HRW អំពាវ​នាវ​​ឱ្យ​​ដោះ​លែង​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ម្នាក់​នៅ​​ខេត្ត​​ពោធិ៍​សា​ត់់​​

សមត្ថកិច្ច អង្គការសង្គមស៊ីវិល រួមនឹងស្ត្រីជាសាច់ញាតិរបស់អតីតសកម្មជនបក្សសង្គ្រោះជាតិ ឈរនៅខាងក្រៅរបងតុលាការកំពូល ក្នុងថ្ងៃសវនាការលើសកម្មជនទាំងនោះ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​​) នៅ​ថ្ងៃពុធ​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោលការ​ចោទប្រកាន់និង​ដោះលែង​អតីត​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្តពោធិ៍សាត់ ជាបន្ទាន់និង​ដោយ​ឥត​លក្ខខណ្ឌ។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បាន​លើកឡើង​ថា អតីត​ក្រុមប្រឹក្សា​ឃុំ​អន្លង់រាប លោក ជុំ សារ៉ា​ត់ ត្រូវ​សមត្ថកិច្ច​ខេត្តពោធិ៍សាត់ បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះដីធ្លី​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ២០១៤ រវាង​ប្រជាពលរដ្ឋនិង​ក្រុមហ៊ុន MDS របស់​លោក​ឧកញ៉ា ទ្រី ភាព។ 

សេចក្តី​ថ្លែងការណ៍​បន្ត​ថា អំឡុង​ពេលនោះ ក្រុមហ៊ុន​បាន​ប្តឹងលោក ជុំ សារ៉ា​ត់ ថា​បាន​ឈូស​ឆាយ​បំផ្លាញ​ព្រៃឈើ ហើយ​នៅក្នុង​រឿង​ក្តី​ដែល​បាន​សើរើ​ឡើងវិញ​នេះ តុលាការខេត្ត​ពោធិ៍សាត់ បានសម្រេច​ចោទប្រកាន់​លោក ពាក់ព័ន្ធ​នឹង​បទ​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់និង​ប្រើប្រាស់​ហិង្សា​ទៅលើ​អ្នកកាន់កាប់​ដី និង​បាន​បញ្ជា​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​ជីកកកាយ​យក​សំណុំរឿង​ចាស់ ដើម្បី​បំ​បិទសំឡេង​អ្នករិះគន់​នេះ ជា​រឿង​មិន​សមហេតុសមផល​នោះ​ទេ។ 

លោក​បន្ត​ថា៖ «អាជ្ញាធរ​គួរ​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្រឆាំង​នឹងលោក ជុំ សារ៉ា​ត់ និង​សកម្មជន​ផ្សេង​ទៀតដែល​រង​នូវ​អំពើ​អយុត្តិធម៌»។

ឆ្លើយតប​នឹង​ការ​អំពាវនាវ​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន បាន​ជំរុញ​ឱ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ពិនិត្យមើល​ច្បាប់​របស់​កម្ពុជា​ឡើងវិញ។

លោក​បាន​គូសបញ្ជាក់​ថា៖ «គ្មាន​សមត្ថកិច្ច​ណាអាច​ដោះលែង​ជន​ជាប់ឃុំ​បានទេ ទាល់តែ​តុលាការ ប្រសិនបើ​ចង់​ដោះលែង​ទាល់តែ​ចូលរួម​ក្នុង​ដំណើរ​នី​តិ​វិធី​តុលាការ ហើយ​ធ្វើការ​ការពារ​តាមផ្លូវ​ច្បាប់។ ឱ្យ​គាត់​ពិនិត្យមើល​ច្បាប់​របស់​កម្ពុជាក្នុង​នីតិប្រតិបត្តិ ​គ្មាន​សិទ្ធិ​ទៅ​ដោះលែង​ជន​ជាប់ឃុំ មានតែ​ចូលរួម​នីតិវិធី​តុលាការដើម្បី​បញ្ចប់​ការ​ជាប់ឃុំ»។ 

លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា លោក ជុំ សារ៉ា​ត់ ធ្លាប់​បាន​រត់គេច​ខ្លួន​កាលពី​អំឡុង​ឆ្នាំ២០១៩ ក្រោយពី​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ប្រកាស​វិលត្រឡប់​មក​កម្ពុជា​វិញដោយ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ​សម រង្ស៊ី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ