លោក​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​បង្កើន​ប្រសិទ្ធ​ភាព​ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់​

សកម្មភាព​របស់​កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ​ក្នុង​ការចូលរួម​សហ​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ​នា​ព្រឹក​ថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២០​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញវិធានការ៦ចំណុចសំដៅដល់ការបង្កើនប្រសិទ្ធភាពជួយសង្គ្រោះអ្នករងគ្រោះដោយទឹកជំនន់ ស្របពេលដែលគ្រោះធម្មជាតិមួយនេះបានបណ្តាលឱ្យមនុស្ស១០នាក់បាត់បង់ជីវិត​ និងមនុស្សជិតមួយម៉ឺននាក់ត្រូវអាជ្ញាធរជម្លៀសទៅទី​ទួលសុវត្ថិភាព គិតត្រឹមថ្ងៃចន្ទម្សិលមិញ​។

លោក ហ៊ុន សែន ថ្លែងក្នុងសារលិខិតនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៣ ខែតុលានេះថា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់ធម្មជាតិ រួមមាន ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់កន្ទ្រាក់ និងជំងឺរាតត្បាត ជាដើម វាបានកើតឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យខាតបង់ថវិកាជាតិ ប៉ះពាល់លើសេដ្ឋកិច្ច​ សង្គម និងជីវភាពរស់នៅរបស់ប្រជាជន។

មេដឹកនាំរូបនេះរំឭកដែរថា ថ្មីៗនេះ ខ្យល់កន្ទ្រាក់ រន្ទះបាញ់ និងជំនន់ទឹកភ្លៀង កំពុងកើតមាន​​នៅខេត្តព្រះសីហនុ កំ​ពត ឧត្តរមានជ័យ កែប បាត់ដំបង ពោធិ៍សាត់ និងខេត្តប៉ៃលិន ។ លោកថាបញ្ហានេះ វាបានធ្វើឱ្យកម្ពស់ទឹកនៃធារាសាស្ត្រមានការប្រែប្រួល ធ្វើឱ្យប៉ះពាល់ដល់ដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ វាលទំនាប និងមច្ឆជាតិ។

លោកគូសបញ្ជាក់ថា ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុនៅពេលអនាគត មិនអាចព្យាករបាន ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធប្រឹងប្រែងរួមគ្នា ដើម្បីការរស់នៅដោយសុវត្ថិភាពនិងភាពធន់នឹងគ្រោះ​មហន្ត​រាយនេះ។

បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញវិធានការចំនួន៦ចំនុច ដែលតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តចែករំលែកចំណេះដឹង ដើម្បីសុខភាពសាធារណៈ បង្កើនប្រសិទ្ធភាពជួយសង្គ្រោះ បន្តនូវវប្បធម៌ចែករំលែក ពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ រួមទាំងវិស័យឯកជន រួមគ្នាដោះស្រាយរៀបចំគម្រោងសុវត្ថិភាពនៅមូលដ្ឋានដែលងាយរងគ្រោះ និងចូលរួមផ្សព្វផ្សាយការយល់ដឹង ដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងពីគ្រោះធម្មជាតិនេះ។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវបង្កើតតំបន់ស្តុកទឹក ឬស្តារបឹងបួដែលបន្សល់ទុកពីសម័យដើម ទើបជាវិធានការយូរអង្វែង ដើម្បី​ការពារពេលមានគ្រោះទឹកជំនន់​។

លោកបានលើកឡើងបន្ត​ថា៖ «យើងកុំធ្វើនយោបាយប្រជាភិថុត ជួយតាមរបៀបបង្ហាញថាខ្លួនខំជួយ ដោយមិនមានការដឹកនាំត្រឹមត្រូវ ហ្នឹងវាជាគ្រោះថ្នាក់សម្រាប់ជាតិ សម្រាប់ពលរដ្ឋ។ អ៊ីចឹង ខ្ញុំចង់ឃើញរដ្ឋាភិបាលចាត់វិធានការកិច្ចសហការជួយប្រជាពលរដ្ឋដោយសមានចិត្ត ដោយគម្រោងប្លង់មេ ដើម្បីបញ្ចៀសទឹកជំនន់ឱ្យបានឆាប់រហ័ស»។

លោក មាជ សុវណ្ណារ៉ា និយាយដែរថា ការមានគម្រោងប្លង់មេឬមានផែនការជាតិបង្កើតតំបន់រំដោះទឹក ជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការទាក់ទាញអ្នកវិនិយោគ ព្រោះបានកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិដោយទឹកជំនន់។

បញ្ហាជន់លិចដោយទឹកភ្លៀងនាប៉ុន្មានថ្ងៃមកនេះ វាបានបង្កផលប៉ះពាល់ដល់អ្នករស់នៅទីក្រុងភ្នំពេញមួយចំនួនផងដែរ។

ស្រ្តីឈ្មោះ ស្រី កែវ រស់នៅសង្កាត់ស្ពានថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយថា ៣ថ្ងៃមកនេះ ទឹកបានហក់ឡើងជាបន្តបន្ទាប់ នៅក្រោមផ្ទះជម្រៅត្រឹមចង្កេះ។

ស្ត្រីអាយុ២៩ឆ្នាំ មានកូនពីរនាក់រូបនេះ និយាយទៀតថា គាត់ព្រួយបារម្ភនិងបានឯកភាពជាមួយប្តីថា នឹងនាំកូនពីរនាក់ទៅស្នាក់នៅផ្ទះឪពុកក្មេកជាបណ្តោះអាសន្ន ដើម្បីគេច​ពីគ្រោះទឹកជំនន់នេះ។

អ្នកស្រីថា៖ «គោយកឡើងលើ មាន់ដាក់ទ្រុង ឥលូវទឹកកួចយកទៅអស់ហើយ ម៉ូតូផ្ញើគេនៅខាងលើ។ ខ្ញុំដើរបញ្ច្រាសទឹក ចង់ដាច់ខ្យល់ហើយ កុំអីហូរទៅបាត់ទៀត កុំគេចាប់ឱ្យទាន់ ពេលខ្ញុំមកពីលក់វិញ។ យប់មិញ ដេកនៅផ្ទះលិចទឹកទាំងអស់គ្នា។ យប់ហ្នឹងនាំកូនទៅដេកនៅជើងឯង [ផ្ទះឱពុកក្មេក]»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បាននិយាយលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៩ ខែតុលានេះថា ពេលនេះទើបដឹងថា អ្វីទៅដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង។

លោក សុខ ទូច បានសំណូមពរកុំឱ្យមានការ​លុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មី ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឱ្យបានជ្រៅល្អ ស្រះត្រូវតែមានតាមភូមិ ក៏ដូចជាតាមវត្តដែរ កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹក ក៏ដូចជាគ្មានអនាម័យនិងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់។

លោកបន្តថា អាណាចក្រអង្គរដ៏ល្បីល្បាញត្រូវបានពិភពលោកទទួលស្គាល់ថា មានសេដ្ឋកិច្ចរុងរឿងដោយសារវិស័យកសិកម្ម ដែលក្នុងនោះការរៀបចំប្រព័ន្ធធារាសាស្ត្រដោយការជីកបារាយណ៍ធំៗស្ដុកទឹកសម្រាប់បម្រើវិស័យកសិកម្ម។

លោកបានបន្ថែមថា៖ «អ្នកជំនាញបុរាណវត្ថុវិទ្យា ក៏បានរកឃើញដែរថា អាណាចក្រនេះមិនត្រឹមជីកបារាយណ៍ធំៗប៉ុណ្ណោះទេ គេក៏ជីកត្រពាំងរាប់រយនៅតាមលំនៅភូមិឋានទៀតផង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ