វៀតណាម​​មាន​​អត្រា​កំណើន​​សេដ្ឋ​កិច្ច​​ខ្ពស់​​ជាង​គេ​​នៅ​​អាស៊ី​​ក្នុង​​ឆ្នាំ​២០២១

ពលរដ្ឋវៀតណាមធ្វើដំណើរតាមផ្លូវ ដោយមានពាក់ម៉ាស់ការពារពីមេរោគឆ្លងផង នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ (AFP)

​វៀតណាម​បាន​ក្លាយជា​ប្រទេស​ដែល​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​នៅ​តំបន់​អាស៊ាន​នៅ​ឆ្នាំ២០២០ ហើយ​ក្លាយជា​ប្រទេស​មាន​អត្រាកំណើន​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​នៅ​ឆ្នាំ២០២១។

ធនាគារ​សាជីវកម្ម​ហុងកុង​-សៀងហៃ ​(HSBC​) បាន​ចេញ​របាយ​កា​រណ៍​ថ្មី​ៗនេះ បង្ហាញថា បើ​ទោះជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​ប្រឈម​ដោយសារ​មេរោគ​កូ​វីដ១៩ តែ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០នេះ សេដ្ឋកិច្ច​វៀតណាម​នៅតែ​រក្សា​អត្រាកំណើន​បាន​ចំនួន១,៨ភាគរយ។ បើ​គិត​លទ្ធផល​ជា​រួម​នៅ​ឆ្នាំ២០២០ វៀតណាមនឹង​មាន​អត្រាកំណើត​សេដ្ឋកិច្ច​ដល់២,៦ភាគរយ ដែល​ចំនួន​នេះ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន។

របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​ឆ្នាំ២០២១ វៀតណាមនឹង​ទទួល​បាន​អត្រាកំណើន​សេដ្ឋកិច្ច ចំនួន៨,១ភាគរយ ដែល​ចំនួន​នេះ​ខ្ពស់​ជាងគេ​បើ​ប្រៀបធៀប​ជាមួយ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេង​ៗទៀត​នៅ​តំបន់​អាស៊ី។

រដ្ឋា​ភិបាល​របស់​ប្រទេស​វៀតណាម​ក៏បាន​ខិតខំ​ក្នុង​ការទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដើម្បី​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការចូលរួម​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង។

ធនាគារ HSBC បាន​បន្ថែម​ថា ដោយមាន​ភាព​ជោគជ័យ​ក្នុង​ការទប់ស្កាត់​បាននៃ​ជំងឺ​កូ​វីដ១៩ ប្រទេស​វៀតណាម​ត្រូវ​បាន​ចាត់ទុកថា ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំងអស់ ដែល​មាន​សក្ដានុពល​នៃ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ​នៅក្នុង​ឆ្នាំ២០២០។

ធនាគារ HSBC ជឿជាក់​ថា ប្រទេស​វៀតណាម​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើនពី​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​បច្ចេកវិទ្យា និង​មាន​ស្ថិរ​ភាព​លើ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI​) នៅក្នុង​ឆ្នាំខាងមុខ។

ធនាគារ HBSC បាន​បន្ថែម​ថា៖ «អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ឆ្នាំនេះ នៅតែ​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង ហើយនឹង​ក្លាយជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​តំបន់​នៅ​ឆ្នាំ២០២១»។

បច្ចុប្បន្ន​ វៀតណាម​កំពុង​ចាប់ដៃ​គូ​វិនិយោគ​ចម្រុះគ្នា​ រួម​ទាំង​បណ្តុំ​ប្រទេស​សេរី​ ដូចជា​ សហភាព​អឺរ៉ុប អាមេរិក អង់គ្លេស និងកូរ៉េ​ខាងត្បូង​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ