ក្រសួង​សុខា​ភិបាល​​ណែ​នាំ​​ពី​វិធាន​ការ​​ការពារ​​សុវត្ថិ​ភាព​​សង្គម​​ក្នុង​​ពិធី​បុណ្យ​​អុំ​ទូក​​

ទិដ្ឋភាពទីតាំងមួយកន្លែង ក្នុងក្រុងភ្នំពេញ មុនថ្ងៃប្រារព្ធពិធីបុណ្យអុំទូកមួយថ្ងៃ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាល​បាន​ជំរុញ​ទៅ​សាធារណជននិង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យពង្រឹង​វិធានការ​បង្ការ​សុវត្ថិភាព​សុខភាព​អំឡុង​ពិធីបុណ្យ​អុំទូក​នៅ​ចុងខែ​នេះ ដោយ​ថា ដើម្បី​ទប់ស្កាត់​ហានិភ័យ​បណ្ដាលមកពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះព្រះខែ​ ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី៣០ ខែតុលា ដល់​ថ្ងៃទី១ ខែវិច្ឆិកា​ក្នុង​ឆ្នាំនេះ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្អាក​ទៅវិញ ដោយសារតែ​ក្ដី​បារម្ភ​ជុំវិញ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណាឬជំងឺ​កូ​វីដ១៩ ប៉ុន្តែពិធីបុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ត​ដដែល។

ក្នុង​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃម្សិលមិញ​នេះ ក្រសួងសុខាភិបាល​បាន​ក្រើន​រំឭក​ទៅដល់​មហាជននិង​អាជ្ញាធរ​ពាក់ព័ន្ធ ​ឱ្យពង្រឹង​ការទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​នេះ។

ក្រសួងសុខាភិបាល​បាន​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​ធំៗ ដោយ​ណែនាំ​ឱ្យ​កំណត់​ចំនួន​កីឡាករ​អុំទូក​មិន​ឱ្យលើស​ពី១០នាក់ អ្នកចូលរួម​ទស្សនា​មិន​ឱ្យលើស​ពី៦០នាក់ ហើយ​ចំនួន​ទូក​ចូលរួម​ប្រណាំង​មិន​ឱ្យលើស​ពី៦ទូក​នោះ​ឡើយ។

ក្រសួង​ក៏បាន​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យបន្ត​អនុវត្ត​វិធានការ​អនាម័យនិង​សុវត្ថិភាព​ចាំបាច់​មួយចំនួន ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ពី​វិធី​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។ 

ក្រសួងសុខាភិបាល​បញ្ជាក់​ថា វិធានការ​ក្នុង​ការទប់ស្កាត់​ រួមមាន ការរៀបចំ​សណ្តាប់​ធ្នាប់ បរិស្ថាន សន្តិសុខ និង​សុវត្ថិភាព​នៅ​វត្តអារាម និង​ទីលានប្រណាំង​ទូក រួម​ជាមួយ​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​វិធាន​សុខាភិបាល​ក្នុង​ការ​បង្ការ​ជំងឺ​កូ​វីដ១៩ និង​រៀបចំ​ឱ្យ​មាន​កន្លែងពិនិត្យ​សុខភាព វាស់​កម្តៅ មុន​ពេល​ចូលក្នុង​ទីធ្លា​វត្តអារាមឬទីលានប្រណាំង​ទូក និង​ត្រូវ​មាន​អាល់កុលឬជែ​លលា​ងដៃ​ជាប្រចាំ។

គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​រក​ឃើញ​មនុស្ស២៨២នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​អ្នកជំងឺ២៧៧នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ហើយ ខណៈ​អ្នកជំងឺ៥នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ