រដ្ឋា​ភិបាល​​និង​​មេ​ដឹក​នាំ​​បក្ស​ប្រឆាំង​ បង្ហាញ​​សារ​​ព្រួយ​បារម្ភ​​ដូច​គ្នា​​ពី​​បញ្ហា​​ទឹក​ជំនន់​​

សកម្មភាព​របស់​កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ​ក្នុង​ការចូលរួម​សហ​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ​នា​ព្រឹក​ថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២០​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មេដឹកនាំ​អតីត​បក្ស​ប្រឆាំង និង​ឯកអគ្គ​រាជទូត​ជប៉ុន បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​គ្រោះ​ទឹកជំនន់ដែល​កំពុង​កើតមាន​ក្នុង​ខេត្ត​មួយចំនួន ដោយ​បាន​អំពាវនាវ​ស្រ​ដៀង​ៗគ្នាដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្នើ​ដល់​សប្បុរសជន​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃអាទិត្យ​ថា កម្ពុជា កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ និង​សម្ពាធ​ទាប​សកម្ម​ (Active Low​) ដែល​ធ្វើ​ឱ្យ​ស្ថានភាព​ធាតុអាកាសមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិតមធ្យម​ទៅ​ច្រើន។

លោក​បន្ត​ថា ខេត្ត​ភាគ​ពាយព្យនិង​ភាគ​ខាងជើង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ជាប់​ជួរភ្នំ​ដងរែក ជួរភ្នំ​ក្រវាញ បន្ត​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ជាបន្តបន្ទាប់ ខណៈ​តំបន់​មាត់សមុទ្រនិង​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង ខ្យល់បក់​បោក លាយឡំ​នឹង​រលក​សមុទ្រ​ខ្ពស់។ ករណីនេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​រស់នៅ​តំបន់​រងគ្រោះ ត្រូវ​មានការ​ប្រុងប្រយ័ត្ននិងជម្លៀស​រក​ទីទួល​សុវត្ថិភាព។

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេល​វេលា ដើម្បី​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ព្រមទាំង​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ការ​លំបាកនិង​ផល​ប៉ះពាល់​ដល់អាយុ​ជីវិត​ប្រជាពលរដ្ឋនិង​ទ្រព្យសម្បត្តិ​នានា។

លោក​បាន​គូសបញ្ជាក់៖ «សូម ​[ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​] បន្ត​ចាត់វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុង​ការ​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋតាម​ភូមិសាស្ត្រ​ដែល​ទទួលខុសត្រូវ ឱ្យ​បាន​ទាន់ពេល​វេលា»។ 

ប្រធាន​រដ្ឋសភា លោក ហេង សំ​រិន បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លើកទឹកចិត្ត​ដល់​សមាជិក​-សមាជិកា​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល និង​ស្ថាប័នជាតិ​-អន្តរជាតិ បន្តសកម្មភាព​មនុស្សធម៌​ក្នុង​ការ​ជួយឧបត្ថម្ភ​គាំពារ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដូចជា ជំនួយ​សង្រ្គោះ​បន្ទាន់ សម្ភារ​ប្រើប្រាស់ ថវិកា ថ្នាំសង្កូវ ជាដើម ឱ្យ​បាន​ទាន់ពេល​វេលា។

ចំណែកមេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​ថ្ងៃម្សិលមិញ​ដែរ​ថា ស្ថានភាព​គ្រោះ​ទឹកជំនន់នៅ​តាម​តំបន់​មួយចំនួន ក្នុង​នោះមាន​ខេត្តបាត់ដំបងនិង​ខេត្តពោធិ៍សាត់ជាដើម នៅ​មិនទាន់​ធូរស្រាល​នៅឡើយ។

លោក​ក៏បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ផង​ដែរពី​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នេះ ដូចជា ផល​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ផលដំណាំ ទ្រព្យសម្បត្តិ និង​អាច​ប៉ះពាល់​ដល់អាយុ​ជីវិត​មនុស្ស សត្វ និង​មុខរ​បបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ។

លោ​ក កឹម សុខា បាន​គូសបញ្ជាក់​ថា៖ «ទោះបី​ខ្ញុំ​ពុំ​មានលទ្ធភាពនិង​សមត្ថកិច្ចក្នុង​ការ​ជួយ​សង្គ្រោះ​នូវ​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​នេះ​ក៏ដោយ ក៏​ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​ចូលរួម​ដោយ​ស្មោះនូវ​កង្វល់​និង​ការរំលែក​ទុក្ខ​លំបាក​របស់​បងប្អូន​ជនរួមជាតិនៅ​តាម​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​នេះ​ផង​ដែរ និង​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់»។ 

លោក​បាន​បន្ថែម​ថា៖ «ក្នុង​គ្រាលំបាក​ចំពោះមុខ​នេះ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់និង​សប្បុរសជន​ចូលរួម​ជួយ​រំលែកទុក្ខ​លំបាក​ទាំង​ស្មារតី​និង​សម្ភារដល់​បងប្អូន​ជនរងគ្រោះ​ដោយ​ទឹកជំនន់»។ 

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត និយាយ​ថា ការសង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​ទឹកជំនន់ ជា​ប្រយោជន៍​រួម ខណៈ​ការ​រួមគ្នា​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើងវិញ ជា​រឿង​ចាំបាច់​មួយទៀតដែល​អ្នកនយោបាយ​គួរ​ពិចារណា។

លោក​ថា៖ «ដើម្បី​ប្រជាពលរដ្ឋ ដើម្បី​ឧត្តម​ប្រយោជន៍ជាតិ បាន​ជា​យើង​តែងតែ​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​គោរព​សិទ្ធិមនុស្ស។»

នាយក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទ​រឿន មានប្រសាសន៍​ថា ការ​បង្ហាញ​សារ​រួមគ្នា​របស់​អ្នកនយោបាយ ក្នុង​ការ​ជួយសង្គ្រោះ​ពលរដ្ឋខ្មែរ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ពេលនេះ បាន​បញ្ជាក់​ថា អ្នកនយោបាយ​រួម​គិត​ពី​ប្រយោជន៍​និង​បញ្ហា​លំបាក​របស់​ពលរដ្ឋខ្មែរ។

ប៉ុន្តែ​លោក​ថា បើ​អ្នកនយោបាយ​បន្ត​ឆន្ទៈ​បែបនេះដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​ជាប់​គាំងដូច​បញ្ហា​ទឹកជំនន់ នោះ​ពួក​គេ​នឹង​ទទួល​បានការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ជាតិនិង​អន្តរជាតិ។

លោក​ថា៖ «នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​បែប​ទំនើប​នេះ មិនមែន​ជាស​មរ​ភូមិ​ដើម្បី​កាប់សម្លាប់​គ្នា​យកជ័យ​ទេ ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​សមត្ថភាព​និង​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចម្បងៗ​របស់​ជាតិ​ដើម្បី​ជា​ប្រយោជន៍​រួម​ទាំងអស់គ្នា»។

ចំ​ណែ​កឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មិ​កាមិ ម៉ា​សា​ហ៊ី​រ៉ូ នៅ​ថ្ងៃ​ចន្ទ​នេះ ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​គ្រោះ​ទឹកជំនន់​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​នៃ​ប្រទេស​កម្ពុជា ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ប្រជាជននិង​បង្ខំចិត្ត​ឱ្យ​ប្រជាជន​ជាច្រើនត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំចំពោះ​ក្រុម​គ្រួសារ​ដែល​រងគ្រោះ​ដល់អាយុ​ជីវិត​ដោយសារ​ទឹកជំនន់។ សូម​ឱ្យ​ប្រជាជន​កម្ពុជាមាន​សុខ​សុវត្ថិភាព ជាពិសេស​ប្រជាជន​ដែល​រស់នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់។ ខ្ញុំ​ក៏​សូម​បួងសួងសូម​ឱ្យ​ស្ថានភាព​នៃ​ជីវភាពរស់នៅ​វិល​មក​ដូចធម្មតា​វិញ​ឆាប់​ៗនេះ។ ប្រទេស​ជប៉ុននឹង​នៅ​គាំទ្រ​ជាមួយ​ប្រជាជន​កម្ពុជា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ