប​នោះ បាន​មក​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​នៅ​ខាងក្រៅ​ជាមួយ​មនុស្ស​ប្រហែល២០នាក់​ផ្សេងទៀត នៅ​ម៉ោង​ប្រមាណ១០យប់ តែ​គាត់​ចូលរួម​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ។ លោក Clement បាន​សង្កត់ធ្ងន់​ថា នៅពេល​នោះ គ្មាន​នរណា​ម្នាក់​ដឹង​ថា បុរស​នោះ​មាន​កូ​វីដ១៩នោះ​ទេ។

លោក Clement បាន​និយាយ​ថា បុគ្គលិក​ប្រហែល១០នាក់​នៅ​ហាង Navutu Dreams Resort និង Wellness Retreat រួម​ទាំង​ខ្លួន​លោក​ផ្ទាល់ ក៏​ត្រូវ​បាន​ធ្វើតេស្ត​កាលពី​ថ្ងៃអង្គារ​កន្លងទៅ ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចេញ​លទ្ធផល​អវិជ្ជមាន។

លោក​បាន​បន្ថែម​ថា យ៉ាងហោចណាស់​មាន​មនុស្ស៣០នាក់​ផ្សេងទៀត កំពុង​ស្ថិតនៅ​មណ្ឌល​រង់ចាំ​ធ្វើតេស្ត​កូ​វីដ១៩ ដោយ​ឥតគិតថ្លៃនិង​រយៈ​លឿន​បំផុត។

លោក Clement បាន​និយាយ​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ ក្រោយពី​ត្រូវ​បាន​ខូចខាត​រួចមក​ហើយ​នៅ​ឆ្នាំនេះ។ ជំងឺរាតត្បាត​កូ​វីដ១៩នេះ បាន​បង្ខំឱ្យជើងហោះហើរ​អន្តរជាតិ​ជាច្រើន​ត្រូវ​បាន​បិទ។

គាត់​និយាយ​ថា៖ «និយាយ​ដោយ​ស្មោះ យើង​មិន​ចង់​ឱ្យមានការ​ផ្សព្វផ្សាយ​មិនល្អ​ទេ។ យើង​មិន​អាច​គ្រប់គ្រង​លើ​បញ្ហា​នេះ​ទេ។ នរណា​ធ្វើដំណើរ​ជុំវិញនោះ​ ហើយដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ហើយ​សៀមរាបស្ថិត​ក្នុង​ស្ថានភាព​តឹងតែង។ គ្រប់គ្នា​បិទទ្វារ​អស់ហើយ»។

យោង​តាម​ប្រភព​ដែល​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ក្រសួងសុខាភិបាល បាន​ចាត់ទុក​យន្តការ​រក្សាខ្លួន​ដាច់ដោយឡែក​នេះ​ថា ជា​ចំណុចខ្សោយ​បំផុត​នៃ​ការ​ឆ្លើយតប​របស់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​កូ​វីដ១៩។

តាម​ប្រភព​ដដែល​នេះ បាន​ប្រាប់​វី​អូ​ឌី​ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ថា មន្ត្រី​ដែលគេ​គិតថា​មាន​តួនាទី​តាមដាន​ការ​មកដល់​ថ្មីនិង​ការ​ដាក់ឱ្យនៅ​ដាច់ដោយឡែក​នៃ​ជនបរទេសដែល​មក​ប្រទេស​កម្ពុជា​នោះ បាន​និយាយ​ថា វា​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​ខេត្ត។

ប្រភព​ដដែល​បាន​និយាយ​ថា៖ «វា​អាស្រ័យ​លើ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ត្រួតពិនិត្យ​ភាព​ដាច់ដោយឡែក​នៅផ្ទះ ហើយ​នេះ​អាច​ជា​កន្លែងដែល​ការអនុវត្ត​​អាច​មិន​ស្មើគ្នា​ អាស្រ័យ​លើ​ខេត្ត»។​

ពួក​គេ​បាន​និយាយ​ថា ការ​មកដល់​របស់​ជនបរទេស​ពិបាក​គ្រប់គ្រង ពីព្រោះ​ពួក​គេ​មាន​អាសយដ្ឋាន​មិន​ទៀងទាត់ ហើយ​ជា​រឿយ​ៗមាន​ឧបសគ្គ​ផ្នែក​ភាសា។

​ពួក​គេ​និយាយ​បន្ត​ថា អ្នក​ដែល​តេ​ស្ត​វិជ្ជមាន ជាទូទៅ​ប្រឈមមុខនឹង​មនុស្ស​ដែល​ពួក​គេ​ប្រាស្រ័យ​ទាក់ទង ដោយ​ចំនួន​មនុស្ស​ទាក់ទង​ផ្ទាល់និង​ដោយប្រយោល​ស្ថិត​ក្នុង​ចន្លោះ​ពី​ពីរបី​នាក់ទៅដល់​ជាង១០០នាក់។

ប្រភព​ដដែល​ប្រាប់​ថា អ្នក​ស្វែងរក​មនុស្ស​ធ្លាប់​ប្រាស្រ័យ​ទាក់ទង បាន​កែ​លម្អ​សមត្ថភាព​របស់​ពួក​គេ​យ៉ាង​លឿន ដើម្បី​កំណត់​ថា ពេលណា​មនុស្ស​ណា​ម្នាក់​កំពុង​និយាយ​មិន​ស្មោះត្រង់ តាមរយៈ​ការ​សួរ​សំណួរ​ម្ដង​ហើយ​ម្ដងទៀត ឬក៏​មន្ត្រី​ថ្នាក់ខ្ពស់​សួរ​ទៅកាន់​អ្នកជំងឺ។

ប្រភព​អនាមិក និយាយ​ថា៖ «យើង​មិនមែន​ជា​ប៉ូល​ិ​សទេ អ៊ីចឹង យើង​ត្រូវ​ពឹងផ្អែក​លើ​ឆន្ទៈនិង​ជំនឿ​ចិត្ត​របស់​មនុស្ស ហើយ​ត្រូវ​ប្រាកដ​ថា អ្នកជំងឺ​កូ​វីដ១៩មាន​អារម្មណ៍​ថា ត្រូវ​បាន​ពង្រឹង​ភាព​អង់អាច​ជាមួយ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន»។

ប្រភព​នេះ​បន្ថែម​ថា ការអនុវត្ត​ច្បាប់​អាច​កើតមាន ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ពាក់ព័ន្ធ។

ក្រុម​មន្ត្រី​បាន​ស្វែងរក​ទិន្នន័យ​សុខាភិបាល ក្នុង​នោះ​មាន​ប្រព័ន្ធ​តាមដាន​ជំងឺ​ផ្លូវដង្ហើម​ចាប់ពី​ចុងខែ​កញ្ញា​រហូតដល់​បច្ចុប្បន្ន ហើយ​បាន​រក​ឃើញថា គ្មាន​ការ​ចម្លង​ចូល​សហគមន៍​នៅ​កម្ពុជា​នោះ​ឡើយ។

ប្រភព​អនាមិក ប្រាប់​ថា៖ «កូ​វីដ១៩ មិនមែន​ជា​ប្រភេទ​ជំងឺ​លាក់មុខ​យូរ​ទេ អ៊ីចឹង បើសិន​យើង​មានការ​ចម្លង​ក្នុង​សហគមន៍ យើង​នឹង​រំពឹង​ថា​រក​ឃើញ»។

ក្រសួងសុខាភិបាល​បាន​និយាយ​នៅដើម​សប្ដាហ៍​នេះ​ថា បុរស​បារាំង​ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​វិជ្ជមាន​នោះ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប។

កាលពី​ថ្ងៃពុធ​ម្សិលមិញ ក្រសួង​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​ស្នើ​ក្រុម​គ្រួសារនិង​សាច់ញាតិ ឱ្យ​ជូនដំណឹង​ដល់​អាជ្ញាធរ ប្រសិនបើ​បងប្អូនឬសាច់ញាតិ​របស់​ពួកគេ​ដែល​ទើបតែ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នោះ មិនបាន​រក្សាខ្លួន​ឯង​នៅ​ដាច់ដោយឡែក។

ក្រសួង​និយាយ​ថា ការ​អំពាវនាវ​នេះ គឺ​សំដៅ ​«ពង្រឹង​ការ​ធ្វើ​ចត្តាឡីស័​កនៅផ្ទះ» និង «ការ​បង្ការ​ការ​ចម្លងជំងឺ​កូ​វីដ១៩ទៅ​ក្នុង​សហគមន៍»

ក្រសួង​និយាយ​ថា អ្នក​ដែល​ធ្វើ​ចត្តាឡីស័​កដោយខ្លួនឯង ត្រូវ​បាន​ស្នើ​ឱ្យស្នាក់នៅ​ក្នុង​បន្ទប់​ដាច់ដោយឡែក​ មាន​ខ្យល់អាកាស​ល្អ​រយៈពេល១៤ថ្ងៃ ពាក់​ម៉ាស់ និង​រក្សា​គម្លាត១ម៉ែត្រ​កន្លះ​ពី​សមាជិក​ក្រុម​គ្រួសារនិង​មនុស្សដទៃ​ទៀត។

ក្រសួង​ណែនាំ​ឱ្យពួក​គេ​ត្រួតពិនិត្យ​កម្ដៅ២ដង​ក្នុង​មួយថ្ងៃ និង​រកមើល​រោគសញ្ញា​ដូចជា ហៀរសំបោរ ពិបាក​ដកដង្ហើម ឈឺក្បាល និង​រាករូស។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័​ក ហើយ​រំលោភ​លើ​លក្ខ​ខណ្ឌ​ចត្តាឡីស័​កនេះ អាច​ត្រូវ​ផ្តន្ទា​ទោស​តាមច្បាប់​ជាមួយ​ការ​ផាកពិន័យ​ជា​លុយ​ចន្លោះ​ពី២០ម៉ឺន​ទៅ១លាន​រៀលឬចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ប្រសិនបើ​ជន​ដែល​បាន​រត់គេច​នោះ បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ១៩។

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ក៏បាន​បញ្ជូន​អ្នក​យក​ព័ត៌​មានឱ្យ​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ខ្លួន​ថា ប្រជាជន​ទាំងអស់​ដែល​មកដល់​ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​គោរព​នូវ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ពីគ្នា​រយៈពេល​ពីរ​សប្តាហ៍។

អ្នកនាំពាក្យ​ស្ថានទូត​ លោក Hugo Wavrin បាន​និយាយ​ថា៖ «តម្រូវការ​ចាំបាច់» និង «មិនមែន​ស្ម័គ្រចិត្ត​ទេ»

ចាប់តាំងពី​ខែមករា​មក កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន២៨០ករណី ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ចំនួន២៧៦ករណី និង ៤ករណី​ផ្សេងទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅឡើយ​៕


បកប្រែ​និងកែសម្រួលដោយ រស់ ពុទ្ធិណារោត្ត ពីអត្ថបទដើមជាភាសាអង់គ្លេស​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ