ក្រសួង​​អំពាវនាវ​​ដល់​​ពលរដ្ឋ​​កុំ​​ជឿ​​ការ​ផ្សាយ​​វិធី​​ព្យាបាល​​ជំងឺ​​គ្រុន​​ឈី​ក​ដោយ​​ថ្នាំ​ខ្មែរ​

គណនីហ្វេសប៊ុកឈ្មោះ Sen Sayana ដែលបានផ្សព្វផ្សាយពីការប្រើប្រាស់ថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីក។ (ហ្វេសប៊ុក៖ ក្រសួងសុខាភិបាល)

​ក្រសួងសុខាភិបាលបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ប្រុងប្រយ័ត្ន​បញ្ហា​សុខភាពនិង​កុំ​ជឿ​លើ​ការឃោសនា​បោកប្រាស់ ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​ថ្នាំខ្មែរដើម្បី​ព្យាបាល​ជំងឺ​គ្រុន​ឈី​ករបស់​គណនី​ហ្វេសប៊ុក ឈ្មោះ Sen Sayana។

ការ​អំពាវនាវ​របស់ក្រ​សួង បាន​ធ្វើឡើង​ក្រោយពី​គណនី​ហ្វេសប៊ុក​ឈ្មោះ Sen Sayana បាន​ផ្សព្វផ្សាយ​ពី​ការប្រើ​ប្រាស់​ថ្នាំខ្មែរ ដើម្បី​ព្យាបាល​ជំងឺ​គ្រុន​ឈី​កឱ្យ​ជាសះស្បើយ ដោយ​ប្រើ​រូបមន្ត​ផ្សំថ្នាំ​ពីជី​ស្លឹកត្រចៀក​ជ្រូក ផ្លែ​ចេកណាំវ៉ា​ខ្ចី និង​ដូងខ្ចី។

ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងសុខាភិបាលបាន​ចេញ​សេចក្ដី​ជូន​ព័ត៌មានកាលពី​ថ្ងៃម្សិលមិញ ដោយ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការផ្សាយ​ពី​ថ្នាំខ្មែរ​ព្យាបាល​ជំងឺ​គ្រុន​ឈី​ករបស់​គណនី​ហ្វេ​សហ៊ុ​ក ឈ្មោះ Sen Sayana នេះ ដោយ​ថា ជា​ការឃោសនា​បោកប្រាស់និង​ភូតភរ ដែល​អាច​នាំ​ឱ្យ​មានផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរនិង​អាយុជីវិត។

ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុងករណី​មាន​រោគសញ្ញា​គ្រុនក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ ដែល​សង្ស័យ​ថា​ជា​ជំងឺ​គ្រុន​ឈី​ក ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យនិង​ព្យាបាល​របស់​រដ្ឋ ដូចជា មណ្ឌលសុខភាពនិង​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត។

ក្រសួង​បញ្ជាក់​ថា៖ «សូមកុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុន​ក្តៅ​ភ្លាម​ៗដោយខ្លួនឯង ឬពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈី​កនេះ»។

ក្រសួង​ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ម្ចាស់​គណនីហ្វេសប៊ុក​ឈ្មោះ Sen Sayana នេះ​ផង​ដែរ ក្នុងករណី​មិន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ឬចែកចាយ​ព័ត៌មាន​បែបនេះ​បន្ត​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ