បញ្ហាសិទ្ធិមនុស្សជាផ្នែកមួយត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy លើកយកទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ខណៈបញ្ហានេះ ត្រូវបានអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបង្ហាញកង្វល់ដោយសារតែការរកឃើញថាបានគំរាមកំហែងដល់សិទ្ធិធ្វើនយោបាយនិងសកម្មជនសិទ្ធិមនុស្ស។
លោក W. Patrick Murphy បាននិយាយលើបណ្តាញសង្គម Twiter របស់លោកកាលពីថ្ងៃទី៧ ខែតុលានេះថា លោកបានពិភាក្សាប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង ដែលជាជ្រុងមួយនៃខួបលើកទី៧០។
លោកបន្តថា កិច្ចពិភាក្សាទល់មុខគ្នានោះ លោកបានផ្តោត«លើកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស គ្រឿងញៀន ការពារកុមារ កាតព្វកិច្ចទៅវិញទៅមកសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ សេរីភាពបញ្ចេញមតិ ការជួបប្រជុំគ្នា និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ និយាយថា លោកមិនបានចូលរួមជំនួបនេះទេ ដោយឱ្យទាក់ទងទៅអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ លោក ផាន សុផានិត វិញ។
លោក ផាន សុផានិត ប្រាប់VOD នៅថ្ងៃនេះ តាមបណ្តាញសង្គមតេឡាក្រាមថា ក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកផ្លាស់ប្តូរយោបល់ច្រើនលើការងារការធ្វើមាតុភូមិនិវត្តន៍ និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បញ្ហាគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងការគាំពារកុមារ។
លោកថា ភាគីអាមេរិកបានស្នើបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែសកម្មថែមទៀតលើការងារទាំងនេះ។
លោកថា ជាឆ្លើយតបចំពោះបញ្ហាទាំងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រនិងជំរុញដល់ផ្នែកពាក់ព័ន្ធឱ្យសហការជាមួយគ្នាទៅវិញទៅមកតាមជំនាញរៀងៗខ្លួន។
ប៉ុន្តែនៅពេលសួរថា តើលោក W. Patrick Murphy បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សទេ លោកប្រាប់ថា ភាគីអាមេរិក៖ «គាត់លើកឡើងការយល់ឃើញរបស់គាត់ពីនេះពីនោះជារួម មុននឹងបញ្ចប់ជំនួប។ ប៉ុន្តែពុំមានការជជែកផ្លាស់ប្តូរយោបល់ពីសម្តេចក្រឡាហោម ក្រៅតែពីបញ្ហាដូចបានជម្រាបជូនខាងលើនោះទេ»។
ប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៅសមាគមអាដហុក លោក នី សុខា និយាយថា វាមានសារៈសំខាន់ដែលកម្ពុជាទទួលអនុសាសន៍ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សក្នុងនាមប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយបណ្តាប្រទេសលោកសេរីនិងរក្សាប្រយោជន៍ជាតិ។
លោកថា៖ «ខ្ញុំគិតថា យើងនៅមានជំនឿថា រដ្ឋាភិបាលយើងនឹងយកអ្វីដែលគេបានលើក ក៏ដូចជាកង្វល់របស់សង្គមស៊ីវិលជាតិនិងអន្តរជាតិ យកទៅពិចារណា»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា វាដល់ពេលរដ្ឋាភិបាលស្តារស្ថានភាពសិទ្ធិមនុស្សដើម្បីរក្សាប្រយោជន៍។ លោកបន្តថា បញ្ហាសិទ្ធិមនុស្សរបស់កម្ពុជា វាដល់កម្រិតអន្តរជាតិហើយ ដែលអគ្គលេខាធិការអង្គការសហប្រជាតិបានលើកទៅនិយាយក្នុងកិច្ចប្រជុំនៅប៉ុន្មានថ្ងៃនេះ។
លោកថា៖ «អ៊ីចឹងមានតែកម្ពុជាប្រឹងកែតម្រូវពីស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពប្រជាធិបតេយ្យអីហ្នឹងទេ ដែលអាចស្តារមុខមាត់កម្ពុជាបាន»។
កាលពីដើមខែតុលានេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) បាននិយាយក្នុងអង្គប្រជុំដាច់ដោយឡែកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ខណៈដែលសិទ្ធិនយោបាយមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្តថា សមាជិកសង្គមស៊ីវិល រួមមាន អ្នកការពារសិទ្ធិមនុស្ស សហជីព និងសកម្មជនបរិស្ថាន បន្តរាយការណ៍ថា ពួកគេស្ថិតក្រោមការជ្រៀតជ្រែក គំរាមកំហែង និងយាយីពីសំណាក់អាជ្ញាធរ៕