ក្រសួង​​ថា​ ផ្លូវ​​ប្រវែង​២៤៣គីឡូ​ម៉ែត្រ​​ក្នុង​​ខេត្ត​​​ចំនួន​១៣​ រង​​ផល​​ប៉ះ​ពាល់​​ដោយ​​ទឹក​ជំនន់​​

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ចុះ​ត្រួតពិនិត្យ​និង​តាមដាន​លើ​កំណាត់ផ្លូវ​ជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ក្នុង​ក្រុង ដែល​ត្រូវ​បាន​បំផ្លាញ​និង​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង អំឡុង​ថ្ងៃទី១០​-១១ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបាត់ដំបង​)

ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានឱ្យ​ដឹង​ថា គិត​មកដល់​ព្រឹក​ថ្ងៃពុធ​នេះ ផ្លូវថ្នល់​ប្រវែង​ជិត​២៥០គីឡូម៉ែត្រ នៅក្នុង​ខេត្ត​ចំនួន១៣ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់។

រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មាន​ប្រសាស​ន៍​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ថា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផល​ប៉ះពាល់​ដល់​ផ្លូវ​ចំនួន ៨៧ខ្សែ ប្រវែង២៤៣​គីឡូម៉ែត្រ ស្មើនឹង១៩៩​កំណាត់ នៅក្នុង​ខេត្ត​ចំនួន១៣។

លោក​ថា៖ «មន្ត្រី​ជំនាញ​យើង​កំពុង​រក​មធ្យោបាយ​ធ្វើ​ម៉េច​កុំឱ្យ​ទឹកហូរ​កាត់​ផ្លូវ»។

លោក ស៊ុន ចាន់​ថុល បន្ត​ថា មកដល់ពេលនេះ ​ក្រុមការងារ​ក្រសួង​កំពុង​បន្ត​ចុះ​តាមដាននិង​វាយតម្លៃ​ស្ថានភាព​ផ្លូវ​ដែល​រង​ការខូចខាត ដើម្បី​ត្រៀម​ជួសជុល​ឡើងវិញក្រោយពេល​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​វិញ។ 

កាលពី​ថ្ងៃអង្គារ​ម្សិលមិញ ក្រសួងសាធារណការ បាន​ចេញសេចក្តី​ណែនាំ​មួយ​ដល់​មន្ត្រី​ក្រោម​ឱវាទ ឱ្យចូលរួម​សហការ​ជាមួយ​ស្ថាប័ននិង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតបទៅនឹង​គ្រោះអាសន្ន​ទឹកជំនន់។

ក្រសួង​បន្ត​ថា៖ «ក្នុងករណី​មានការ​កាត់​ផ្តាច់​ផ្លូវ​-ស្ពាន [ការ​ផ្តាច់​ចរាចរណ៍​] សូម​ចាត់​កម្លាំង​ជាបន្ទាន់ ​ចុះ​ជួសជុល​និង​តភ្ជាប់​ផ្លូវ​ស្ពាន ដើម្បី​ធានា​ឱ្យ​មាន​និរន្តរភាព​ចរាចរណ៍​ […] ត្រូវ​ចូលរួម​ស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​-ស្ពានដែល​កំពុង​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់ក្រ​សួង»។

ក្រសួងក៏បាន​ណែនាំ​ឱ្យ​ទប់ស្កាត់​មធ្យោបាយ​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ឆ្លងកាត់​ទីតាំង​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ចាត់​កម្លាំង​ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍និង​ស្លាក​សញ្ញា​សុវត្ថិភាព​នៅ​តាម​ទីតាំង​ដែល​កំពុងនិង​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ