បទ​​យក​ការណ៍​៖​ ពីមុន​​«នឹង​ស្យែល»​អូស​​ឈើ​ ប៉ុន្តែ​​ពេល​នេះ​​ជា​​អ្នក​នាំ​​ភ្ញៀវ​​ទេសចរ​​ដើរ​ព្រៃ​​

សត្វ​ដំរី​ញី​ឈ្មោះ «នឹង​ស្យែល» ដែល​ត្រូវ​បាន​ចិញ្ចឹម​និង​មើលថែ​ពីសំណាក់​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច ស្ថិតនៅ​ភូមិ​ពូ​តាំង ឃុំ​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី។ (អ៊ុយ សុធា​)

«នឹង​ស្យែល​» ជា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រងនិង​មើលថែ​របស់​ប្រជាជន​ជន​ជា​តិ​ពូន​ង ដែល​មាន​ទីលំនៅ​ស្ថិតនៅ​ក្នុងភូមិ​ពូ​តាំង ឃុំ​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ។ 

«នឹង​ស្យែល» មាន​មាឌធំ​មធ្យមនិង​មាន​រូបរាង​ចំណាស់​បន្តិច​ដោយសារតែ​វា​មាន​អាយុប្រមាណ​ជា៥៥ឆ្នាំទៅ​ហើយ។ សព្វថ្ងៃ «នឹង​ស្យែល» កំពុង​រស់នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ពូ​តាំង ដោយមាន​ការ​មើលថែ​ទាំផ្ដល់​ចំណី​ដោយ​លោក ហ៊ាន សាមឿ​ន ជា​អ្នកភូមិ​ពូ​តាំង។ 

នឹង​ស្យែល ត្រូវ​បាន​ឪពុក​របស់​លោក សាមឿ​ន ទិញ​ពី​អ្នក​ទាក់​យក​ដំរី​នៅ​ខេត្តក្រចេះ​តាំងពី​វា​នៅ​អាយុ៣ឆ្នាំ​មក​ម្ល៉េះ។ លោក​បាន​បន្ថែម​ថា បើ​ចាប់​វា​នៅពេល​វា​មាន​អាយុ​ច្រើនជាង​នេះ វា​អាច​នឹង​នឹក​ព្រៃឬពិបាក​ក្នុង​ការ​បង្ហាត់បង្រៀន​ឱ្យ​វា​មាន​ភាពស៊ាំ​ជាមួយ​មនុស្ស។

ជនជាតិ​ដើម​ភាគតិច​ពូន​ងរូ​បនេះ​បានឱ្យ​ដឹង​ទៀត​ថា បើ​តាម​ភា​សា​ពូន​ងពាក្យ​ថា​«នឹង​ស្យែល» មានន័យថា​«មេខ្យល់»។ 

កាលពីដើម​ឡើយ នឹង​ស្យែល ត្រូវ​បាន​ម្ចាស់​របស់​ខ្លួន​ប្រើប្រាស់​ក្នុង​ការ​អូសទាញ​របស់​ធ្ងន់​ៗនានា​តាម​ការ​បញ្ជា​របស់​ពួក​គេ ប៉ុន្តែ​ក្រោយមក ​សកម្មភាព​នេះ​ក៏​ត្រូវ​បាន​បញ្ឈប់ដោយសា​រតែ​មាន​អង្គការ​គាំពារ​សត្វ​ដំរី​ ស្នើ​ឱ្យ​ម្ចាស់របស់​វាយ​កទៅ​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​វិញ។

សត្វ​ដំរី​ញី​ឈ្មោះ «នឹង​ស្យែល» ដែល​ត្រូវ​បាន​ចិញ្ចឹម​និង​មើលថែ​ពីសំណាក់​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច ស្ថិតនៅ​ភូមិ​ពូ​តាំង ឃុំ​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី។ (អ៊ុយ សុធា​)

អង្គុយ​នៅ​ជិត​ដំរី​ ក្បែរ​ទឹកអូរ​ដែល​កំពុង​ហូរ​ខ្លាំង​ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ពី​យប់ លោក សាមឿ​ន អាយុ៤៥ឆ្នាំ ដែល​ជា​ម្ចាស់​របស់​សត្វ​ដំរី​មួយ​ក្បាល​នេះ​ បាន​ប្រាប់​វី​អូ​ឌី​ថា ​កាលដើមឡើយ​អំឡុង​ឆ្នាំ១៩៩៦ ដំរី​របស់​លោក​មិនមែន​ទុក​សម្រាប់​បម្រើការ​ក្នុង​វិស័យ​ទេសចរ​ណ៍នោះ​ទេ។

លោក​ថា​ នឹង​ស្យែល ត្រូវ​បាន​លោក​ប្រើ​ដើម្បី​ស៊ីឈ្នួល​ដឹកជញ្ជូននិង​អូសទាញ​អីវ៉ាន់​ផ្សេង​ៗដែល​មានការ​ជួល​ពី​អ្នក​ទី​ជិត​ឆ្ងាយ​នានា និង​អូសទាញ​របស់​ផ្សេង​ៗតាម​ការ​បញ្ជា​របស់​លោក។ 

លោក​និយាយ​ថា៖ «ពីមុន​ខ្ញុំ​អត់​ទាន់​មាន​ភ្ញៀវ​ មាន​អីចឹង​ហ្អាស! អត់​ទាន់​មាន​ភ្ញៀវ​ទេពី​មុន មានតែ​ដំរី​ទេ​ ជួយ​យើង​ច្រើនណាស់ […] មានតែ​ដំរី​ទេ​ជួយ​យើង​ដឹក​ចេក ដូច​ថា​រដូវ​ទុំ​ស្រូវ​ យើង​បូត​អស់​ទៅ​ យើង​យក​ពី​ចម្ការ​យកទុក​នៅ​ភូមិ​ ដាក់​ដំរី​ទាំងអស់»។ 

មិន​តែប៉ុណ្ណោះ​ លោក​បាន​បន្ត​ថា នឹង​ស្យែល មិន​ត្រឹមតែ​ត្រូវ​បាន​ប្រើ​ឱ្យ​អូសទាញនិង​ដឹក​អីវ៉ាន់​នានា​ប៉ុណ្ណោះទេ តែ​ការ​ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ រួម​ជាមួយ​ការ​ធ្វើដំណើរ​ទៅ​បរបាញ់​សត្វនៅ​ក្នុង​ព្រៃ​ ក៏​សុទ្ធសឹងតែ​ប្រើ​ដំរី​ធ្វើ​ជា​យានជំនិះ។ 

លោក​ឈប់​បន្ដិច ​ទើប​បន្ត​ថា​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ការ​ធ្វើ​ផ្ទះសម្បែង​ក្នុង​ភូមិ​ ដូចជា​ការ​ដឹកឈើ​ជាដើម​ សុទ្ធសឹងតែ​ពឹង​ទៅលើ​កម្លាំង​របស់​ដំរី​ទាំងអស់។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា លោក​ក៏​ធ្លាប់​បាន​ប្រើ​ នឹង​ស្យែល​ ស៊ីឈ្នួល​អូសទាញ​ឈើ​ឱ្យ​ឈ្មួញ​ផង​ដែរ។ 

លោក​បាន​ថ្លែងប្រាប់​វី​អូ​ឌី​ថា៖ «ស៊ីឈ្នួល​គេ គេ​ជួល​យើង​ កាលមុន ​មួយ​គូប​ពីរ​ម៉ឺន​ទេ។ បើ​ជិត១៥០០០ បើ​ជិត​មែនទែន​ដូច​ផ្ទះ​ចឹងៗ​ គេ​ឱ្យ​យើង​មួយ​ម៉ឺន​ទេ ​មួយ​គូប»។

លោក​បន្ត​ថា ដំរី​របស់​លោក​ភាគច្រើន​គឺ​ត្រូវ​បាន​ប្រើ​ឱ្យ​អូស​ឈើហ៊ុប​ដែល​មាន​ប្រវែង​ប្រមាណ​ជាង២ម៉ែត្រ និង​សសរផ្ទះ​នានា។ លោក​បាន​និយាយ​ថា លោក​ត្រូវ​ធ្វើដំណើរ​ប្រមាណ​ជា២ ទៅ៣ម៉ោង​ក្នុង​ការ​នាំ​យក​ឈើ​ពី​ក្នុង​ព្រៃ​មក​ក្នុង​ភូមិ។ 

នឹង​ស្យែល ត្រួ​វបាន​ចាប់ផ្ដើម​ដាក់​ឱ្យ​បម្រើការ​ក្នុង​វិស័យ​ទេ​សចរណ៍​ក្នុង​ឆ្នាំ២០០២ ដោយ​មិន​ស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​អង្គការ​ណាមួយ​ឡើយ។ កាលនោះ នឹង​ស្យែល ត្រូវ​ដឹក​អ្នកដំណើរ​ពី​ភូមិ​ទៅដល់​អូរ​ដែល​មាន​ទឹកហូរ​ ទើប​នាង​បាន​ឈប់សម្រាក។ បន្ទាប់ពី​អាហារ​ថ្ងៃត្រង់​ហើយ នឹង​ស្យែល ត្រូវ​មាន​ភារកិច្ច​ដឹក​អ្នកដំណើរ​ត្រឡប់​មក​ភូមិ​វិញ។ 

លោក ហ៊ាន សាមឿ​ន បាន​ប្រាប់​វី​អូ​ឌី​ថា ទើបតែ​រយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​ទេ ដែល​ដំរី​របស់​លោក​ត្រូវ​បាន​ផ្ដាច់​ចោលការ​ទទួល​ដឹក​អ្នកដំណើរ ដោយសារ​លោក​បាន​ទទួល​សំ​ណូម​ពរ​ពី​គម្រោង Mondulkiri Elephant & Wildlife Sanctuary ដែល​ជា​គម្រោង​មួយ​ជួយ​គាំទ្រនិង​ផ្គត់ផ្គង់ការ​ចិញ្ចឹម​ដំរី​របស់​លោក។ 

លោក​និយាយ​ថា៖ «ដល់​អង្គការ​គេ​ចុះ​មក​មើលទៅ ឃើញ​ដំរី​យើង​ហត់ ​វា​បាក់ ដំរី​យើង​អត់មាន​តពូជ​ទៀត អង្គការ​គេ​ថា ​ឥលូវឈប់​ឱ្យ​ជិះ​ហើយ ឱ្យ​នៅ​ជិះ​ចឹង​ ងាប់ហើយ​ដំរី»។ 

លោក ហ៊ាន សាមឿ​ន បន្ត​ថា​ ឥលូវ​នេះ ​អ្នកទេសចរ​អាចមុជទឹកឱ្យ​ដំរី លាងដំរី និងឱ្យ​ចំណីដំរី ក្នុង​នោះ​ដែល​អ្នកទេសចរ​អាច​ដើរលេង​ព្រៃ គេង​ក្នុង​ព្រៃ មើល​ដំរី និង​សិក្សា​រៀនសូត្រ​ពី​ការរស់នៅ​របស់​ជនជាតិ អ្នកទេសចរ​ក៏​មានឱកាស​ភ្លក់​សម្ល​ជនជាតិ ប្រពៃណី​ជនជាតិ​ពូនង ​គឺ«សម្ល​ផ្លូ​ងឬស្សី» ប៉ុន្តែ​អ្នកទេសចរ​មិន​អាច​ជិះដំរី​ទេ។ 

ស្ថាបនិក​នៃ​គម្រោង Mondulkiri Elephant & Wildlife sanctuary លោក ធី ចាន់​ថន បាន​ប្រាប់​វី​អូ​ឌី​នៅក្នុង​ភូមិ​ពូ​តាំង​ថា ​គម្រោង​របស់​គាត់​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៥ មាន​ទីតាំងនៅ​ភូមិ​នោះ​តែម្តង។ 

លោក​បន្ត​ថា៖ «ជាក់ស្ដែង​ ដំរី​នៅក្នុង​គម្រោង​របស់ខ្ញុំ​គឺ​មាន៤ក្បាល បុគ្គលិក​របស់ខ្ញុំ​មាន​ចន្លោះ១៥នាក់​ទៅ២០នាក់ ដែល​រួមបញ្ចូល​ទាំង​ម្ចាស់​ដំរី ហ្មដំរី និង​ក្រុមការងារ​ ដូចជា អ្នកនាំ​ភ្ញៀវដើរព្រៃ ​និង​បុគ្គលិក​ដាំ​ស្ល​បម្រើការ​ក្នុង​គម្រោង​របស់​យើង​ហ្នឹង»។

លោក​បាន​បន្ត​ថា បុគ្គលិក​របស់​គាត់​ទាំងអស់​សុទ្ធសឹងតែ​ជា​ជនជាតិ​ដើម​ភាគ​តិច​ពូន​ង ដែល​ធ្វើការ​នៅក្នុង​ភូមិ​តែម្តង ដែល​កាលពីមុន​ការងារ​ចម្បង​របស់​ពួក​គេ​គឺ​ធ្វើស្រែចម្ការ ហើយ​ក្រៅពី​ការងារ​ស្រែ​ចម្ការ​ដោយ​កាប់ឆ្ការ​ព្រៃ អ្នកខ្លះ​ទៀត​ស៊ីឈ្នួល​កាប់​ឈើ​ជាដើម។

លោក​បាន​និយាយ​បន្ថែម​ដោយ​ទឹកមុខ​ញញឹម​ថា ​បច្ចុប្បន្ន​ គម្រោង Mondulkiri Elephant & Wildlife sanctuary បាន​ជួយ​ប្រជាជន​ទាំងនោះ​ជាច្រើន​ ដោយ​ពួក​គេ​មិន​ចាំបាច់​កាប់ឆ្ការ​ព្រៃ​ដើម្បី​ធ្វើស្រែ​ចម្ការ ឬស៊ីឈ្នួល​ដឹក ឬកាប់​ឈើ​ទៀត​ទេ ព្រោះ​ពួក​គេ​មានការ​ងារ​ស្រាប់​ក្នុង​សហគមន៍ ​គឺ​ការ​នាំ​ភ្ញៀវ​ទេសចរ​ដើរកម្សាន្ត​ជាមួយ​ដំរី។ 

បើ​តាមលោក ធី ចាន់​ថន ដំរី​មួយ​ក្បាល​ត្រូវ​គ្រប់គ្រង​ពី៥ទៅ១០គ្រួសារ​ ដោយ​ពួក​គេ​ចែក​ប្រាក់​គ្នា។ ក្នុង​មួយ​ខែ ​អង្គការ​របស់​លោក​បាន​ជួយឧបត្ថម្ភ​សរុប​ប្រហែល​ចំនួន៥០០ដុល្លារ ដោយ​នៅក្នុង​នោះ​រួមមាន​ សាច់ប្រាក់​ចំនួន៤៥០ដុល្លារ និង​គ្រឿង​ប្រើប្រាស់​ ក៏ដូចជា​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ៗទៀត ដល់​ម្ចាស់​សត្វ​ដំរី​មួ​យក្បាលៗ។

សម្រាប់​លោ​កៗ​គិតថា ​គម្រោង​មួយ​នេះ​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ជនជាតិ​ដើម​ក្នុង​ភូមិ​ពូ​តាំង​មួយ​នេះ ដោយសារ​ប្រជាជន​ទាំងនោះ​បាន​ចំណូល​ពី​ការ​នាំ​ភ្ញៀវ​ច្រើនជាង​ពួក​គេ​ទៅ​កាប់ឆ្ការ​ព្រៃ។ ហើយ​ម្យ៉ាងវិញទៀត ​វា​ក៏បាន​ជួយ​ដល់​ធនធាន​ធម្មជាតិ​ផង​ដែរ ដោយ​យើង​អាច​រក្សា​បាន​នូវ​ព្រៃឈើនិង​ការពារ​ដំរី​ស្រុក​ផង​ដែរ។ 

លោក​ថា៖ «នៅពេល​ដែល​យើង​ទទួល​ដំរី ម្ចាស់​ដំរីមក​ធ្វើការ​ជាមួយ​យើង​ គឺ​យើង​មាន​កុង​ត្រា កុងត្រាហ្នឹង​គឺថា ទោះបីជា​ថា​យើង​អត់មាន​ភ្ញៀវ​ទេសចរ​ក៏ដោយ ក៏​យើង​នៅ​ឱ្យ​ប្រាក់ខែ​គាត់ ហើយ​តួនាទី​គាត់​នៅ​មើល​ដំរី ថែរក្សា​ដំរី ហើយ​ទោះបី​អត់មាន​ភ្ញៀវក៏​អត់​ឱ្យ​យក​ដំរី​ទៅ​ដឹក​អីដែរ»។ 

រឿង​មួយ​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ នឹង​ស្យែល មិន​អាច​មានកូន​បានទេ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក ហ៊ាន សាមឿ​ន ដែល​ជា​ម្ចាស់​ដំរី​បាន​ប្រាប់​វី​អូ​ឌី​ថា នេះ​គឺជា​ទំនៀមទម្លាប់​តាំងពី​បុរាណកាល​របស់​សហគមន៍​របស់​លោក។ ប៉ុន្តែ​ដោយសារតែ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ដែល​ជា​ជំងឺរាតត្បាត​ជាស​កល វិស័យ​ទេសចរណ៍​ក៏​ត្រូវ​បាន​ប៉ះពាល់​ខ្លាំង​ផង​ដែរ។ 

លោក ហ៊ាន សាមឿ​ន ថា​ក្រោយ​ផ្ទុះ​កូ​វីដ១៩ ចំណូល​របស់​លោក​ធ្លាក់ចុះ​ជា​ខ្លាំង​ ព្រោះ​មិនសូវ​មាន​ទេសចរ​បរទេស​មកលេង​ច្រើន​ដូចមុន​ទៀត​នោះ​ទេ។ លោក​បានឱ្យ​ដឹង​ថា​ ភាគច្រើន​ភ្ញៀវ​ទេសចរ​បរទេស​ចូលចិត្ត​ដើរកម្សាន្ត​តាម​ព្រៃភ្នំនិង​ដើរលេង​ជាមួយ​ដំរី​ជាជាង​ភ្ញៀវ​ដែល​ជា​ជនជាតិ​ខ្មែរ។ 

លោក​ថា៖ «កុំ​[ដោយសារ]កូ​វីដ! ​យើង​ដូច​ថា​ជួយ ៥០ [ទៅ] ៦០ភាគរយ​ដែរ​អូន​ហាស! […] ខ្ញុំ​ដូច​ថា ​កុំ​កូ​វី​ដហ្នឹង ​ខ្ញុំ​ធូរ​ហើយ […] ដល់​ឥលូវ​កូ​វីដ​ហ្នឹង ​ភ្ញៀវ​បរទេស​យើង​អស់ហើយ»។ 

លោក ធី ចាន់​ថន ដែល​ជា​ម្ចាស់​គម្រោង ​បាន​និយាយ​ថា​ ដោយសារតែ​បញ្ហា​កូ​វីដ១៩នេះ គម្រោង​របស់​លោក​ត្រូវ​ទទួលរង​នូវ​ផល​ប៉ះពាល់​ស្ទើរតែ​ទាំងស្រុង។ 

លោក​ថា៖ «ជាក់ស្ដែង តាំងពី​កើតជំងឺ​កូ​វីដ១៩ដែល​ផ្ទុះ​នៅ​ស្រុកខ្មែរ​និង​ទូទាំង​ពិភពលោក និយាយទៅ​គឺ​ពាក់កណ្តាល​ខែ៣ចូល​ខែ៤យើង​ចូលឆ្នាំ​ហ្នឹង គឺ​គម្រោង​ខ្ញុំ​រង​ផល​ប៉ះពាល់​ស្ទើរតែ​ទាំងស្រុង និយាយទៅ​គម្រោង​ខ្ញុំ​គឺ​ផ្ដោត​ទៅលើ​ពួក​អឺរ៉ុប […] រដ្ឋាភិបាល​យើង​បិទ​ដើម្បីកុំឱ្យចម្លង បញ្ហា​ជំងឺ​ដល់​ស្រុកខ្មែរ​យើង​ហ្នឹង ក៏​អត់មាន​ភ្ញៀវ​ចេញចូល​ដែរ​ អញ្ចឹង​ពួក​ខ្ញុំនិយាយទៅ​តាំងពី​ពាក់កណ្តាល​ខែ៣ម៉្លេះ ​បច្ចុប្បន្ន! និយាយទៅ​បិទ​ស្ទើរ​ទាំងស្រុង​តែម្ដង»។

អ្នកសម្របសម្រួល​ក្រុមការងារ​បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី លោក ក្រើ​ង តុលា ក៏បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​របស់​លោក​ចំពោះ​ផល​ប៉ះពាល់​របស់​ជំងឺកូ​វីដ១៩ទៅលើ​គម្រោង​នេះ​ផង​ដែរ។ 

លោក​និយាយ​ថា៖ «យើង​ឃើញថា ​នៅពេល​កូ​វីដ១៩នេះ ​យើង​សង្កេតឃើញ​ថា ​ទាំង​ភ្ញៀវ​ជាតិ​ភ្ញៀវ​អន្តរជាតិ​រាង​ស្ងាត់ ​បង! ​រាង​ស្ងាត់​មែនទែន! និយាយឱ្យចំ​ទៅ​ ភ្ញៀវ​បរទេស​សឹងតែ​មួយ​ខែ​ដប់​នាក់​រក​មិន​ចង់បាន​ផង​ បង! នេះ​ជា​ចំណុច​មួយ​នូវ​ផល​លំបាក​នៅពេល​មាន​ជំងឺហ្នឹង​ផ្ទុះឡើង​បាទ»។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុ​ភ័ក បាន​លើកឡើង​ថា​ សហគមន៍​ដែល​ចិញ្ចឹមនិង​ថែរក្សា​ដំរី​នោះ​ គួរ​ចុះបញ្ជី​ក្នុង​ក្រសួងទេសចរណ៍និង​រៀប​ចំ​ក​ន្លែ​ងរ​បស់​ខ្លួន​ឱ្យ​បាន​ល្អ ទើប​ក្រសួង​អាច​ជួយ​ផ្សព្វផ្សាយ​បន្ត​ឱ្យ​បាន។ ទោះ​យ៉ាងណាក៏ដោយ​ លោក​បាន​ទទួលស្គាល់​ថា​ក្រសួង​ពុំ​ទាន់​មាន​គម្រោង​សម្រាប់​ជួយ​សហគមន៍​ទេសចរណ៍​ទាំងនោះ​នៅឡើយ​ទេ។ 

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខាង​ក្រសួង​យើង យើង​វា​អត់មាន​គម្រោង​អី​សម្រាប់​ជួយ​ទៅ​ខាង​ហ្នឹង​ទេ គ្រាន់​ថា​រាល់ដងយើង​ជួយ​តាមរយៈ​ការ​ផ្ដល់​តាម​រយៈ​មូលនិធិ​! ឯកឧត្តម​រដ្ឋ​មន្ដ្រី​លោក​ផ្ដល់​តាម​មូល​និធិ​អភិរក្ស​ដំរីអីហ្នឹង​ គឺ​ធ្លាប់​ជួយ​អញ្ចឹង​ណាបាទ! ប៉ុន្តែ​ដល់​រឿង​អី​នេះ​ គឺយើង​មិនដែល​បាន​ទទួ​លព័​ត៌​មាន​ពី​គាត់ គាត់​រៀបចំ​របៀប​ម៉េច គាត់​ខ្វះខាត​ម៉េច យើង​អត់មាន​ដែល​ទទួ​លព័​ត៌មាន​ហ្នឹង​ចឹង​ហ្អា»។

ទាំង​លោក ធី ចាន់​ថន និង​លោក ហ៊ាន សាមឿ​ន បាន​សំណូមពរ​ឱ្យ​អ្នកទេសចរ​ខ្មែរ​ទៅលេង​សហគមន៍​ទេសចរណ៍​របស់​លោក​ ដោយ​ថា ​វា​បាន​ជួយ​ទាំង​ដំរី​ស្រុកនិង​ការពារ​ព្រៃ​កុំឱ្យ​បាត់បង់ ព្រោះ​វត្តមាន​របស់​ទេសចរ​នឹង​ផ្តល់​ការងារ​ជាច្រើន​ដល់​អ្នកភូមិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ