គណៈ​កម្មការ​​សភា​​អង់គ្លេស​​ទាម​ទារ​​ឈប់​​ឱ្យ​​ប្រើ​5G​ក្រុម​ហ៊ុន​​ចិន​ Huawei​

នាយក​រដ្ឋមន្រ្តី​អង់គ្លេស លោក Boris Johnson។ (ហ្វេសប៊ុក៖ Boris Johnson)

គណៈកម្មការការពារ​ជាតិ​របស់​សភា​អង់គ្លេស បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​រក​ឃើញ​ភស្តុតាង​ច្បាស់ការ​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei បាន​ឃុបឃិតជាមួយ​រដ្ឋាភិបាល​ចិន​តាម​ប្រព័ន្ធ 5G ហើយ​ថា ដើម្បី​សុវត្ថិភាព​ជាតិ​ ត្រូវ​ឈប់​ប្រើប្រាស់​សម្ភារ​ក្រុមហ៊ុន​មួយ​នេះ។

នាយក​រដ្ឋមន្រ្តី​អង់គ្លេស លោក Boris Johnson កាលពី​ខែកក្កដា​ បានអនុម័ត​ឱ្យ​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ដំណើរការ​នៅ​អង់គ្លេស​ដោយ​ប្រើ​ប្រព័ន្ធ 5G និង​កិច្ចសន្យា​ដែល​បាន​អនុម័ត​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ២០២៧។

ប្រធាន​គណៈកម្មការការពារ​ជាតិ​ លោក Tobias Ellwood បាន​និយាយ​ថា លោកខាងលិច​ត្រូវតែ​រួបរួម​គ្នា​ជាបន្ទាន់​ដើម្បី​ការពារលើ​ការ​ឈានមុខ​ខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន។ លោក​ថា មិន​ត្រូវ​ធ្វើ​ឱ្យ​មានការ​អន់ថយលើ​សន្តិសុខជាតិ​នៅ​អឺរ៉ុប ដោយសារតែ​បច្ចេកវិទ្យា​របស់​ចិន​នោះ​ទេ។

គណៈកម្មការ មិនបាន​បកស្រាយលម្អិត​អំពី​លក្ខណៈ​ពិត​នៃ​បច្ចេកវិទ្យា​របស់ Huawei នោះ​ទេ​ប៉ុន្តែ​បាន​និយាយ​ថា ​ខ្លួន​បានឃើញ​ភស្តុតាង​ច្បាស់​នៃ​ការ​ឃុបឃិត​របស់​ក្រុមហ៊ុន Huawei ជាមួយបក្ស​កុម្មុយនីស្ត​ចិន។

ក្រុមហ៊ុន Huawei ប្រតិកម្ម​ថា ការចោទប្រកាន់​របស់​គណៈកម្មការ​សភា​អង់គ្លេស​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទេ ​គឺ​វា​គ្រាន់តែ​ជា​ទស្សនៈ​មួយ​តែប៉ុណ្ណោះ។ ក្រុមហ៊ុន​បញ្ជាក់​ថា មនុស្ស​គ្រប់គ្នា​នឹង​មើលឃើញ​ថា ការចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ ពី​ព្រោះថា ក្រុមហ៊ុន​Huawei បាន​បើក​ដំណើរការ​នៅ​អង់គ្លេស​រយៈពេល២០ឆ្នាំ​ហើយ មិនដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ។

អាមេរិក​និង​សម្ព័ន្ធ​មិត្ត​បាន​ចោទប្រកាន់​ថា Huawei ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​ជា​ចារកម្ម​ឱ្យ​រដ្ឋ​ចិន។ ប៉ុន្តែ​ក្រុមហ៊ុន Huawei បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត ហើយ​បញ្ជាក់​ថា អាមេរិក​មានការ​ច្រណែន​ចំពោះ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន Huawei។

រដ្ឋមន្ត្រី​របស់​អង់គ្លេស​ជាច្រើន​រូប​បាន​និយាយ​ថា ពិភពលោក​កំពុងតែ​ចាប់អារម្មណ៍និង​មានការ​ប្រុងប្រយ័ត្នលើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ១៩៨៧ ដោយ​វិស្វករ​ជា​អតីត​វិស្វករ​យោធា​ចូលនិវត្តន៍​នៃ​កងទ័ព​ចិន។

គណៈកម្មការ​ការពារ​ជាតិ បាន​និយាយ​ថា ខ្លួន​បាន​គាំទ្រ​ការសម្រេច​ចិត្ត​របស់​នាយក​រដ្ឋមន្រ្តី​អង់គ្លេស លោក Boris Johnson លើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Huawei ប៉ុន្តែ​ត្រូវ​រឹត​បន្តឹង​ឱ្យ​បាន​ខ្លាំង​បំផុត​ឬលុបបំបាត់​កុំឱ្យ​មាន​ចំពោះ​ប្រព័ន្ធ 5G​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ