សង្គម​​ស៊ីវិល​​ថា​ ការ​​ពង្រឹង​​អំណាច​​ស្ត្រី​​អាច​​ធ្វើ​​ទៅ​​បាន​​លុះ​ត្រា​​មាន​ការ​​ផ្លាស់​​ប្តូរ​​ផ្នត់​គំនិត​​សង្គម

យុវនារី​ម្នាក់​អង្គុយ​រៀបចំ​ការងារ​នៅក្នុង​យុទ្ធនាការ «១០០ កោដិ​សំឡេង» ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​គោលបំណង​ផ្តល់​អំណាច​ដល់​ស្ត្រី​និង​ក្មេងស្រី និង​បញ្ឈប់​អំពើ​ហិង្សា​យេនឌ័រ ប្រព្រឹត្តឡើងនៅដើមឆ្នាំ២០២០។ (USAID Cambodia​)

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​លើកកម្ពស់​សិទ្ធិ​ស្ត្រី លើកឡើង​ថា ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​សង្គមជា​កត្តា​ចាំបាច់​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ជាតិ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​រាល់​ទម្រង់​រើសអើងនិង​ពង្រឹង​អំណាច​ស្រ្តី។

កាលពី​ថ្ងៃសុក្រ គណៈរដ្ឋ​មន្ត្រី បាន​ដាក់ចេញ​នូវសេចក្តី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ថ្មី​លើក​ទី៣ ស្តី​ពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្នាំ២០១៩​-២០២៣ ដើម្បី​ជា​ផែនទី​តម្រង់​ទិស​សម្រាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដែល​ជា​ការធានា​ដល់​ប្រសិទ្ធភាព​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី កាត់បន្ថយ​រាល់​ទម្រង់​រើសអើង​លើ​ស្ត្រី។

មន្ត្រី​រដ្ឋាភិបាលបាន​គូសបញ្ជាក់​ថា ផែនការ​សកម្មភាព​ថ្មីនេះនឹង​ជួយ​លើកកម្ពស់​តម្លៃ​សីលធម៌​សង្គមគ្រួសារ​ខ្មែរ ពង្រឹង​អំណាច​ស្ត្រី និង​កុមារ​គ្រប់រូប ព្រមទាំង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​ស្ត្រី បាន​ចូលរួម​អភិវឌ្ឍប្រទេសជាតិ។

ផែនការ​ថ្មីនេះ រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធាន​ចំនួន៤ចំណុច​សំខាន់ ក្នុង​នោះមានការ​បង្ការ​ទប់ស្កាត់ កិច្ចការពារ​ផ្លូវច្បាប់​ចំពោះ​ស្ត្រី សេវា​ពហុ​វិស័យ ច្បាប់​និង​គោលនយោបាយ និង​ការ​តាមដាន​ត្រួតពិនិត្យនិង​ការវាយតម្លៃ។

នាយិកា​អង្គការ​សីលការ កញ្ញា សេង រាសី មានប្រសាសន៍​ថា ការអនុវត្ត​ផែនការ​សកម្មភាព​​បាន​ជោគជ័យ លុះណាតែ​មន្ត្រី​អនុវត្ត អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​ក្រុម​គ្រួសារ ចាត់ទុក​ការគោរព​សិទ្ធិ​ស្ត្រីជា​ការគោរព​សិទ្ធិមនុស្ស។

ផ្ទុយទៅវិញ កញ្ញា​ថា បើ​ដរាបណា​សិទ្ធិ​មូលដ្ឋាន​របស់​ស្ត្រី រួម​ទាំង​សិទ្ធិ​សេដ្ឋកិច្ចនិង​សិទ្ធិ​ចូលរួម នៅតែ​ត្រូវ​បាន​គេ​រំលោភបំពាន នោះ​ការ​ពង្រឹង​អំណាច​ស្ត្រីនឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ។

កញ្ញា​ថា៖ «ប្រសិនបើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទះ ខ្ញុំ​ត្រូវ​បាន​គេ​វាយ ខ្ញុំ​ត្រូវ​បាន​គេ​ជេរស្តី ត្រូវ​បាន​គេ​បិទ​សេដ្ឋកិច្ច ឬមួយ​ក៏​ស្អី​ផ្សេង​ៗ នោះ​សិទ្ធិ​រស់រាន​មានជីវិត​យ៉ាងម៉េច​? ហើយ​បើ​ជីវិត​ខ្ញុំ​ពេលណា​ក៏​ត្រូវ​បាន​គេ​គំរាម ហើយ​គេ​ចង់​ឆក់ គេ​ចង់​យកពេល​ណា​ក៏បាន អ៊ីចឹង​វា​ប៉ះពាល់​ច្រើន​នៅពេល​ដែល​ស្ត្រី​ភាគច្រើន​នៅក្នុង​ប្រទេស​របស់​យើង ត្រូវ​បាន​រងគ្រោះ​ដោយ​អំពើ​ទាំងអស់​នោះ អ៊ីចឹង​សក្តា​នុ​ពល​នៃ​ការចូលរួម​របស់​ស្ត្រី​ក៏​មានកម្រិត​ដែរ»។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ដែល​ធ្វើការ​ផ្នែក​លើកកម្ពស់​សិទ្ធិមនុស្ស បាន​លើកឡើង​ថា ដើម្បី​ពង្រឹង​អំណាច​ស្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព ទាល់​តែ​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ពង្រឹង​ដល់​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​សង្គម ឈប់​ស្តី​បន្ទោស​ស្ត្រី​ដែល​រងគ្រោះ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ដើម្បី​ឱ្យ​ស្ត្រី​មាន​អារម្មណ៍​ថា ពួក​គេ​រស់នៅ​មាន​សុខ​សុវត្ថិភាព។

អ្នកស្រី​បន្ត​ថា ការ​មាន​ផែនការ​ជាតិ​ជាក់លាក់ ជា​ការងារ​ល្អ ដើម្បី​ជួយ​តម្រង់​ទិស​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធក្នុង​ការអនុវត្ត ប៉ុន្តែ​ការ​ពង្រឹង​អំណាច​ស្ត្រី​នឹង​មិន​អាច​ទៅរួច​ទេ ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះមិន​អាច​លុបបំបាត់​វប្បធម៌​ស្តី​បន្ទោស​ស្ត្រី​រងគ្រោះ និង​សម្របសម្រួល​ពួក​គេ​ឱ្យ​ទ្រាំ​រស់​ជាមួយ​អំពើ​ហិង្សា​នោះ។

អ្នកស្រី​ថា៖ «នៅពេល​ស្ត្រី​ទៅ​ប្តឹង គាត់​ថា “មិន​អី​ទេ​! ទ្រាំ​ទៅ! ​វា​មិន​អី​ទេ” ឬក៏​ព្យាយាម​ដោះស្រាយឱ្យ​ស្ត្រី​ហ្នឹង​ទៅ​នៅជា​មួយ​ប្តី​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា កន្លែង​ហ្នឹងហើយ​ដែល​ជា​ឧបសគ្គ ដែល​ទាមទារ​ឱ្យ​អ្នក​អនុវត្ត​ច្បាប់​យល់​ពី​បញ្ហា​ដែល​ទាមទារ ឱ្យ​ផ្តល់​នូវ​កិច្ច​គាំពារ​ដល់​ស្ត្រី​ដែល​ជា​ជនរងគ្រោះ​ហ្នឹង»។

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា អ្នកស្រី រស់ សុភាព បាន​លើកឡើង​ប្រហាក់​ប្រហែលគ្នា​ថា អំពើ​ហិង្សា​លើ​ស្ត្រី​បច្ចុប្បន្នហាក់​មាន​រូបភាព​សាហាវ​ជាង​មុន។

ករណីនេះ អ្នកស្រី​បាន​ជំរុញ​ដល់​ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​សីលធម៌​សង្គម បង្កើន​ថវិកា និង​ធនធានមនុស្ស ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​ជាតិនេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

អ្នកស្រី​ថា៖ «ព្រោះ​ខ្ញុំ​ជា​មនុស្ស​រស់នៅ​ច្រើន​ជំនាន់​ដែរ ខ្ញុំ​មើលឃើញ​ថា កាលពី​ជំនាន់​មុន ជំនាន់ លន់ នល់ ជំនាន់​សម្តេច​សីហនុ [ព្រះ​មហា​វី​រក្ស​ត្រ​] ហ្នឹង កម្មវិធី​វិទ្យុជាតិអី​មានការ​អប់រំ​ល្អ ហើយ​នៅ​សាលារៀន​ក៏​ដូចគ្នា​ដែរ»។

វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ និង​ក្រសួងកិច្ចការនារី នៅ​ឆ្នាំ២០១៥ បាន​បង្ហាញថា ២០ភាគរយ​នៃ​ស្ត្រី​កម្ពុជា ធ្លាប់​ទទួលរង​អំពើ​ហិង្សា​លើ​រូបរាងកាយ​និង​ផ្លូវភេទ​ពី​ដៃគូ​របស់​ពួក​គេ ក្នុង​នោះ ៩០ភាគរយ​នៃ​ស្ត្រី​ទាំងនោះ រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ដែល​ចាំបាច់​ទាមទារ​ឱ្យ​មានការ​ថែទាំ​សុខភាព។

ចំណែកអង្គការ​អន្តរជាតិ​យូនី​សែ​ហ្វ រក​ឃើញ​ដែរ​ថា នៅ​ឆ្នាំ២០១៧ កុមារ​ជាង២០ភាគរយ រស់នៅ​ជាមួយ​ម្តាយ​ដែល​ជា​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សាទាំង​ផ្លូវកាយ ផ្លូវភេទ និង​ផ្លូវ​អារម្មណ៍ ដោយសារ​ស្វាមី​ឬដៃគូ​របស់​ពួក​គេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ