អំពើ​​ហិង្សា​​លើ​​ស្ត្រី​​ត្រូវ​​រដ្ឋា​ភិបាល​​យក​​មក​​ពិភាក្សា​​ជា​ថ្មី​​រក​​យុទ្ធ​សាស្ត្រ​​ទប់​ស្កាត់​​

ម្ដាយរបស់កុមារីរងគ្រោះដោយការរំលោភបំពានផ្លូវភេទ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតករណីកូនស្រីត្រូវបានជនល្មើសចាប់រំលោភ។ (ហេង វិចិត្រ)

អំពើ​ហិង្សា​លើ​ស្ត្រីជា​ផ្នែក​មួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី នា​ថ្ងៃសុក្រ​នេះ ជា​អ្វី​ដែល​លោក​ថា ដើម្បី​បង្កើត​«ផែនការ​សកម្មភាព​ជាតិ​ទប់ស្កាត់​អំពើ​ហិង​្សាលើស្ត្រី ២០១៩​-២០២៣»។

ប្រធាន​ក្រុម​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​និយាយ​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​នា​ព្រឹក​នេះ​ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ២០១៩​-២០២៣ នឹង​ពង្រឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ក្នុង​គោលដៅ​ទី៥ ស្តី​ពី​ការសម្រេច​ឱ្យ​បាន​សមភាព​យេនឌ័រ និង​ពង្រឹង​អំណាច​ស្ត្រីនិង​កុមារ​គ្រប់រូប។

លោក ផៃ ស៊ី​ផាន បន្ត​ថា សេចក្តី​ព្រាង​ផែនការ​នេះ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន៤ ដូចជា ការ​បង្ការ​ទប់ស្កាត់ កិច្ចការពារ​ផ្លូវច្បាប់ សេវា​ពហុ​វិស័យ ច្បាប់​និង​គោលនយោបាយ និង​ការ​តាមដាន​ត្រួតពិនិត្យនិង​ការវាយតម្លៃ។

ម្យ៉ាងទៀត ផែនការ​នេះ​ក៏​ដា​ក់បញ្ជូល​ផង​ដែរ​នូវ​ផែនទី​តម្រង់​ទិស​សម្រាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិនិង​ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ឆ្ពោះទៅ​កា​ត់​បន្ថ​យទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រីនិង​ក្មេងស្រី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព។

វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ និង​ក្រសួងកិច្ចការនារី​ នៅ​ឆ្នាំ២០១៥ បាន​បង្ហាញថា ២០ភាគរយ​នៃ​ស្ត្រី​កម្ពុជា​ធ្លាប់​ទទួលរង​អំពើ​ហិង្សា​លើ​រូបរាងកាយនិង​ផ្លូវភេទ​ពី​ដៃគូ​របស់​ពួក​គេ ៩០ភាគរយ​នៃ​ស្ត្រី​ទាំងនោះ​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដែល​ចាំបាច់​ទាមទារ​ឱ្យ​មានការ​ថែទាំ​សុខភាព។

អង្គការ​អន្តរជាតិ​យូនី​សែ​ហ្វ រក​ឃើញ​ដែរ​ថា នៅ​ឆ្នាំ២០១៧ កុមារ​ជាង២០ភាគរយ​រស់នៅ​ជាមួយ​ម្តាយ​ដែល​ជា​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ដោយ​ផ្លូវកាយ ផ្លូវភេទ និង​ផ្លូវ​អារម្មណ៍​ដោយ​ប្តីឬដៃគូ​របស់​ពួក​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ