ពលរដ្ឋ​១០​នាក់​​ស្លាប់​និង​​ជិត​១​ម៉ឺន​​នាក់​​ត្រូវ​​ជម្លៀស​​ទៅ​​ទីទួល​​សុវត្ថិភាព​​គេច​​ពី​​ទឹក​ជំនន់​

ក្រុមអាជ្ញាធរសមត្ថកិច្ចចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុក​គាស់ក្រឡនិងស្រុក​​មោង​​​ឫស្សី​ ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នង​ការ​ដ្ឋាន​​​នគរបាលខេត្តបាត់​​ដំបង)

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន​១០នាក់បាន​ស្លាប់ និង​ពលរដ្ឋ​ជិត១ម៉ឺន​នាក់ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​បណ្តា​រាជធានី​-ខេត្ត​មួយចំនួន។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចាប់តាំងពី​ថ្ងៃទី១ ដល់​ថ្ងៃទី១២ ខែតុលា​នេះ មាន​ជនរងគ្រោះ​ចំនួន១០នាក់ ក្នុង​នោះ​មាន​កុមារ៣នាក់ដែល​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់។

លោក​បន្ត​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​មាន​ជាង១០ម៉ឺន​នាក់ (១០១ ៨១២ នាក់​) ក្នុង​នោះ ពលរដ្ឋ៩ ៥៦០នាក់ ត្រូវ​អាជ្ញាធរ​ជម្លៀស​ចេញទៅ​ទីទួល​សុវត្ថិភាព។

ចំណែកខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​វិញ លោក​ថា មាន​ចំនួន១៦រាជធានី​-ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ កំពង់ចាម ស្ទឹងត្រែង ប៉ៃលិន និង​ពោធិ៍សាត់។

លោក​បាន​បញ្ជាក់​ថា៖ «ឥលូវយើង​កំពុងតែ​មមាញឹក ទាក់ទង​នឹង​អាជ្ញាធរ​ដែនដី ខេត្ត​ស្រុក ឃុំ​ហ្នឹង កំពុងធ្វើការ​ឆ្លើយតប ហើយនឹង​ជម្លៀសនិង​រុករក​ជនរងគ្រោះ ក្នុង​នោះ យើង​ត្រៀម​កងកម្លាំង១ ០០០នាក់ និង​មធ្យោបាយ​សម្រាប់​ជួយសង្គ្រោះ​ ទូក កាណូត ជាដើម ដើម្បី​ទៅ​ជម្លៀស ហើយនឹង​ជួយ​គាត់​ចេញពី​កន្លែង​ដែល​គ្រោះថ្នាក់»។

លោក ឃុន សុខា បន្ត​ថា ជំនន់​ទឹកភ្លៀង​នេះ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៤ ៦៦៦ខ្នង ដំណាំស្រូវ​ចំនួន៣៩ ៤៦២ហិ​កតា ដំណាំ​ផ្សេងទៀត​ចំនួន៤៤ ១៨១ហិ​កតា សាលារៀន​ចំនួន៥៤សាលា និង​ផ្លូវជាតិ​និង​ស្ពាន១៥កន្លែង។

អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀងនៅ​តំបន់​មួយចំនួន បាន​ចាប់ផ្តើម​ធូរស្រាលនិង​ស្រក​ទៅវិញ​ខ្លះ​ហើយ ខណៈ​តំបន់​ខ្លះទៀតត្រូវការ​រយៈពេល​ពី៣ទៅ៤ថ្ងៃ ទើប​ស្រក​វិញ។

លោក​បញ្ជាក់​ថា ទឹកជំនន់​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​រាជធានី​-ខេត្ត​នេះ គឺជា​ជំនន់​ទឹកភ្លៀង​បណ្ដាល​មក​ពី​ព្យុះទី១៥។

លោក​ថា៖ «ស្ទឹ​កព្រែកត្នោត​របស់​ខេត្ត​កំពង់ស្ពឺ ហើយ​ហូរ​មក​ខេត្តកណ្តាល ​ត្រង់កន្លែង​ខណ្ឌដង្កោ ហើយ​បាន​វា​ធ្លាក់​ទៅ​ផ្នែក​ខាងក្រោមនៃ​ខេត្តកណ្តាល ខណៈ​ពេល​ស្ទឹង​មង្គលបុរី​ហូរកាត់​ខេត្ត ទីមួយ​គឺ​ខេត្តបាត់ដំបង ហើយ​ទីពីរ​គឺ​ខេត្ត​បន្ទាយមានជ័យ»។

លោក​បន្ថែម​ថា៖ «យើង​កំពុងតែ​អន្តរាគមន៍​នៅ​ស្ទឹង​ព្រែកត្នោត​ ទប់ទល់​នឹង​ទឹកជំនន់និង​បញ្ចៀស​ទឹកជំនន់​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ការ​បង្វែរ​ទឹកជំនន់​ចេញពី​ទីប្រជុំជន ហើយ​តាម​ទំហំ​ទឹកភ្លៀង បើ​យើង​អត់មាន​ទំនប់​ជួយ​ទប់​ការពារ​ទេ ក្រុង​បាត់ដំបងមិនដឹង​ថា​លិច​កម្ពស់​ប៉ុន្មាន​ទេ​ពេលនេះ»។

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ទៅ​អាជ្ញាធរ​រាជធានី​-ខេត្ត​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​ត្រួតពិនិត្យនិង​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍​នៅ​លើ​កំណាត់ផ្លូវ​ដែល​រង​ការ​ជន់​លិច ដូចជា ការ​ផ្អាក​ការ​ធ្វើដំណើរ​ឆ្លងកាត់និង​ការ​ដាក់​ស្លាក​សញ្ញាសម្គាល់ ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ។

លោក​បាន​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ដោយសារ​ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បន្ត​កើតមាន​ ធ្វើ​ឱ្យ​ជន់​លិច​ភូមិ​ដា្ឋន ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជាច្រើន​កន្លែង ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ពាយព្យ​ប្រទេស។ ខ្ញុំ​សូម​ណែនាំឯកឧត្តម លោកជំទាវ [អភិបាល​រាជធានី​-ខេត្ត​] បន្ត​យកចិត្ត​ទុកដាក់​ជាអាទិភាព​បំផុត លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិតនិង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ»។

ក្រៅពី​ណែនាំ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុកដាក់ លោក ស ខេង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​មានការ​ជន់​លិច ឱ្យ​តាមដាន​ព័ត៌មាននិង​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព ជាពិសេស រាល់ពេល​ធ្វើដំណើរ​នៅ​តំបន់​ដែល​មានការ​ជន់​លិច​ផង​ដែរ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អ្នកស្រី ទឹម សា​រ៉ង និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទឹកជំនន់​ចាប់ផ្ដើម​ឡើង​ខ្លាំង​រហូតដល់​លិច​ផ្ទះ​របស់​គាត់ ចាប់តាំងពី​យប់​ថ្ងៃទី៩ ខែតុលា ហើយ​បច្ចុប្បន្ន គ្រួសារ​របស់​គាត់​បាន​បោះតង់​ស្នាក់នៅ​ចិញ្ចើម​ផ្លូវ​បណ្ដោះអាសន្ន​សិន។ 

អ្នកស្រី​ថា៖ «មុនដំបូង​ល្មម​ទេ ដល់ពេល​ម្សិលមិញ ម្សិល​ម៉្ងៃ ហើយ​យប់មិញ​នេះ យប់​លឺ​សូរ​ផ្ទះ​បា​ក់ស្រឹប​ៗ ដឹងខ្លួន​ ជញ្ជូន​គ្រែ ជញ្ជូន​អី​យក​មក​លើ ​[ចិញ្ចើម​ផ្លូវ​] នេះ សម្រាក​លើ​នេះ»។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ចន្ទ​នេះ ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ត្រៀម​បង្ការនិង​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​ជំនន់​ទឹកភ្លៀង​អាច​នឹង​កើតមានឡើង​នៅ​តាម​តំបន់​មួយចំនួន​ជាយថាហេតុ។

ចំណែកសាលា​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃអាទិត្យ ក៏បាន​ប្រកាស​បិទ​ចរាចរណ៍​កំណាត់ផ្លូវ​លេខ៣៧១ ក្នុង​ខណ្ឌមានជ័យ ជា​បណ្តោះអាសន្ន ដើម្បី​បញ្ជូន​រថយន្ត​ទៅ​បូមទឹក​ចេញពី​ស្ថានីយ​បឹងទំពុន​ដែល​ទឹក​កំពុង​ឡើង​ខ្លាំង​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ