ប្រទេស​​វៀតណាម​​ព្រមាន​​អំពី​​ព្យុះ​​មួយ​ទៀត ខណៈ​​ខ្លួន​​កំពុង​​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​​

ពលរដ្ឋបម្លាស់ទីតាមទូកមួយគ្រឿងទៅរកទីទួលសុវត្ថិភាព ខណៈទឹកជំនន់កំពុងតែបានវាយលុកតំបន់ Huế ក្រុងភាគកណ្ដាលប្រទេសវៀតណាម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ (VnExpress / Vo Thanh )

យ៉ាងហោចណាស់ មនុស្ស​ចំនួន១៧នាក់បាន​ស្លាប់និង១៣នាក់​ទៀតកំពុង​បាត់ខ្លួន ដោយសារ​គ្រោះ​ទឹកជំនន់នៅក្នុង​ខេត្ត​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាមកាលពី​សប្តាហ៍​មុន ខណៈ​ប្រទេស​នេះនឹង​រង​ការវាយប្រហារ​ដោយ​ព្យុះ​ត្រូពិក​មួយផ្សេងទៀត។

ទូរទស្សន៍​មួយ​របស់​វៀតណាម RNZ បាន​រាយការណ៍​នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ថា នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​ទៀត​នេះ តំបន់​ភាគ​កណ្តាល គួរតែ​ត្រៀមខ្លួន​ឱ្យ​បាន​រួចជាស្រេច​សម្រាប់​ព្យុះ​ទី​ហ្វុ​ងមួយទៀតឈ្មោះ លី​នហ្វា (Linfa​) ដែល​នឹង​នាំមក​នូវ​ភ្លៀងនិង​បង្ក​ជា​ទឹកជំនន់​ថែមទៀត។

ខ្សែវីដេអូ​ដែល​ផ្សាយ​ដោយ​ទូរទស្សន៍ VTV បាន​បង្ហាញថា ឆ្មាំ​សមុទ្រនិង​ក្រុម​អ្នកជួយ​សង្គ្រោះ​តាម​ឧទ្ធម្ភាគចក្រ បាន​ជួយ​សង្រ្គោះ​ក្រុម​អ្នកនេសាទដែល​ជួប​បញ្ហា​ខ្យល់បក់​បោក​ខ្លាំងនៅ​តាម​ឆ្នេរសមុទ្រ​វៀតណាម​ភាគ​កណ្តាល​នៃ​ភាគ​កណ្តាល​ខេត្ត​ក្វាង​ទ្រី ​(Quang Tri​)។

ប្រភព​ព័ត៌មាន​ដដែលបាន​បន្ត​ថា ទឹកជំនន់​បាន​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ប្រជាជន​រាប់ពាន់​នាក់។ យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល បានឱ្យ​ដឹង​ថា ប្រជាជន​ប្រមាណ៣១ ០០០នាក់​បាន​ផ្លាស់ទី​លំនៅ ហើយ​ផ្ទះ​ប្រមាណ​ជាង៣៣ ០០០ខ្នងត្រូវ​ទឹក​លិចនិង​ខូចខាតដោយសារ​គ្រោះ​ទឹកជំនន់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​រាយការណ៍​ថា ផ្លូវជាតិ​ដែល​តភ្ជាប់​ពីភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ត្រូវ​បាន​ជន់​លិច ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​នានា បាន​លុបចោល​ជើងហោះហើរ​ក្នុង​ស្រុក​មួយចំនួន។

ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​ងាយ​នឹង​មាន​ព្យុះ ដែល​វា​អាច​បំផ្លិច​បំផ្លាញ​និង​បង្កើត​ទឹកជំនន់​ ដោយសារតែ​ប្រទេស​នេះ​មាន​ឆ្នេរសមុទ្រ​វែង។ គ្រោះមហន្តរាយ​ធម្មជាតិ​ភាគច្រើន​ជា​ទឹកជំនន់និង​ការ​បាក់​ដី​ដែល​បង្កឡើង​ដោយ​ព្យុះ បាន​សម្លាប់​មនុស្ស១៣២នាក់ និង​រង​របួស​២០៧​នាក់​ផ្សេងទៀត នៅក្នុង​ប្រទេស​នេះ កាលពី​ឆ្នាំមុន។

ចំណែក​ឯនៅក្នុង​ប្រទេស​ថៃ​ឯណោះ​វិញ ក៏បាន​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ផង​ដែរ ​ដោយ​ផ្លូវថ្នល់​មួយចំនួន​នៅក្នុង​ខេត្ត​ណា​ខុនរ៉ា​ឆាត​ស៊ី​ម៉ា (Nakhon Ratchasima​) បាន​លិចលង់ ហើយ​អ្នកស្រុក​បាន​នាំគ្នា​ដឹកជញ្ជូន​អីវ៉ាន់​របស់​ពួក​គេ​ទៅកាន់​ទីទួល​សុវត្ថិភាព។ រី​ឯនៅ​ប្រទេស​ឡាវ ទឹកជំនន់​ដែល​កំពុង​កើនឡើង​ បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ភូមិនិង​វាលស្រែ​នៅ​តាម​ដងទន្លេ​សេ​ផុន (Xepon​) និង​ស៊ី​បេង​ហៀង ​(Xebanghieng​) ក្នុង​ខេត្ត​សា​វណ្ណា​ខេ​ត (Savannakhet​) ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ