វិភាគ​៖ Abe​ ជា​​មេ​ដឹក​នាំ​​មាន​​សមត្ថ​ភាព​​និង​​ចេះ​​ដាក់​ខ្លួន​​

លោក អាបេ ក្នុងថ្ងៃប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ (Twitter of Abe/ 安倍晋三)

លោក Abe Shinzo កាន់​តំណែង​យូរ​ជាងគេ ​គឺ​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ជិត៨ឆ្នាំ ជួយ​ជំរុញ​ឱ្យ​ជប៉ុន មានការ​រីកចម្រើន​ទាំង​ក្នុង​ប្រទេសនិងមាន​ពង្រីក​ឥទ្ធិពល​នៅ​លើឆាកអន្តរជាតិ ប៉ុន្តែ​លោក​ជា​មនុស្ស​ដាក់ខ្លួន​មិន​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​គុណសម្បត្តិ​របស់​លោក​នោះ​ទេ។

លោក Abe Shinzo វ័យ៦៥ឆ្នាំ បាន​ដាក់ពាក្យ​លាលែង​ពី​តំណែង​ជានា​យក​រដ្ឋមន្ត្រី​កាលពី​ចុងខែ​សីហា ក្រោម​ហេតុផល​ជំងឺ​រលាក​សួត។ ត្បិត​តែ​លោក​ប្រើ​ហេតុផល​លាលែង​ដោយសារ​ជំងឺ​ ប៉ុន្តែ​មិនដល់​ថ្នាក់​ដេកដួល​នោះ​ទេ ​គឺ​លោក​នៅតែ​ធ្វើដំណើរនិង​ចូលរួម​កម្ម​វិធី​សំ​ខាន់​ៗរបស់​ជាតិ​បាន​ធម្មតា។

សមិទ្ធផល​

ចំពោះ​សមិទ្ធផល​ការងារ​ គឺ​លោក​បាន​ប្រឹងប្រែង​បំពេញការងារ​ក្នុង​ពេល​កាន់​តំណែង ដោយ​ពង្រឹង​បន្ថែម​ការិយាល័យ​សន្តិសុខជាតិ ធ្វើ​ឱ្យ​ជប៉ុន​ក្លាយជា​អ្នកចូលរួម​បង្កើត​ច្បាប់​ឬគោលការណ៍​អន្តរជាតិ​ឆ្ពោះទៅ​រក​ការ​ពង្រឹង​សណ្តាប់​ធ្នាប់​នៅក្នុង​តំបន់​និង​ពិភពលោក ការពារ​ពី​ការវាយប្រហារ​ទាំង​ខាងក្នុងនិង​ខាងក្រៅ។

កាលពី​ខែកញ្ញា ឆ្នាំ២០១៥ ជប៉ុន​បានសម្រេច​រៀបចំ​ច្បាប់និង​សម្របសម្រួល​ជាមួយ​ស្ថានភាព​នយោបាយ​អន្តរជាតិ​ ឈាន​ដល់ជប៉ុន​អាច​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ធ្វើសង្គ្រាម​នៅ​លើឆាកអន្តរជាតិ​បាន​វិញ ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខ​ពិភពលោក។ ក្នុងចំណោម​ហេតុផល​ជាច្រើន​ គឺ​ការ​ប្រឹងប្រែង​រៀបចំ​ឱ្យ​មាន​សិទ្ធិ​បញ្ជូន​កងទ័ព​ទៅក្រៅ​ប្រទេស​បាន​នេះ ​ក៏​ជា​ការ​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួនទប់ទល់​ការ​គំរាមកំហែង​ពី​ចិននិង​កូរ៉េខាងជើង​ជា​ប្រទេស​ក្បែរ​ខាង​ដែរ។

លោក Abe បាន​ដើរតួ​នាទី​សម្រេច​ក្នុង​ការ​ពង្រឹង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP 11​) ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​លេចធ្លោ​មួយ​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ២០១៩ និង​បាន​ចរចា​កិច្ច​ព្រមព្រៀង​ហិរញ្ញវត្ថុ​និង​អភិវឌ្ឍន៍​មួយចំនួន​ជាមួយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០១៨។

នៅពេល​ដែល​លោក ដូ​ណាល់ ត្រាំ ដើរចេញ​ពី​កិច្ច​ព្រមព្រៀង TPP គឺ​ជប៉ុន​នៅតែ​ដើរតួ​នាទី​ក្នុង​ការសម្រប​សម្រួល​សម្ព័ន្ធ​មិត្ត​នេះឱ្យ​ដើរទៅ​មុខ​រួច​ដូចធម្មតា។

ត្បិត​ជប៉ុន​ហាក់​ស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅពេល​ដែល​លោក ដូ​ណាល់ ត្រាំ ដាក់​សម្ពាធ​លើ​ប្រទេស​ផ្សេង​ៗរួម​ទាំង​ជប៉ុន​ផង​នោះ លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែក​ថែប ក៏​លោក អាបេ ​បាន​ចេញ​តវ៉ា​តាម​ការ​ទូត​យ៉ាង​ស្វិតស្វាញ​ផង​ដែរ។

ចំពោះ​សេដ្ឋកិច្ច​ ត្បិត​តែ​ជប៉ុន​ជួប​គ្រោះ​ធម្មជាតិដោយ​ការរញ្ជួយដី រលក​ស៊ូ​ណា​មិ ជាបន្តបន្ទាប់ ប៉ុន្តែ​ជប៉ុន​នៅតែ​ឈរ​នៅ​សេដ្ឋកិច្ច​ធំ​លើ​ពិភពលោក​លំដាប់​លេខ៣ បន្ទាប់ពី​សហរដ្ឋអាមេរិកនិង​ប្រទេស​ចិន។ ជាពិសេស​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នេះ សេដ្ឋកិច្ច​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរនិងមាន​កំណើន។

របាយការណ៍​ផ្លូវការ​មួយបាន​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​ ទី៣០ ខែកញ្ញា ​ថា ទិន្នផល​រោងចក្រ​បាន​កើនឡើង១,៧ភាគរយ​កាលពី​ខែសីហា​កន្លងមក ដោយសារ​ការ​កើនឡើង​នៃ​ការផលិត​ផលរថយន្តនិង​គ្រឿងបន្លាស់​រថយន្ត​ ក៏ដូចជា​ដែកថែប ដែក​ និង​លោហធាតុដែល​​មិនមែន​ផលិត​ពី​ដែក។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័រ។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន បាន​និយាយ​ថា អ្នក​ផលិត​រំពឹង​ថា ​ទិន្នផល​នឹងអាច​កើនឡើង៥,៧ភាគរយ​នៅក្នុង​ខែកញ្ញា និង២,៩ភាគរយ​នៅក្នុង​ខែតុលា។

លោក Tom Learmouth សេដ្ឋវិទូ​ជប៉ុន​ប្រចាំ​ក្រុមហ៊ុន Capital Economics បាន​ថ្លែង​ថា​ប្រសិនបើ​ការព្យាករ​ក្នុង​ខែកញ្ញា​មានការ​កើនឡើង ​គឺត្រូវ​បាន​ព្យាករ​ថា ទិន្នផល​ផលិតកម្ម​នឹង​ស្ទុះឡើង១០ភាគរយ​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​នៅក្នុង​ត្រីមាស​ខែកញ្ញា​នេះ។

លក្ខណៈ​សម្បត្តិ​

បើ​ទោះជា​លោក Abe ជា​មេដឹកនាំ​ដែល​កាន់​តំណែង​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​រយៈពេល​ជិត៨ឆ្នាំ នៅតែ​មានការ​គាំទ្រ​ច្រើន ហើយ​លោក​កសាង​សមិទ្ធផល​ច្រើន​សម្រាប់​ប្រទេស កិត្តិយស​ប្រទេស និងពិភពលោក​ក៏ដោយ ប៉ុន្តែ​មេដឹកនាំ​រូប​នេះមិនដែល​អួតអាង​ទាមទារ​គុណសម្បត្តិ គំរាមកំហែង​ក្រុម​ផ្សេងទៀតឬទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​អរគុណ​រូប​នោះ​ទេ។

ផ្ទុយទៅវិញ លោក Abe Shinzo តែងតែ​សម្តែង​ការ​គោរព​ដល់​ប្រជាពលរដ្ឋ ហើយ​ប្តេជ្ញា​បំពេញការងារ​ឱ្យ​អស់ពី​លទ្ធភាព។ បើ​ទោះជា​មួយ​រយៈកាល​ចុងក្រោយ​លោកមាន​ជំងឺ ​ហើយ​ប្រជាពលរដ្ឋ​ជប៉ុន​សម្តែង​ការ​បារម្ភ​ពី​លោក​ក៏ដោយ ក៏​លោក អាបេ​ បង្ហាញ​សារដោយ​បញ្ជាក់​ថា ​សុខភាព​លោក​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​លោក​អាច​បំពេញការងារ​បាន ​មិន​ឱ្យ​ប៉ះពាល់​ដល់​ជាតិ​នោះ​ទេ។ 

នៅ​ថ្ងៃ​ធ្វើសន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​លាឈប់​ពី​តំណែង​ កាលពី​ថ្ងៃទី២៨ ខែសីហា ​ឆ្នាំ២០២០ លោក Abe បាន​សុំទោស​ប្រជាពលរដ្ឋ​ដែល​លោក​សម្រេច​លាឈប់​ចំ​ពេល​ដែល​ប្រទេសជាតិ​ជួប​វិបត្តិ​មេរោគ​កូ​វីដ១៩ ហើយ​គោលនយោបាយ​របស់​លោក​មិនទាន់​បានសម្រេច​អស់។

លោក Abe៖ «សូមអភ័យទោស​ដល់​ប្រជាជន​ពី​បេះដូង​ខ្ញុំ​ ដែល​បាន​ចាកចេញ​ពី​ការងារ​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​វីរុស​នេះ ​ខណៈ​ពេល​ដែល​គោលនយោបាយ​ជាច្រើន​ទើបតែ​ឈាន​ដល់​ពាក់កណ្តាល​នៃ​ការសម្រេច​បាន»។

ការទទួលខុសត្រូវ​

ការទទួលខុសត្រូវ​របស់​មេដឹកនាំ​ជប៉ុន​រូប​នេះ ​គឺ​លោក​ប្រឹងប្រែង​ធ្វើការងារ​រហូតដល់​ថ្ងៃ​លោក​ប្រកាស​លាលែង​ពី​តំណែង ហើយ​លោក​ប្តេជ្ញា​បំពេញការងារ​បន្ត​រហូតដល់​ជ្រើសរើស​មេដឹកនាំ​ថ្មី​បាន។

លោក Abe ផ្តល់​សិទ្ធិ​ឱ្យ​សភា​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​ថ្មី រហូតដល់​ថ្ងៃទី១៦ ខែកញ្ញា សមាជិករដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសរើស​លោក Yoshihide Suga វ័យ៧១ឆ្នាំ អតីត​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ឱ្យ​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ជំនួស​លោក Abe។ លោក Abe បាន​ជូន​បាច់​ផ្កាដ​ល់​មេដឹកនាំថ្មី​ ភ្ជាប់​ជាមួយ​ពាក្យ​ជូនពរ​ឱ្យ​បំពេញការងារ​បាន​ជោគជ័យ ធ្វើ​ឱ្យ​បរិយាកាស​នៃ​ការផ្ទេរ​តំណែង​ពោរពេញ​ដោយ​កិត្តិយសនិង​អត្ថន័យ។

លោក Abe ធ្លាប់​ទទួលរង​ការចោទប្រកាន់​ថា លោក​មាន​កំហុស​ក្នុង​ពេល​ដែល​ប្រកួតប្រជែង​ការបោះឆ្នោត​ គឺ​លោកបាន​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ បើក​ឱ្យ​ស៊ើបអង្កេត​ដោយសេរី​ដើម្បី​ស្វែងរក​ការពិត។

កាលពី​អំឡុង​ខែឧសភា ឆ្នាំ២០១៧ លោក Abe Shinzo និងភរិយា​របស់​លោក គឺ​លោកស្រី Akie Abe ត្រូវ​បាន​ចោទប្រកាន់​ថា មានរឿង​អាស្រូវ​ក្នុង​ការ​ឈរ​មុខ​ឱ្យ​សាលា​មត្តេយ្យ​មួយ​មាន​ប្រជាប្រិយ​ភាព ហើយ​ទទួលអំណោយ​ដោយសម្ងាត់។ ករណីនេះ ក៏​តុលាការ​ជប៉ុន​បើក​ការស៊ើបអង្កេតដោយ​គ្មាន​ការ​រារាំងណាមួយ​ដែរ។

ជា​រួម​មក ​មិន​មាន​មនុស្ស​ឬមេដឹកនាំ​ណាមួយ​ល្អឥតខ្ចោះ​នោះ​ទេ ប៉ុន្តែលោក Abe Shinzo​ ប្រឹងប្រែង​បំពេញការងារ មានការ​អំណត់ ទទួលខុសត្រូវ មិន​អួតអាង ចេះ​ដាក់ខ្លួន​ ហើយ​គោរពច្បាប់ គោរព​អំណាច​តុលាការ ​នេះជា​គំ​រូ​មួយ​ដែល​មេ​ដឹក​នាំ​ផ្សេង​ៗទៀតអាច​សិក្សា​ស្វែងយល់និង​រៀនសូត្រ​តាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ