សាលា​​រាជ​ធានី​​ភ្នំពេញ​​ជំរុញ​​ម្ចាស់​​បុរី​និង​​ខុន​ដូ​​បំពាក់​​កាមេរ៉ា​​សុវត្ថិ​ភាព​​ដើម្បី​​ការពារ​​សន្តិសុខ​​ដល់​​ពលរដ្ឋ​

ក្រុមបុគ្គលិកចូលរួមថ្ងៃសម្ពោធបុរី Flora ស្ថិតនៅក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​ទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ឱ្យបំពាក់​កាមេរ៉ា​សុវត្ថិភាពនិង​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ ដោយ​ថា ដើម្បី​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ពួក​គេ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន និង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​រួមគ្នា​ឱ្យ​ម្ចាស់​បុរីនិង​ខុន​ដូ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ បំពាក់​កា​មេ​រ៉ា​សុវត្ថិភាព និង​ត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យឬរថយន្ត​ពន្លត់​អគ្គិភ័យ មាន​ប្រព័ន្ធ​ទូរសព្ទ​ទាន់​ហេតុការណ៍២៤ម៉ោង​លើ២៤ម៉ោង មាន​ច្រកចេញ​ចូល​ត្រឹមត្រូវ ដើម្បី​ងាយស្រួលគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋនិង​សុវត្ថិភាពសន្តិសុខ​យាមកាម​ជាដើម។

លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះមាន​ម្ចាស់​បុរីនិង​ខុន​ដូមួយចំនួន បាន​បំពាក់​កា​មេ​រ៉ា​សុវត្ថិភាពនិង​រថយន្ត​អគ្គិ​ភ័យ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការកំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើសដែល​កើតឡើង​​ជាយថាហេតុ​ណាមួយ​ក្នុង​បុរី​ទាំងនោះ។

អ្នក​នាំពា​ក្យសា​លា​រាជ​ធានី​ភ្នំពេញរូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​មិន​ចាប់បង្ខំ​ឱ្យ​ម្ចាស់​បុរីនិង​ខុន​ដូ​ទាំងនោះអនុវត្ត​តាម​ទាំងស្រុង​នោះ​ទេ ប៉ុន្តែលោក​ថា បើ​ម្ចាស់​ទាំងនោះ​ធ្វើ​បាន អ្នក​ដែល​ទទួល​បាន​ប្រយោជន៍ គឺ​ក្រុមហ៊ុននិង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីតាំង​នោះ។

លោក ម៉េ​ត មាស​ភក្ដី ប្រាប់៖ «បើសិនជា​វា​ [ម្ចាស់​បុរី​] មាន​សម្ភារបង្ការ​ទប់ស្កាត់​បាន​ល្អ​ប្រសើរ ធ្វើឱ្យអតិថិជន​នៅក្នុង​បុរី​ខ្លួនឯង​បង្កើន​នូវ​ទំនុកចិត្ត បង្កើន​នូវ​ភាព​ពេញចិត្ត​ជាមួយ​បុរី​របស់​ខ្លួន​ដែរ ក៏ប៉ុន្តែ ក៏បាន​ផ្សារភ្ជាប់​ជាមួយនឹង​សង្គមឬជាមួយ​អាជ្ញាធរ​របស់​យើង ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​បង្ការឬទប់ស្កាត់​បញ្ហា​អគ្គិ​ភ័យ​ដែរ»។

ប្រធាន​ផ្នែក​គ្រប់គ្រង​បុរី ប៉េង​ហួត នៅ​ទូទាំង​រាជធានី​ភ្នំពេញ អ្នកនាង ជាវ សម្បត្តិ ប្រាប់​ថា កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​នៅ​តាម​ច្រកចេញ​ចូលនិង​សួន​កម្សាន្ត​ ស្ថិតនៅ​ក្នុង​បរិវេណ​បុរី​របស់​ក្រុមហ៊ុន។ តំណាង​ក្រុមហ៊ុន​មួយ​នេះ ឱ្យដឹង​ទៀត​ថា ក្រុមហ៊ុន​ក៏បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន៣គ្រឿងនិង​រថយន្ត​ដឹក​ទឹក​ចំនួន១២គ្រឿង សម្រាប់​ជួយ​ពន្លត់​អគ្គិភ័យ​នៅក្នុង​បុរី​នានា​របស់​ក្រុមហ៊ុន។

អ្នកគ្រប់គ្រង​បុរី​រូប​នោះ បញ្ជាក់​ថា កន្លងមក បទល្មើស​ចាប់ជំរិត លួច និង​អគ្គិភ័យ​ឆាប​ចេះ​តាមរយៈ​ភ្លើង​ទាន​នៅក្នុង​បុរី មាន​តិចតួច​តែប៉ុណ្ណោះ ហើយ​បុរី​មាន​ការសហការ​ជាមួយ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលនិង​មាន​ប្រសិទ្ធ​ភាព​ទៀតផង។

អ្នកនាង​និយាយ​ថា៖ «បើ​និយាយ​សុវត្ថិភាព​មួយរយភាគរយ​ មិន​អាច​ទេ កន្លែងណា​ក៏មានដែរ ប៉ុន្តែគ្រាន់តែ​ថា បញ្ហា​កើតមាន​ហើយ យើង​ក្តាប់​បាន ដោះស្រាយ​បាន ហើយ​យើង​សហការ​ជាមួយ​សមត្ថកិច្ច មានន័យថា យើង​ផ្តល់​សន្តិសុខ​សុវត្ថិភាព​ជូន​អតិថិជន​របស់​យើង»។

បើ​តាម​គេហទំព័រ​របស់ក្រ​សួង​ព័ត៌មាន​ចុះ​ថ្ងៃ៩ ខែតុលា​នេះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​បុរី​ចំនួន១៤៩ទីតាំង និង​ខុន​ដូ​ចំនួន១៣៧ទីតាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ