ក្រសួង​​អប់រំ​អនុញ្ញាត​​ឱ្យ​​គ្រឹះស្ថាន​​ឧត្តម​​សិក្សា​​សាធារ​ណៈ​​បើក​ទ្វារ​​ឡើង​វិញ​

ទិដ្ឋភាពនៅពីមុខសាកលវិទ្យាល័យកម្ពុជា អំឡុងពេលកូវីដ-១៩រាតត្បាត ឆ្នាំ២០២០។ (ហ៊ុ​ន សិរីវឌ្ឍន៍)

​ក្រសួង​អប់រំ យុវជន និងកីឡា បាន​អនុញ្ញាត​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ទាំងអស់​បើក​ដំណើរការ​ឡើងវិញ ក្រោយពី​ត្រូវ​បាន​បិទ​ជិត៧ខែ​ដោយសារតែ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ១៩។ 

លិខិត​ក្រសួង​អប់រំ យុវជន និងកីឡា ផ្ញើ​ទៅកាន់​សាកល​វិទ្យា​ធិការ និង​នាយក​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ បញ្ជាក់​ថា​ ការ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ ​ត្រូវ​គោរព​តាម​គោលការណ៍​ប្រតិ​បត្តិ​ស្ដ​ង់​ដារ (SOP​) និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដទៃទៀត។ តាម​ប្រភព​ដដែល គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ទាំងអស់​អាច​បើក​ឡើងវិញ​ចាប់ពី​ថ្ងៃទី៩ ខែតុលា​តទៅ។ 

គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់ក្រ​សួង​អប់រំ រួមមាន ​ការ​តម្រូវ​ឱ្យ​គ្រឹះស្ថានសិក្សា​រក្សា​សីតុណ្ហភាព​ថ្នាក់រៀន​មិន​ឱ្យ​ក្រោម២៤អង្សា​សេ សិស្ស​និង​គ្រូ​ត្រូវ​ពាក់​ម៉ាស់​និង​ស្រោមដៃ បន្ទប់​រៀន​ត្រូវ​សម្អាត និង​បែងចែក​ចំនួន​សិស្ស​ដើម្បី​រក្សា​គម្លាត​សង្គម​ជាដើម។

កញ្ញា ឯម ប៉ុក​សុភត្រា អាយុ១៩ឆ្នាំ ជា​និ​ស្សិតឆ្នាំទី៣ ផ្នែក​នីតិ​សាស្ត្រ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​លើកឡើង​ថា ​ការ​បើក​សាលា​ឡើងវិញ​អំឡុង​ពេល​ដែល​ជំងឺ​កូ​វីដ១៩នៅតែ​មាន​វត្តមាន​បែបនេះ ​អាច​មាន​ទាំង​ផល​ល្អ​និង​ផល​អាក្រក់។

កញ្ញា សុភត្រា បា​ននិយាយ​ថា៖ «វា​មាន​ផ្នែក​ល្អ ផ្នែក​អាក្រក់ ដោយសារ​ទោះជា​ឥលូវយើង​អាច​បើក​សាលា​បាន យើង​អាច​ចូលរៀន​វិញ វា​មានប្រសិទ្ធភាព​ចំពោះ​ការ​រៀន ព្រោះ​ការ​រៀន​អន​ឡាញ​ វា​អត់​ស្រួល​ទេ ហើយ​វា​មានប្រសិទ្ធភាព​ជាង​មុន។ តែ​ពេល​យើង​បើក​សាលា​វិញ វា​នៅតែ​មានឱកាស​ក្នុង​ការ​ឆ្លង​ជំងឺ ដោយសារ​ជំងឺនេះ​មិនទាន់​បាត់​ទៅ​ទាំងស្រុង​នោះ​ទេ»។ 

លោក ឌី ដា​រុ​ណ អាយុ២០ឆ្នាំ ជា​និ​ស្សិតឆ្នាំទី២ ផ្នែក​សិក្សា​អន្តរជាតិ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​និយាយ​ថា​ លោក​សាទរ​ដែល​សាលា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ។ 

លោក ឌី ដា​រុ​ណ បាន​លើកឡើង​ថា៖ «និយាយ​ពី​អា​រម្ម​ណ៍តាមត្រង់​ហ្មង ធម្មតា! ​ប៉ុន្តែក៏​ត្រេកអរ​ដែរ​ពេល​បើក​សាលា​ឡើងវិញ ឃើញថា ​ពេល​រៀន​អន​ឡាញ វា​រៀន​អត់​សូវ​យល់ ហើយ​វា​ស្ត្រេស នៅកន្លែង​មួយ​តែឯង។ ពេល​រៀន​ជាមួយ​គ្រូ មាន​បញ្ហា​អី ​យើង​ស្រួល​សួរ ហើយ​ការពិភាក្សា​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មិត្តភក្តិ»។

ផ្ទុយពី​កញ្ញា សុភត្រា លោក ឌី ដា​រុ​ណ បាន​និយាយ​ថា​ ខ្លួន​ពុំសូវ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ប៉ុន្មាន​នោះ​ទេ ព្រោះ​លោក​យល់ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​នេះ​បាន​រួច​ទៅ​ហើយ។ គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បិទទ្វារ​កាលពី​ថ្ងៃទី១៦ ខែមីនា ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ