របាយការណ៍វាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមដោយសារជំងឺកូវីដ១៩ របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចថមថយពី៦,៥ភាគរយ ដែលបានព្យាករពីដំបូងសម្រាប់ឆ្នាំ២០២០ មកនៅ-៤,១ភាគរយ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ UNDP ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា UNDP បានពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍន៍ដទៃទៀត ដោយប្រើម៉ូដែលចំនួន៣ផ្សេងគ្នា ដើម្បីវាយតម្លៃលើផលប៉ះពាល់សង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដោយសារជំងឺរាតត្បាតកូវីដ១៩។
ម៉ូដែលចំនួន៣នោះ រួមមាន ម៉ូដែលសមតាទូទៅថេរ (CGE) ម៉ូដែលម៉ាទ្រីសគណនេយ្យសង្គម (SAM) និងម៉ូដែលវិភាគពាណិជ្ជកម្មសកល (GTAP) ដើម្បីវាស់វែងផលប៉ះពាល់និងកសាងសេណារីយ៉ូគំរូ ដែលអាចជួយបន្តកាត់បន្ថយហានិភ័យលើភាពក្រីក្រ ការងារ និងមុខរបរ ដែលកើតឡើងដោយសារជំងឺរាតត្បាតជាសកលនោះ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា លទ្ធផលនៃការវាយតម្លៃទាំងនេះ បានរកឃើញថា កំណើនសេដ្ឋកិច្ចអាចថមថយពីអត្រា៦,៥ភាគរយ ដែលព្យាករពីដំបូងសម្រាប់ឆ្នាំ២០២០ មក-៤,១ភាគរយ ហើយក្រោមសេណារីយ៉ូនេះ អត្រានៃភាពក្រីក្រអាចកើនឡើងជិត២ដង ដល់១៧,៦ភាគរយ ហើយអត្រាអ្នកអត់ការងារធ្វើអាចកើនឡើងដល់៤,៨ភាគរយ។
សេចក្តីប្រកាសព័ត៌មាន បានបន្តទៀតថា កញ្ចប់ថវិកាសម្រាប់លើកកម្ពស់សេវាគាំពារសង្គមស្មើនឹង៣,៥ភាគរយ នៃ ផ.ស.ស អាចជួយកំហិតការថយចុះ ផ.ស.ស មកនៅ-៣,៣ភាគរយ និងកាត់បន្ថយផលប៉ះពាល់មកលើភាពគ្មានការងារធ្វើត្រឹម៤,៤ភាគរយ និងភាគក្រីក្រត្រឹម១៤,២ភាគរយ ដែលកញ្ចប់ថវិកានេះ នឹងជួយការពារមនុស្សបានចំនួន៥៧០ ០០០នាក់ មិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។
លោក Nick Beresford និវេសនដ្ឋាននៃ UNDP នៅកម្ពុជា មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការប្រើប្រាស់ម៉ូដែល ដើម្បីវាយតម្លៃពីផលប៉ះពាល់សង្គមសេដ្ឋកិច្ច អាចជួយឱ្យកម្ពុជាកាន់តែយល់ដឹងពីផលប៉ះពាល់ដោយសារការរាតត្បាតជំងឺជាសកលនេះ និងរបៀបដែលអាចរៀបចំកញ្ចប់ថវិកាសម្រាប់ឆ្លើយតបសេដ្ឋកិច្ចឱ្យបានល្អបំផុត។
លោកបន្តថា៖ «ម៉ូដែលនេះ បង្ហាញឱ្យឃើញច្បាស់ថា សេវាគាំពារសង្គមគួរតែត្រូវបានចាត់ទុកថា ជាការវិនិយោគ ជាជាងជាការចំណាយ ព្រោះវាអាចជួយជំរុញកំណើនផងនិងកាត់បន្ថយភាពក្រីក្រផង»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនធ្វើការបកស្រាយលម្អិតទាក់ទិននឹងរបាយការណ៍វាយតម្លៃរបស់ UNDP នេះទេ។ ប៉ុន្តែលោកថា រដ្ឋាភិបាលនៅតែបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនិងអ្នកវិនិយោគទុននៅកម្ពុជា ជាពិសេសអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកមានប្រសាសន៍ថា៖ «យើងនៅតែបន្តចំណាយរហូតដល់សេដ្ឋកិច្ចរបស់យើងធ្វើម៉េចឱ្យរោងចក្រ សហគ្រាស អ្នករកស៊ីមិនមានបញ្ហាធំ គាត់នៅតែបន្តរកស៊ីបានតទៅទៀត ហើយគាត់រក្សាការងារឱ្យកម្មករ នេះជាគោលដៅធំរបស់យើង»។
អ្នកវិភាគសេដ្ឋកិច្ច និងជាទីប្រឹក្សាក្រុមហ៊ុន EMC លោក ង៉ែត ជូ មានប្រសាសន៍ថា ចំពោះការប្រើប្រាស់ម៉ូដែលដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមដោយសារជំងឺកូវីដ១៩ របស់អង្គការ UNDP ជាមួយស្ថាប័នរដ្ឋនេះ គ្រាន់តែជាការលើកឡើងដែលមិនទាន់ចេញជាលទ្ធផលជាក់ស្តែងនិងគួរឱ្យទុកចិត្តបាននៅឡើយ។
ករណីនេះ លោកផ្តល់ជាអនុសាសន៍ថា សេដ្ឋកិច្ចលូតលាស់ល្អបាន លុះត្រាតែមានការសហការគ្នារវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្រីក្រនិងអ្នកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នោះ ឱ្យទាន់សភាពការណ៍និងមានប្រសិទ្ធភាពខ្ពស់។
លោកបានថ្លែងថា៖ «មានតែរដ្ឋាភិបាលទេ ដែលអាចមានលទ្ធភាពជួយជ្រោមជ្រែង ដើម្បីរុញសេដ្ឋកិច្ចឱ្យដើរទៅមុខតាមរយៈការជួយវិស័យឯកជន ហើយនិងគ្រួសារដែលរងផលប៉ះពាល់[កូវីដ១៩] ដូចជា ការផ្តល់ទុនដើម្បីទប់ទល់លើអាជីវកម្ម ដូចជា ការផ្តល់ជាប្រាក់វិភាគទានដល់គ្រួសារដែលពួកគាត់ប៉ះពាល់ដល់ចំណូលជាដើម»។
គួរបញ្ជាក់ថា UNDP បានគាំទ្រដល់ការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ របស់រដ្ឋាភិបាលផងដែរ ហើយនៅចុងឆ្នាំ២០២០នេះ នឹងសាកស្បងកម្មវិធីគាំពារសង្គម ដែលតម្រូវឱ្យអ្នកទទួលផលចាកចេញនៅពេលណាមួយ ដោយផ្តល់ជាកញ្ចប់នៃធនធាន រួមជាមួយនឹងសាច់ប្រាក់ដល់ប្រជាពលរដ្ឋ ប្រមាណ៣ ០០០គ្រួសារ៕