អាជ្ញាធរ​​មីន​​ណែនាំ​​ឱ្យ​​ការពារ​​ខ្លួន​​ពី​​មីន​និង​​សំណល់​​ជាតិ​ផ្ទុះ​​ពី​​សង្គ្រាម​ ពេល​​ទឹក​ជំនន់​

គ្រាប់មិនទាន់ផ្ទុះមួយចំនួនដែលត្រូវបានរកឃើញក្រោយពីមានភ្លៀងធ្លាក់ខ្លាំង នាដើមខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ អាជ្ញាធរមីន – Cambodian Mine Action Authority)

​អាជ្ញាធរ​មីន​ណែនាំ​ដល់​ស្ថាប័ន អង្គការ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ពង្រឹង​វិធានការ​ការពារនិង​ប្រុងប្រយ័ត្ន​ខ្លួន ចំពោះ​គ្រាប់មីននិង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុងអំឡុងពេលនិង​ក្រោយពេល​គ្រោះ​ទឹកជំនន់។

សេចក្ដីណែនាំ​របស់​អាជ្ញាធរ​មីនដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃសៅរ៍ បានឱ្យ​ដឹង​ថា ក្នុង​ពេលនិង​ក្រោយពេល​ទឹកជំនន់ មីននិង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន ត្រូវ​បាន​រក​ឃើញ ដោយសារ​ការ​ហូរច្រោះ​ដី​រសាត់​មក​ពី​តំបន់​ដែល​មាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថក្រោះ និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​ជាច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ប្រជាពលរដ្ឋ ជាយថាហេតុ ជាពិសេស​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មីននិង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម។

ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ អាជ្ញាធរ​មីនបាន​ណែនាំ​ដល់​គ្រប់​គណៈកម្មាធិការ​សកម្មភាព​មីន​ខេត្ត គ្រប់​ប្រតិបត្តិ​ករនិង​អង្គការ​ពាក់ព័ន្ធ ចូលរួម​សហការទប់ស្កាត់​ឱ្យ​បាន​នូវ​គ្រោះថ្នាក់​ដោយសារ​មីននិង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម ក្នុង​ពេល​និង​ក្រោយពេល​គ្រោះ​ទឹកជំនន់។

ក្នុង​នោះ អាជ្ញាធរ​មីនបាន​ជំរុញ​ឱ្យ​មានការ​ចុះ​ពង្រឹងនិង​អនុវត្ត​នូវ​ការ​តាមដាន​ព័ត៌មាន​ពី​មីន និង​ផ្សព្វផ្សាយ ឬផលិត​វីដេអូ​អប់រំ​ដល់​ពលរដ្ឋឱ្យ​យល់ដឹង​ពី​ផល​ប៉ះពាល់​របស់​មីន ហើយ​អាជ្ញាធរ​ខេត្តត្រូវការ​ឆ្លើយតប​ឱ្យ​ទាន់ពេល​នូវ​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ពី​ការ​ប្រទះឃើញ​មីន និង​ដាក់​ស្លាក​សញ្ញា​តាម​កន្លែង​ដែល​សង្ស័យ​ករណី​មាន​មីន។

បើ​តាម​អាជ្ញាធរ​មីន កម្ពុជានៅសល់​ផ្ទៃដី​រង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់បែក​ចង្កោម​ប្រមាណ​ជាង៧៤៣គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន១៩ទូទាំង​ប្រទេសដែល​នៅ​មិនទាន់​បាន​បោសសម្អាត។

អាជ្ញាធរ​មីនបាន​បញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ទិន្នន័យ​មូលដ្ឋាន ចាប់ពី​ឆ្នាំ២០០៩ ដល់​ខែសីហា ឆ្នាំ២០២០ ប្រទេស​កម្ពុជារង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់បែក​ចង្កោម​មានផ្ទៃ​ដី​ប្រមាណ​ជាង៨៩៤គីឡូម៉ែត្រ​ក្រឡា ក្នុង​នោះ បាន​បោ​សម្អាត​រួច មាន​ប្រមាណ​ជាង​១៨៥គីឡូម៉ែត្រ​ការ៉េ និង​ផ្ទៃដី​នៅសល់​មាន​ប្រមាណ​ជាង៧៤៣គីឡូម៉ែត្រ​ការ៉េ​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ