អាជ្ញាធរខេត្តកណ្ដាល អះអាងថា ភាគីវៀតណាមនៅតែរក្សាជំហរមិនព្រមរុះរើសំណង់រឹងមាំ និងតង់ ចេញពីតំបន់មិនទាន់ឯកភាពគ្នា នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរតាមការស្នើសុំរបស់កម្ពុជានោះទេ ហើយថា ភាគីវៀតណាមសុំពេលមួយរយៈទៀតដើម្បីទប់ស្កាត់មេរោគកូវីដ១៩។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់វីអូឌីថា កម្ពុជាបានបន្តទំនាក់ទំនងទៅភាគីវៀតណាមឲ្យរុះរើសំណង់រឹង និងរុះរើជម្រកតង់ ចេញពីតំបន់ដែលមិនទាន់ឯកភាពគ្នាដែរ ប៉ុន្តែភាគីវៀតណាមបានសុំឱ្យកម្ពុជា ទុកពេលមួយរយៈទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ « ការឆ្លើយតបរបស់វៀតណាមថា ការទប់ស្កាត់កូវីដ១៩ ការឆ្លងចេញចូលប្រជាពលរដ្ឋរបស់នៃប្រទេសទាំងពីរ ពេលអស់កូវីដគេនឹងរើចេញវិញ ហើយដំណាក់កាលប្រឈមកូវីដវៀតណាមសុំដាក់កន្លែងតង់ ឬរោង សំរាប់ពិនិត្យសុខភាពអ្នកឆ្លងដែនហ្នឹង»។
របាយការណ៍របស់នគរបាលជាតិកាលពីខែកក្កដាឆ្នាំ២០២០ បង្ហាញថា វៀតណាមបានបោះតង់ចំនួន២៨៧កន្លែង នៅតំបន់មិនទាន់ឯកភាពគ្នានៅព្រំដែនជាប់ខេត្ត កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង មណ្ឌលគិរី។
ចាប់តាំងពីខែមិថុនាមក អាជ្ញាធរ កម្ពុជា មានវិធានការជាបន្តបន្ទាប់ ទាំងចុះទៅទីតាំងបោះតង់ផ្ទាល់ ធ្វើកំណត់ទូត និង កោះហៅមន្ត្រីឯកអគ្គរដ្ឋទូតវៀតណាមសាកសួរជាដើម ទាមទារឱ្យរុះរើតង់ចេញ។ ប៉ុន្តែរហូតដល់ចុងខែសីហា វៀតណាមបានដូរពីតង់ទៅសំណង់រឹងវិញដែលធ្វើពីឈើខាងលើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី។ គិតមកត្រឹមថ្ងៃទី៣០ខែកញ្ញាតង់ចំនួន១២ ត្រូវបានដូរទៅជាសំណង់រឹង៕