មន្ត្រី​​ប្រាប់​​ថា​ ខេត្ត​៣​នៅ​​ភាគ​​ពាយព្យ​​កម្ពុជា​​រង​ទឹក​​ជំនន់​​ធ្ងន់​ធ្ងរ​​ពីរ​បី​​ថ្ងៃ​​ចុង​ក្រោយ​ ខណៈ​​ទំនប់​៧​មករា​​ដល់​កម្រិត​​ប្រកាស​​អាសន្ន​​

កម្លាំងនគរបាលខេត្តបានចុះជួយទប់ទឹកជំនន់និងជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់)

ក្រុម​មន្ត្រីបាន​ឱ្យដឹង​ថា ខេត្ត​ចំនួន៣នៅ​ភាគ​ពាយព្យ​របស់​ប្រទេស​កម្ពុជា កំពុង​រងទឹក​ជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លា​ក់​ជាប់​ៗគ្នា​រយៈពេល​ពីរបី​ថ្ងៃ​ចុងក្រោយ​មកនេះ ហើយ​កម្រិត​ទឹក​នៅ​ទំនប់ទឹក​ប្រាំពីរ​មករា រាជធានី​ភ្នំពេញ ក៏​កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ រងទឹក​ជំនន់​ដោយ​ទឹកភ្លៀង​ខ្លាំង​ជាងគេ ខណៈ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបងជិត​ស្រក​ចុះ​វិញ​ហើយ។

ព្រឹក​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មន្ត្រី​អាជ្ញាធរ​ខេត្តបាត់ដំបង និង​ក្រុម​កងកម្លាំង ចុះ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​រុក្ខគិរី ខេត្តបាត់ដំបង។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តបាត់ដំបង​)

លោក ចាន់ យុត្ថា ប្រាប់​ថា៖ «នៅ​បន្ទាយមានជ័យ ដោយសារតែ​ទឹក​វា​ហៀរ​មក​ពី​ថៃ។ អ៊ីចឹង​ទេ​អាច​ថា នៅ​ខាង​អូរបីជាន់ អី​តិចតួច ប៉ុន្តែអាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ គេ​បាន​ចាត់​វិធានការណ៍​រួចរាល់​អស់ហើយ»។

ប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្តបាត់ដំបង លោក ឡុង ផល្គុន បាន​ឱ្យដឹង​ថា កម្រិត​ទឹកស្ទឹង​មោង បាន​ហក់​ឡើង​ដល់កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​ហើយ ហើយ​លោក​ថា អាជ្ញាធរ​កំពុង​ព្យាយាម​ទប់ទំនប់​ទឹក​ប្រវែង​ជាង៣០ម៉ែត្រ​ដែល​ត្រូវ​ទឹក​បុក​ដាច់​នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​រក្សាទឹក​ទុក។

លោក ឡុង ផល្គុន ប្រាប់​ថា៖ «ស្ទឹង​មោង​ឡើង​ខ្ពស់​ដល់​ចំណុច​ដែល​យើង​ជម្រាប​ជូនដំណឹង​ឱ្យ​មានការ​ប្រុងប្រយ័ត្ន។ ស្ទឹង​ដទៃទៀត​អត់​ទាន់​អី​ទេ»។

លោក ចាន់ យុត្ថា បាន​បន្ត​ទៀត​ថា សម្រាប់​ខេត្តពោធិ៍សាត់​វិញ ស្ថានភាព​ជំនន់​ទឹកភ្លៀងមាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​នៅ​តំបន់​ជួរភ្នំ​ក្រវាញដែល​ជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង មាន​ភ្លៀង​ធ្លាក់​ច្រើន ក្នុង​នោះ​កន្លែង​ខ្លះ​ទឹកភ្លៀង​ធ្លាក់​មានកម្រិត​ចន្លោះ​ពី២០០ទៅ២៣០មី​លី​ម៉ែត្រ។

លោក ចាន់ យុត្ថា បន្ត​ថា៖ «ស្ទឹង​ពោធិ៍សាត់ វា​ជន់​ឡើង​ខ្លាំង ដោយសារតែ​តំបន់​ជួរភ្នំ​ក្រវាញ ក្នុងរយៈពេល​ពីរបី​ថ្ងៃ​កន្លងមក​នេះ ភ្លៀង​ធ្លាក់ជាប់គ្នា ចូល​ប្រហែលជា​កន្លែង​ខ្លះ​ជាង២០០មី​លី​ម៉ែត្រ»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា បានឱ្យ​ដឹង​ដែរ​ថា ទឹកស្ទឹង​នៅ​ស្រុក​វាលវែង បាន​ចាប់ផ្តើម​ជន់​លិច​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ និង​ចាប់ផ្តើម​ឡើង​គំហុក​ខ្លាំង ហើយ​ហូរ​បុក​មក​ទីរួមខេត្ត​ពោធិ៍សាត់​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ។

លោក​បន្ត​ថា ជំនន់​ទឹកភ្លៀង​នេះបាន​បង្ក​ផល​ប៉ះពាល់​ដល់​សង្កាត់​ចំនួន៥ក្នុង​ទីរួមខេត្ត និង​ឃុំ​ចំនួន៧នៅ​ស្រុក​កណ្តៀង និង​ឃុំ​មួយចំនួន​នៅ​ស្រុក​វាលវែង។

លោក ឃុន សុខា ប្រាប់​ថា៖ «សម្រាប់​ផល​ប៉ះពាល់និង​ចំនួន​មនុស្ស យើង​អត់​ទាន់បាន​ទទួល​ព័ត៌មាន​ទេ គេ​គ្រាន់តែ​ប្រាប់​ថា នៅ​ខេត្តពោធិ៍សាត់ គឺ​ស្រុក​កណ្តៀង និង​ទីរួមខេត្ត ទឹក​ហៀរ​ស្ទឹង និង​ស្រុក​វាលវែង​លិច ប៉ុន្តែថ្នាក់ដឹកនាំ​ខេត្ត​កំពុង​ចុះ​អន្តរាគមន៍​ហើយ»។

អភិបាលរងខេត្ត​ពោធិ៍សាត់ លោក គិត សុ​ផា បាន​ឱ្យដឹង​ថា ទឹកជំនន់​បាន​ជន់​លិចលង់​យ៉ាង​ខ្លាំង​នៅ​ក្រុង​ពោធិ៍សាត់និង​ស្រុក​ក្រ​វាញ ហើយ​លោក​ថា អាជ្ញាធរ​កំពុង​ព្យាយាម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ។

លោក គិត សុ​ផា ប្រាប់​ថា៖ «កម្រិត​ទឹកស្ទឹង​ពោធិ៍សាត់​ដែល​ត្រូវ​ប្រកាស​អាសន្ន គឺ​កម្ពស់​៥,៧ម៉ែត្រ ប៉ុន្តែឥលូវ​ចូល​ដល់៦ម៉ែត្រ​ហើយ។ មេឃ​នៅតែ​ភ្លៀង កម្ពស់​ទឹកស្ទឹង​នៅតែ​ឡើង​អ៊ីចឹង»។

ក្រៅពីនោះ លោក​ថា កម្ពស់​ទឹក​នៃ​ទំនប់​ប្រាំពីរ​មករា ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏បាន​ឡើង​ដល់កម្រិត​ប្រកាស​អាសន្ន​ផង​ដែរ។

កាលពី​ថ្ងៃទី៥ ខែតុលា ក្រសួងធនធានទឹក និងឧតុនិយម បាន​ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ ដោយ​បញ្ជាក់​ថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់នឹង​សម្ពាធ​ទាប​មួយ​នៅ​លើស​មុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើ​ឱ្យ​បណ្តា​ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩ ខែតុលា មាន​ភ្លៀង​ធ្លាក់និង​ខ្យល់​កើនឡើង​ច្រើន។

ក្រសួង​បន្ត​ថា បណ្តា​រាជធានី​-ខេត្ត​នៅ​ភាគ​ខាងត្បូង និង​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម នឹងអាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើ​ឱ្យ​ទី​ទំនាប​ក្បែរផ្លូវ​ទឹក តំបន់​ភ្នំ និង​តំបន់​ជួរភ្នំ​ក្រវាញ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ខណៈ​បណ្តា​ខេត្ត​តំបន់​ជាប់មាត់​សមុទ្រ អាច​មាន​ភ្លៀង ខ្យល់បក់​បោក​ខ្លាំងនិង​រលក​សមុទ្រ​ខ្ពស់​ៗ។

ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន ទី​ទំនាប​ក្បែរផ្លូវ​ទឹក និង​ប្រជា​នេសាទ រួម​ទាំង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗជាយថាហេតុ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ