មន្ត្រី​​ថា​ ពន្ធនា​គារ​​ចំនួន​​ពីរ​​ទៀត​​អាច​​ប្រឈម​​នឹង​​ការ​​ជន់​​លិច​បើ​​ជំនន់​​ទឹក​ភ្លៀង​​បន្ត​​កើន​ឡើង​​

កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​អនុរក្ស​ពន្ធនាគារ​ខេត្ត ចុះ​ប្រតិបត្តិ​ការ​ជួយ​សង្រ្គោះ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ដែល​កំពុង​ជន់​លិចទឹក ក្នុង​ការ​ការពារ​និង​ដឹកជញ្ជូន​ជម្លៀស​ចេញ​នូវ​អ្នកជាប់ឃុំ ទៅ​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ ពន្ធ​នាគា​ខេត្តកំពង់ធំ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​)

មន្ត្រី​ក្រសួងមហាផ្ទៃ ឱ្យ​ដឹង​ថា ពន្ធនាគារ​ចំនួន​ពីរនៅ​រាជធានី​ភ្នំពេញនិង​ខេត្តបាត់ដំបង អាច​ប្រឈម​នឹង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ប្រសិនបើ​កម្រិត​ទឹក​នៅ​បន្ត​កើនឡើង ខណៈ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ដែល​រង​ការ​ជន់​លិច បាន​ជម្លៀស​អ្នកជាប់ឃុំ​អស់ហើយ​គិត​មកដល់​ថ្ងៃពុធ​នេះ។

អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវ​នា បាន​ប្រសាសន៍​ថា ពន្ធនាគារ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ រួមមាន ពន្ធនាគារ​ខេត្តបាត់ដំបង និង​ពន្ធនាគារ​ព្រៃស នៅ​រាជធានី​ភ្នំពេញ។ 

លោក​បន្ត​ថា កម្លាំង​សមត្ថកិច្ចបាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការពារនិង​ជម្លៀស​អ្នកជាប់ឃុំ​ទៅកាន់​ពន្ធនាគារ​ផ្សេង ប្រសិនបើ​ជំនន់​ទឹកភ្លៀង​នៅ​បន្ត​កើនឡើង។ លោក​បន្ត​ថា អ្វី​ដែល​ជា​ក្តី​បារម្ភ​នោះ គឺ​អ្នកជាប់ឃុំ​នៅ​ពន្ធនាគារ​ទាំងពីរ​នេះមាន​ចំនួន​ច្រើន និង​ភាគច្រើន​ជា​ឧក្រិដ្ឋជន។

លោក​ថា៖ «សង្ឃឹមថា វា​នឹង​ស្រក​ទៅវិញ ពីព្រោះ​ [ពន្ធនាគារ​] ព្រៃស វា​ជាទី​តាំង​ធំ ហើយ​វា​នៅក្នុង​រាជធានី​ភ្នំពេញ ដល់​អ៊ីចឹង​បើ​មាន​បញ្ហា កម្លាំង​អន្តរាគមន៍​បម្លាស់​ទី​មក វា​ពេញ​ទឹក​ពេញ​ដី ប៉ុន្តែ​ត្រូវ​រក​កន្លែ​ងដើម្បី​ផ្ទុក​ពួក​គាត់ ហើយ​មនុស្ស​សរុប២កន្លែង​ហ្នឹង​ទៅ “ម១” និង​ “ម២” ចង់​១ម៉ឺន​នាក់ ហើយ១ម៉ឺន​នាក់សុទ្ធតែ​ឧក្រិដ្ឋជន តើ​យើង​គ្រប់គ្រង​យ៉ាងម៉េច អ៊ីចឹង​ទាមទារ​ឱ្យ​កម្លាំង​សមត្ថកិច្ច​រាប់ពាន់​នាក់​ដែរ ដើម្បី​ជួយ​សហការ​គ្នា​ក្នុង​ពេល​បណ្ដោះអាសន្ន​ រក​កន្លែង​ផ្ទុក​ពួក​គាត់​ឱ្យ​មាន​សុវត្ថិភាព»។

លោក នុត សាវ​នា បាន​បន្ថែម​ថា៖ «បើ​មាន​បញ្ហា​ហ្នឹង​មែន យើង​ត្រូវ​រក​ទីទួល​សុវត្ថិភាពដែល​ជិត​បំផុត ហើយ​អាច​ផ្ដល់​លទ្ធភាព​អាច​ឱ្យ​យើងបម្លាស់​ទីតាំង​បាន​ ហើយអាហ្នឹងទើប​យើង​អាច​ចាត់ការ​បា​នភ្លាមៗ​ហើយ​សង្គ្រោះ​បន្ទាន់​បាន ព្រោះ​បាត់ដំបង​យើង​ដឹង​ហើយ ផ្លូវ​ទាំងអស់​ទាំង​ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ គឺ​សុទ្ធតែ​មាន​បញ្ហា​ទាំងអស់ ដល់​អ៊ីចឹង​ពិបាក​ចេញ​ពិបាក​ចូល»។

ចំពោះអ្នកជាប់ឃុំ​ចំនួន១ ៦១០នាក់ នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក នុត សាវ​នា បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ជម្លៀស​ពួក​គេ​ទៅកាន់​ពន្ធនាគារ​នៅ​ខេត្ត​ចំនួន៤ រួមមាន ខេត្តសៀមរាប ចំនួន៨១១នាក់​, កំពង់ធំ ២០០នាក់​, ឧត្ដរមានជ័យ ២០០នាក់ និង​ត្បូងឃ្មុំ​ជាង៤០០នាក់។ លោក​បន្ត​ថា ការដែល​អាជ្ញាធរ​យក​អ្នកជាប់ឃុំ​ទៅ​ដាក់​ទី​តាំង​ផ្សេង​ៗគ្នា ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ក្នុង​ពន្ធនាគារ។

លោក​ថា៖ «បងប្អូន​ជន​ជាប់ឃុំ​ច្រើន​ទៅ ការរស់នៅ​របស់​គាត់​ក៏​វា​ពិបាក​ដែរ ក្នុងអំឡុងពេល​ហ្នឹង។ បារម្ភ​ពេល​មាន​ភាព​ចង្អៀត​ណែន​កាន់តែ​ខ្លាំង ផល​ប៉ះពាល់​លើ​សុខភាព​របស់​គាត់​ក៏អាច​មាន​ដែរ​ ហើយ​អ្នកទោស! ហើយ​បើ​មាន​អ្នកទោស​ឈឺ មន្ត្រី​របស់ខ្ញុំ​ក៏​រវល់​ទៅតាម​ហ្នឹង​ដែរ»។

បើ​តាម​មន្ត្រី​រូប​នេះ ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ធ្លាប់​បាន​លិចទឹក​ម្ដង​រួចមក​ហើយកាលពី​ឆ្នាំ២០១៣ ប៉ុន្តែ​ក្រោយពី​ទឹក​លិច​ចូល អាជ្ញាធរ​បាន​ចាត់វិធានការ​លើកទំនប់​ផ្លូវទឹក​ខ្ពស់​ជាង​មុននិង​ធ្វើ​របង​បិទ​ជិត ដើម្បី​កុំឱ្យ​មាន​ទឹ​កជ្រាប​ចូល​ជាដើម។

ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង លោក សំ​អុល ធារិ​ទ្ធ បាន​បដិសេធ​អត្ថា​ធិប្បាយ ដោយ​ប្រាប់​ឱ្យ​អ្នកសារព័ត៌មាន​វី​អូ​ឌី​ដាក់​លិខិតស្នើ​សុំ​សម្ភាស​ជាមុន​សិន។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត កាលពី​ថ្ងៃម្សិលមិញ​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សុខភាព​អ្នកជាប់ឃុំ ខណៈ​ពន្ធនាគារ​ទាំងនោះមាន​ភាព​ចង្អៀត​ណែន​ស្រាប់​ទៅ​ហើយ។

លោក​ថា៖ «វា​អាច​នឹង​បង្កើន​ភាព​ចង្អៀត​ណែន​សម្រាប់​គាត់​ [អ្នកជាប់ឃុំ​] នៅ​ពន្ធនាគារ​ផ្សេង។ មិនមែន​តែ​គាត់​ទេ ក៏​វា​ប៉ះពាល់​ដល់​អ្នក​ដែល​ជាប់ពន្ធ​នា​គារ​មាននៅ​ក្នុង​នោះ​ស្រាប់​ទៀត។ កាលណា​កាន់តែ​ចង្អៀត​ទៅ ក៏​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ដែរ ប៉ុន្តែខ្ញុំ​គិតថា វា​អត់មាន​ជម្រើស»។

មន្រ្តី​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​រូប​នេះ ផ្តល់​ជា​យោបល់​ថា ក្រសួងមហាផ្ទៃគួរតែ​ផ្លាស់​ប្តូរ​ទីតាំង​ពន្ធនាគារ​ដែល​ប្រឈម​នឹង​ការ​ជន់​លិច ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ពី​ទឹកជំនន់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​លំបាក​ក្នុង​ការ​ជម្លៀស​អ្នកជាប់ឃុំ​នៅ​រដូវភ្លៀងនា​ពេល​ខាងមុខ​ទៀត ខណៈ​ការ​ជម្លៀស​នេះ លោក​ថា ធ្វើឡើង​ចំនួន៣លើក​មក​ហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ