អាជ្ញាធរ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​​ជម្លៀស​​អ្នក​ជាប់​ឃុំ​​ទៅ​កាន់​​ពន្ធនា​គារ​​ខេត្ត​​ផ្សេង​ដោយ​សារ​​ទឹក​ជំនន់​

កម្លាំងនគរបាលខេត្តជាច្រើននាក់ រួមជាមួយរថយន្ត អាវពោង និងកាណូត បានចុះជួយពន្ធនាគារខេត្តបន្ទាយមានជ័យដែលកំពុងជន់លិចទឹក ដូចជា ការឈរជើងយាមពន្ធនាគារ ការពារដឹកជញ្ជូនចេញអ្នកកំពុងជាប់ឃុំទៅដាក់ពន្ធនាគារខេត្តសៀមរាបបណ្ដោះអាសន្ន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ជម្លៀស​អ្នកជាប់ឃុំ​ជាង១ពាន់​នាក់ទៅកាន់​ពន្ធនាគារ​ខេ​ត្ត​ផ្សេង​ៗដែល​នៅ​ក្បែរ ខណៈ​ជំនន់​ទឹកភ្លៀងបាន​ជន់​លិច​ពន្ធនាគារ​ខេត្ត​នេះ។ 

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ប៊ុ​ន ផេង ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា អាជ្ញាធរ​បាន​ជម្លៀស​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ទៅកាន់​ពន្ធនាគារ​ខេត្ត​ផ្សេង​ដែល​នៅ​ក្បែរ ដើម្បី​គេច​ចេញពី​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ជន់​លិច​ពន្ធនាគារ​នេះ។

លោក​ថា៖ «ពិត​មានការ​ជម្លៀស​មែន! ចង់​ដឹង​ព័ត៌មាន​លម្អិត​ សួរ​អ្នក​ពាក់ព័ន្ធ ​ព្រោះ​ហើយ​ខាង​ខ្ញុំ​គ្រាន់តែ​មក​ការពារ​ទេ»។

វី​អូ​ឌី ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បញ្ជាក់​ពីប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង ស៊ី​ផាន បានទេ​នៅ​រសៀល​នេះ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​មាន​ចំនួន១ ៦០០នាក់ ក្នុង​នោះ​មាន​ស្រី១០០នាក់។ លោក​បន្ត​ថា ជំនន់​ទឹកភ្លៀងបាន​ហូរ​ចូលក្នុង​ពន្ធនាគារ បណ្តាល​ឱ្យ​លិច​អគារ​រដ្ឋបាលនិង​អគារ​ស្នាក់នៅ​របស់​អ្នកជាប់ឃុំ។

នៅ​ថ្ងៃអង្គារ​នេះ​ដែរ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត ដោយសារ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ស្ថានភាព​ទឹកបាន​នឹង​កំពុង​ហូរ​ធ្លាក់​មក​ពី​ព្រំដែន​កម្ពុជា​-ថៃ ដោយសារ​មានការ​បើក​ទំនប់​អាង​អូ​ខៃដន ក្រុង​ប៉ោយប៉ែត និង​ទឹកធ្លាក់​មក​ពី​ខេត្តបាត់ដំបង។

រដ្ឋបាល​ខេត្តបាន​បន្ត​ថា ស្ថានភាព​នេះបាន​ធ្វើ​ឱ្យ​កម្ពស់​ទឹក​នៅ​ភូមិ​សាស្រ្ត​មួយ​ផ្នែក​នៃ​ក្រុង​សិរីសោភ័ណ និង​ឃុំ​មួយចំនួនក្នុង​ស្រុក​មង្គលបូរី និង​កន្លែង​ផ្សេង​ៗទៀត​ផ្នែក​ខាងក្រោម មានការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ។

រដ្ឋបាល​ខេត្ត បាន​បញ្ជាក់​ថា៖ «អាជ្ញាធរ​ខេត្ត​សូម​ធ្វើការ​អំពាវនាវ​ជាថ្មី​បន្ថែម​ទៀត ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​យកចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ទាន់ពេល​វេលា ជាពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​ចៀសវាង​កើតមាន​ជំ​ងឺ​ផ្សេង​ៗ»។

បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​នៅ​ថ្ងៃនេះ​ថា ចាប់តាំងពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៣ ខែតុលា​នេះ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផល​ប៉ះពាល់​ដល់​រាជធានី​-ខេត្ត​ចំនួន១៧ និង​បាន​សម្លាប់​មនុស្ស១០នាក់ ខណៈ​ប្រជាពលរដ្ឋ​ជាង១ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ