ជន​ជាតិ​​ចិន​​ជាង​១០០​នាក់​​ទទួល​​បាន​​សញ្ជាតិ​​ខ្មែរ​​នៅ​​រយៈ​ពេល​៦​ខែ​​ដើម​ឆ្នាំ​​នេះ​

ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋ។ (ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម)

​ជនបរទេស​យ៉ាងហោចណាស់១៣៩នាក់​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ក្នុងរយៈពេល៦ខែ​ឆ្នាំ២០២០នេះ ដែល​ក្នុង​នោះ​ជនជាតិ​ចិន​មាន១១៤នាក់។ 

វី​អូ​ឌី​បាន​ស្រង់​ទិន្នន័យ​ពី​ឯកសារ​រាជកិច្ច​ដែល​ចេញផ្សាយ​ដោយ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បង្ហាញថា យ៉ាងហោចណាស់​មាន​ព្រះរាជ​ក្រឹត្យ​ចំនួន១៣៩ បានសម្រេច​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស១២សញ្ជាតិ គិត​ត្រឹម​ដំណាច់​ឆមាស​ទី១ ឆ្នាំ២០២០។ តាម​ប្រភព​ដដែល ជនជាតិ​ចិន​ទាំង១១៤នាក់ ​(តៃវ៉ាន់៦នាក់​) នោះ បាន​ទទួល​សញ្ជាតិ​ខ្មែរ​តាម​រយៈ​សញ្ជាតូ​បនី​យក​ម្ម ​(ដាក់ពាក្យសុំ​សញ្ជាតិ​)។ 

ទោះជាយ៉ាងណា​ក្ដី ទិន្នន័យ​ដែល​ស្រង់​ចេញពី​ឯកសារ​រាជកិច្ច​ឆមាស​ទី១ ឆ្នាំ២០២០ ឱ្យ​ដឹង​ថា ក្រៅពី​ជនជាតិ​ចិន កម្ពុជា​ក៏បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ដ៏​ទៀត​តាមរយៈ​សញ្ជាតូបនីយកម្ម​និង​ផ្ដល់​តាម​ចំណង​អាពាហ៍​ពិពាហ៍​ដែរ​ ដែល​ក្នុង​នោះ​រួមមាន​ អាមេរិក២នាក់ កាណាដា៣នាក់ កូរ៉េ​ខាងត្បូង៥នាក់ អូស្ត្រាលី២នាក់ បារាំង​ម្នាក់ អង់គ្លេស​ម្នាក់ បង់ក្លាដេស៤នាក់ ភូមា​ម្នាក់ ឥណ្ឌា​ម្នាក់ ឥណ្ឌូ​នេ​ស៊ី​ម្នាក់ និង​វៀតណាម២នាក់។ 

ច្បាប់​ស្ដី​ពីសញ្ជាតិ​ចែងថា ជនបរទេស​អាច​សុំ​ចូលសញ្ជាតិ​ខ្មែរ​បានដោយ​សញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្ម មិនមែន​ជា​សិទ្ធិ​របស់​អ្នកស្នើ​សុំ​ឡើយ គឺជា​ការ​អនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ​អាច​ត្រូវ​បដិសេធ​ចោល​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ។

ច្បាប់​សញ្ជាតិ​ចែង​ទៀត​ថា ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ ដូចជា ​ទី១ មានគំនិត​មាយាទ​និង​សីលធម៌​ល្អ ទី២ ត្រូវ​មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មានទោស​ពី​បទ​ព្រហ្មទណ្ឌ​ណាមួយ ទី៣ ត្រូវ​មាន​លិខិតបញ្ជាក់​ថា ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់នៅ​ជាប់​ចំនួន៧ឆ្នាំ។ ទី៤ ត្រូវ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅពេល​ដាក់ពាក្យ​សុំ​សញ្ជាតូ​បនី​យកម្ម។ ទី៥ ត្រូវ​ចេះនិយាយ​ភាសាខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ​ៗ។ ទី៦ ត្រូវ​មាន​បញ្ញា​និង​កាយសម្បទា​ដែល​មិន​នាំឱ្យមាន​គ្រោះថ្នាក់​ឬនាំឱ្យមាន​បន្ទុក​ដល់​ជាតិ។

អ្នកនាំពាក្យ​តុលាការ​កំពូល លោក អ៊ុ​ក គឹ​មជាតិ មានប្រសាសន៍​ថា​ ក្រសួងមហាផ្ទៃ​ជា​អ្នកមាន​នាទី​រៀបចំ​លក្ខខណ្ឌ​ទទួល​បាន​សញ្ជាតិ​ខ្មែរដែល​ស្នើសុំ​ដោយ​ជនបរទេស។ 

លោក អ៊ុ​ក គឹ​មជាតិ បាន​លើកឡើង​ថា៖ «ការ​មក​ស្បថ​នៅ​តុលាការ​កំពូល ​គឺជា​នី​តិ​វិធី​ចុងក្រោយ ចំពោះ​ការ​សម្ភាស ​ការរៀបចំឯកសារ​ដាក់ពាក្យ​ស្នើសុំ ពិនិត្យ​លក្ខណៈ​សម្បត្តិ​នៅ​ខាង​ក្រសួងមហាផ្ទៃ»។

លោក អ៊ុ​ក គឹ​មជាតិ បាន​បន្ថែម​ថា ​តុលាការ​កំពូល​ កាលពី​ខែកញ្ញា​កន្លងទៅ ​ក៏​ទើបតែ​បានសម្រេច​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ចំនួន២០នាក់ ​ក្នុង​នោះ​ចិន១៩នាក់និង​កាណាដា​ម្នាក់។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក កង សុខន អគ្គនាយក​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​បានទេ​ គិតត្រឹម​ថ្ងៃទី១២ ខែតុលា​នេះ។ 

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា ជនជាតិ​ចិន​ដែល​ចង់បាន​សញ្ជាតិ​ខ្មែរ ភាគច្រើន​មានបំណង​គ្រប់គ្រង​អចលនទ្រព្យ​នៅ​ស្រុកខ្មែរ។ លោក​ថា ព័ត៌មាន​ពី​ដំណើ​ការ​ផ្ដល់​សញ្ជាតិ​ឱ្យ​ជនបរទេស ​គួរណាស់តែ​ត្រូវ​បាន​បង្ហាញ​ប្រកបដោយ​តម្លាភាពដើម្បី​ប្រយោជន៍ជាតិ។

លោកបណ្ឌិត មាស នី មានប្រសាសន៍​ថា៖ «តើ​ការ​ផ្ដល់​សញ្ជាតិ​ហ្នឹង​មាន​តម្លាភាព​ប៉ុណ្ណា​ នេះ​ជា​រឿង​មួយ​សំខាន់ ហើយ​យើង​មានការ​ពិបាក​ក្នុង​ការវិនិច្ឆ័យ ថា​តើ​ការ​ផ្ដល់​សញ្ជាតិ​ហ្នឹង បាន​ធ្វើ​ទៅតាម​ភាព​ត្រឹមត្រូវ​តាម​នីតិ​វិធី​ឬអត់​? ការ​ចូលសញ្ជាតិ​អាច​មានផល​ល្អ​ចំពោះ​អ្នកសុំ​ចូល​ [សញ្ជាតិ​] គេ​នឹងអាច​មានលទ្ធភាព​ក្នុង​ការប្រើ​ប្រាស់កម្មសិទ្ធិ​របស់​គេ​ [អចលនទ្រព្យ​] ដើម្បី​ស្រួល​រកស៊ី​ក្នុង​ប្រទេស​មួយ។»

ការណ៍ដែល​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ នឹងអាច​នាំ​ឱ្យ​ពួក​គេ​កាន់កាប់​អចល​នទ្រព្យ​ដីធ្លី នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ខណៈ​ដែល​ច្បាប់​ស្តី​ពី​ការ​ផ្តល់សិទ្ធិ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ដល់​ជនបរទេស បាន​ចែងថា ជនបរទេស​មាន​សិទ្ធិ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ ចាប់ពី​ជាន់ទី១ (មួយ​) ឡើង​ទៅ។ ជាន់ផ្ទាល់ដីនិង​ជាន់ក្រោម​ដី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​កម្មសិទ្ធិ​ឡើយ ។

ជនបរទេស​ដែល​បាន​ទទួល​សញ្ជាតិ​ខ្មែរ នឹង​មានឱកាស​កាន់​តំណែង​ក្នុង​ជួរ​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់ថ្នាក់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​ពី​កំណើត​ដូច្នេះ​ដែរ លើកលែងតែ​ឈរឈ្មោះ​ធ្វើ​តំណាងរាស្ត្រ។ នេះ​បើ​តាមច្បាប់​ស្ដីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីម​អេង មា​នប្រ សាសន៍​ថា កំណើន​នៃ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស ​ជាពិសេស​ជនជាតិ​ចិន ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​និង​យកចិត្ត​ទុកដាក់។ លោក​បន្ត​ថា ​ជនជាតិ​ចិន​មួយចំនួន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មួយចំនួន​នៅ​កម្ពុជា ​ដែល​ជា​ប្រការ​គួរ​ឱ្យ​បារម្ភ​បើសិនជា​ក្នុងចំណោម​ជនខិលខូច​ឬឧក្រិដ្ឋជន​ណាមួយ​ទទួល​សញ្ជាតិ​ខ្មែរ​នោះ។

លោក យង់ គីម​អេង បាន​លើកឡើង​ថា៖ «យើង​យក​ប្រជាជន​ម្នាក់ចូលសញ្ជាតិ​ខ្មែរ​ ទាល់តែ​បុគ្គល​ដែល​ល្អ​មាន​សីលធម៌​អី​ស្របតាម​ច្បាប់​សញ្ជាតិ។ រឿង​ចិន​នេះ​ ជា​យោបល់​ខ្ញុំ ខ្ញុំ​ថា​មិន​គួរ​លើកទឹកចិត្ត​ឱ្យ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ឱ្យ​គាត់​ឆាប់​ពេក​ទេ គួរតែ​មានការ​តាមដាន​ពី​សកម្មភាព​និង​ប្រវត្តិ​របស់​ពួក​គាត់​ឱ្យ​បាន​ដិតដល់​ច្បាស់លាស់»។

ទោះជាយ៉ាងណា​ក្ដី​ ច្បាប់​សញ្ជាតិ​ក៏បាន​ចែង​ពី​ការ​ផ្ដល់​សញ្ជាតូបនីយកម្ម​សម្រាប់​អ្នក​វិនិយោគនិង​អ្នក​ឧប​ត្ថ​ម្ភប្រាក់​សប្បុរសធម៌​ជា​ប្រយោជន៍​សង្គម​ខ្មែរ​ដែរ។ អនុក្រឹត្យ​ស្ដីពីបែបបទ​និង​នីតិ​វិធី​ស្ដីពី​ការ​សុំ​សញ្ជាតូ​បនី​យ​កម្ម បញ្ជាក់​ថា ជនបរទេស​ណាដែល​បាន​ទទួលលិខិត​អនុញ្ញាត​ឱ្យវិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​អនុវត្ត​គម្រោង​ជាក់ស្តែង ​ចំណាយ​ទុន​វិនិយោគ​ចាប់ពី១ ២៥០លាន​រៀល​ឡើង​ទៅ និង​ជនបរទេស​ដែល​បាន​បង្ហាញ​នូវ​ភស្តុតាង​ថា បាន​ផ្តល់​គុណសម្បត្តិ​ពិសេសឬថ្វីដៃ​ពិសេស​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា អាច​ធ្វើពាក្យ​ចូលសញ្ជាតិ​ខ្មែរ។ ដោយឡែក អ្នក​ដែល​បាន​ធ្វើអំណោយ​ជា​ប្រាក់​ដល់​ថវិកាជាតិ​ចាប់ពី១ពាន់​លាន​រៀលឡើង​ទៅ សម្រាប់​ជា​ផលប្រយោជន៍​ដល់​ការ​ស្តារនិង​កសាង​សេដ្ឋកិច្ច​នៃ​កម្ពុជា ជន​នោះ​ក៏អាច​ធ្វើពាក្យ​សុំ​សញ្ជាតិ​ខ្មែរ​បាន​ដែរ។

ទិន្នន័យ​ដែល​ស្រង់​ចេញពី​ឯកសារ​រាជកិច្ច ឱ្យ​ដឹង​ថា ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ចំនួន៧២នាក់​ នៅក្នុង​ខែធ្នូ​ ឆ្នាំ២០១៩។ ក្នុង​នោះ ជនជាតិ​វៀតណាម​ម្នាក់ បារាំង​ម្នាក់ ថៃ​ម្នាក់ អាមេរិក១គ្រួសារ៣នាក់ អេស្ប៉ាញ​ម្នាក់ និង​ជនជាតិ​ចិន៦៥នាក់ ​(តៃវ៉ាន់២នាក់​)។

របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម ចេញផ្សាយ​កាលពីដើម​ឆ្នាំ២០១៨ លើកឡើង​ថា រយៈពេល៣ឆ្នាំ​ ពីឆ្នាំ២០១៤ដល់២០១៧ មាន​ជនបរទេស​ចំនួន១ ៥១៨នាក់ ដែល​បាន​ទទួល​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជា​តូប​នី​យក​ម្ម (ទទួល​បាន​សញ្ជាតិ​តាម​ការ​ស្នើសុំ​) ការ​ទាមទារ​សញ្ជាតិ និង​ការ​ផ្តល់​ជូន​ដោយ​ចូល​ស្បថចំពោះ​តុលាការ​កំពូល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ