ដី​​មួយ​​ផ្នែក​​នៃ​​ពហុ​​កីឡដ្ឋាន​​អូឡាំពិក​​ត្រូវ​​ប្រគល់​​ឱ្យ​​អគ្គិសនី​​កម្ពុជា​​សម្រាប់​​សង់​​អាគារ​​មួយ​

សំណង់​អគារ​ខ្ពស់​ៗនិង​អគារ​ដែល​កំពុង​សាងសង់​ខ្លះ ត្រូវ​បាន​សាងសង់​នៅ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ (ម៉ិច ដារ៉ា​/ ១១ តុលា ២០២០​)

​អគារ​ថ្មី​មួយទៀត​កំពុង​លេច​រូបរាង​ឡើង​នៅ​លើ​ដី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ទៅ​ឱ្យ​អគ្គិសនី​កម្ពុជា។ 

អនុ​ស្ថានីយអគ្គិសនី​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ប៉ែក​ខាងកើត​នៃ​ពហុ​កីឡដ្ឋាន​នេះ ដោយ​ផ្អែកលើសេចក្ដីប្រកាស​កាលពី​មួយឆ្នាំ​មុន​របស់ក្រ​សួង​អប់រំ យុវជន និងកីឡា។ ឯកសារ​របស់​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា ​គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ទីភ្នាក់ងារ​ជំនួយ​របស់​ជប៉ុន JICA ដើម្បី​ពង្រីក​ការ​បញ្ជូននិង​ចែកចាយ​បណ្ដាញ​អគ្គិសនី។

កញ្ញា សយ បូរ៉ា អាយុ១៨ឆ្នាំ ​បាន​និយាយ​ថា ​កញ្ញា​ពិបាក​ក្នុង​ការហាត់ប្រាណ​នៅ​ពហុ​កីឡដ្ឋាន​នេះ​ណាស់ ដោយសារតែ​ការសាងសង់និង​ចំណតរថយន្ត។ កញ្ញា​បាន​និយាយ​ថា ទីធ្លា​នេះ​មាន​មនុស្ស​កកកុញ​ច្រើន ហើយ​ក្រុមបាល់ទាត់​បាន​យក​ទី​ធ្លា​មួយ​ផ្នែក​ដែល​កញ្ញា​ធ្លាប់​ប្រើ​ហាត់ប្រាណ​នៅពេល​ព្រឹក​ទៀតផង។

កញ្ញា​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់​ប្តូរ​ទីតាំង​ហាត់ប្រាណ​របស់​ខ្លួន ​ដោយ​ទៅដើរ​លើ​ជណ្ដើរ​ដែល​ជា​កន្លែង​អង្គុយ​របស់​អ្នកគាំទ្រ​បាល់ទាត់ និង​វាល​នៅ​ខាងក្នុង​នៃ​ពហុ​កីឡដ្ឋាន។ អគារ​ខ្ពស់​ៗដែល​ព័ទ្ធ​​ជុំវិញ​ បាន​ធ្វើ​ឱ្យ​កញ្ញា​ពិបាក​ដកដង្ហើមបន្ទាប់ពី​រត់​ហាត់ប្រាណ​រួច។

កញ្ញា​និយាយ​ថា៖ «វា​រាង​ស្អុះស្អាប់ ពីព្រោះ​អាគារ វា​ខ្ពស់ វា​បិទជិត។ វា​អត់​សូវ​ជះ​ពន្លឺ​ព្រះអាទិត្យ​មក​ត្រូវ​យើង។ ពីមុន ​យើង​មក​ហាត់​ព្រលឹមឡើង​ បើ​ថ្ងៃ​ចឹង! ពេល​យើង​ហាត់​ទៅ ​វា​ស្រស់ស្រាយ តែ​ឥលូវ វា​រាង​ស្អុះ​ស្អាប់​អ៊ីចឹង »។

ការសាងសង់​អនុ​ស្ថានីយអគ្គិសនី និង​ការ​អភិវឌ្ឍ​ខុន​ដូ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​បាន​លយ​ទៅលើ​ផ្លូវ ហើយ​កម្ទេចកម្ទី​បាក់បែក​បាន​ធ្លាក់​ទៅលើ​កំណាត់ផ្លូវ​នោះ។ ផ្លូវ​នោះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ទាំង​អ្នក​ហាត់ប្រាណនិង​រថយន្ត​ដែល​បើក​ទៅ​រក​ចំណត។

អ្នកលក់​ទឹកក្រូច​នៅ​ក្បែរ​ពហុ​កីឡដ្ឋាន ​អ្នកស្រី គឹម ម៉ៃ​អេង អាយុ៥៦ឆ្នាំ កំពុង​យួរ​ថង់​ដែល​មាន​ទឹក​ចំនួន៥ដប ដើរសំដៅទៅ​ក្រុម​មនុស្ស​វ័យ​ចំណាស់​ដែល​កំពុង​រាំ​ហាត់ប្រាណ ​ដើម្បី​សាកសួរ​ក្រែង​មាន​អ្នក​ស្រេកទឹក ហើយ​ត្រូវការ​ទឹក​របស់​គាត់។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​ធ្លាប់​មាន​តង់​លក់​ខាងក្នុង​ពហុ​កីឡដ្ឋាន ប៉ុន្តែ​មន្ត្រី​បាន​ហាមប្រាម​អ្នកលក់​មិន​ឱ្យ​លក់​អាហារសម្រន់និង​ភេសជ្ជៈ​នៅក្នុង​បរិវេណ​នោះ​ទៀត​ទេ។

អ្នកស្រី ម៉ៃ​អេង បាន​និយាយ​ថា ​«វា​អត់​ដូចមុន​ទេ» នៅពេល​ដែល​ពហុ​កីឡដ្ឋាន​មិន​មានការ​អភិវឌ្ឍ។ អ្នកស្រី​បន្ត​ថា អ្នក​ហាត់ប្រាណ​ក៏បាន​ត្អូញត្អែរ​ដែរ ពីព្រោះ​ពួក​គាត់​បាត់បង់​កន្លែង​សម្រាប់​រត់ ​ដោយសារតែ​ចំណតនិង​សំណង់។ អ្នកស្រី​បារម្ភ​ថា ​អ្នក​ដែល​មក​រាំ​នៅ​ព្រឹកព្រហាមនិង​ព្រលប់ ​ដើម្បី​រាំ​ហាត់ប្រាណ​ជា​ក្រុមនិង​ហាត់​ថៃ​ជី ​(Tai Chi​) នឹង​មិន​មាន​ទៀត​ទេ​នៅ​ពេល​ឆាប់​ៗខាងមុខ។ 

អ្នកស្រី​និយាយ​ថា៖ «គេ​ថា​ គេ​ធ្វើ​ដូច​នៅ​ស្រុកក្រៅ។ គេ​បំបិទ​ទាំងអស់​តែម្តង បន្តិចទៀត​កន្លែង​ហាត់ប្រាណ​ដែលគេ​រាំ​ហ្នឹង​ ក៏​គេ​បិទ​ដែរ។ គេ​ធ្វើឱ្យយើង​ទៅ​ហាត់​ក្នុង​ក្លឹប​វិញ។ យើង​មិនដឹង​យ៉ាងម៉េច​ទេ ចាំ​មើល​តទៅមុខ​មើ! វា​ពិ​បាក់​ណាស់​សព្វថ្ងៃ​ហ្នឹង»។

យោង​តាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា លោក ហង់ ជួន​ណា​រ៉ុន កាលពី​ខែតុលា ឆ្នាំ២០១៣ ក្រសួង​បាន​ផ្ទេរ​ដី​ទំហំ៦០គុណ​នឹង២៦ម៉ែត្រ​ ទៅ​ឱ្យ​អគ្គិសនី​កម្ពុជា​ ដើម្បី​ឱ្យ​អង្គការ JICA អាច​សាងសង់​អនុ​ស្ថានីយ​ដែល​ជាផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ប្រមាណ១៣៤លាន​ដុល្លារ ដើម្បី​គាំទ្រ​នូវ​គម្រោង​អភិវឌ្ឍន៍​ចំនួន៣ ដែល​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន បាន​ចុះហត្ថលេខា​កាលពី​ខែធ្នូ​ ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិនហ្សូ អាបេ។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែង​ថា​ ទីតាំង​នេះ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការចែកចាយ​អគ្គិសនី។

លោក​ថ្លែង​ថា៖ «ទីមួយ​! យើង​ដឹង​ហើយ ​ជា​សេចក្តី​ត្រូវការ​របស់សាធារណៈ​ ដូច្នេះ​ការ​ផ្តល់ សម្បទាន​ដី​កន្លែង​ហ្នឹង​សម្រាប់​ឱ្យអគ្គិស​នី​កម្ពុជា វា​ជា​ការ​សមស្រប​ហើយសម្រាប់​ផលប្រយោជន៍​សាធារណៈ»។

នៅពេល​ត្រូវ​បាន​គេ​សួរ​អំពី​ការ​ព្រួយបារម្ភ​របស់​សាធារណជន​ទាក់ទង​នឹង​ការ​ពង្រួម​ទី​សាធារណៈ និង​សំណង់​ដែល​កំពុង​កើតមានឡើង លោក ស៊ី​ផាន បាន​និយាយ​ថា​ អគារ​ទាំងនោះ​នឹង​ជួយ​បន្ថែម​ទៀត​ដល់​ទេសភាព​ក្រុង។

លោក​បន្ត​ថា៖ «សោភ័ណភាព​នៅ​ទីក្រុង​គឺ​អាគារ​ខ្ពស់​នេះឯង ហើយ​ទីពីរ​យើង​ធ្វើ​ឆ្លើយតបទៅនឹងសេចក្តី​ត្រូវការ​ជា​អាទិ​ភាព​របស់សាធារណៈ មិនមែន​ដើម្បី​ផ្គាប់​ជន​ណា​ម្នាក់​នោះ​ទេ»។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន បាន​ទទួលស្គាល់​ការស្ថាបនា​នេះ​ ប៉ុន្តែ​មិនបាន​ឆ្លើយតប​នឹង​សំណួរ​ថា​ តើ​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ដល់​អត្តពលិកនិង​ពលរដ្ឋ​ដែល​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​អ្វីខ្លះ​ទេ ដោយ​បង្វែរ​សំណួរ​ឱ្យទៅ​សួរ​ក្រសួង​អប់រំ យុវជន និងកីឡា ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចារ បាន​បដិសេធ​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ជុំវិញ​រឿង​នេះ។

នាយករង​ភ្នាក់ងារ​អចលនទ្រព្យ CBRE កម្ពុជា អ្នកស្រី អាន ធីតា មានប្រសាសន៍​ថា ដី​នៅ​ជុំវិញ​ពហុ​កីឡដ្ឋាន​នេះ​មានតម្លៃ​គួរ​ឱ្យ​កត់សម្គាល់ ដែល​ឥលូវមានតម្លៃ​រហូតដល់៤ ៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដោយសារ​ទីតាំង​នេះ​នៅ​ចំ​កណ្តាល​ក្រុង និង​ការជួល​រយៈពេល​វែង​ដែល​រដ្ឋាភិបាល​ផ្តល់​ជូន​ក្រុមហ៊ុន​អភិវឌ្ឍ​លើ​ដី​រដ្ឋ។

អ្នកស្រី​បាន​និយាយ​ថា តំបន់​នេះ​ក៏​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ រួម​ជាមួយនឹង​ការអភិវឌ្ឍ ដែល​វា​ជា​កត្តា​ជំរុញ​ឱ្យ​មាន​តម្រូវការ​កាន់​កើនឡើង។

អ្នកស្រី​បាន​និយាយ​ថា៖ «ប្រសិនបើ​អ្នក​វិនិយោគ​ទិញ​រស់​នៅ​ម្ដុំហ្នឹង គួរតែ​ទិញ​ឱ្យហើយ ពីព្រោះ​បន្តិចទៀត​អាច​នឹង​ពិបាក​រក»។

យោង​តាម​តារាង​របស់ CBRE ផ្ទះ​អាជីវកម្ម​ក្នុង​គម្រោង​ទីក្រុង​អូ​ឡាំ​ព្យា​របស់​ក្រុមហ៊ុន OCIC មានតម្លៃ៧សែន​ដុល្លារ រី​ឯស្កា​យវីឡា ​(Sky Villa​) ដែល​ជាផ្នែក​មួយ​នៃ MCC Land គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ​មានតម្លៃ​ចាប់ពី ៧០ ៧២០០ ដុល្លារ។

មគ្គុ​ទ្ទេសក៍​ជាន់ខ្ពស់​ក្រុមហ៊ុនទេសចរណ៍​ស្ថាបត្យកម្ម​ខ្មែរ អ្នកស្រី ហ៊ុន សក្ក​ណា បាន​និយាយ​ថា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ គឺជា​វិមាន​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ ដោយ​កត់សម្គាល់​ថា ​វា​ត្រូវ​បាន​រចនា​ដោយ​ស្ថាបត្យករ​ល្បីឈ្មោះ ​លោក វណ្ណ ម៉ូ​លីវ​ណ្ណ ដើម្បី​ប្រើ​ក្នុង​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ១៩៦៣ ដែល​ត្រូវ​បាន​លុបចោល​វិញដោយសារតែ​ស្ថានភាព​នយោបាយ។

អ្នកស្រី​បាន​កត់សម្គាល់​ឃើញថា សំណង់​បាន​ជះឥទ្ធិពល​ដល់​ពហុ​កីឡដ្ឋាន​ ព្រោះតែ​ការ​ខួងនិង​ការ​ស្ទូច​របស់​ផ្សេង «ធ្វើ​ឱ្យ​វា​រញ្ជួយ ដូច្នេះ​ ខ្ញុំ​កត់សម្គាល់​ថា ​ជុំវិញ​ពហុ​កីឡដ្ឋាន​ដែល​វា​មានស្នាម​ប្រេះ​នៅកន្លែង​ជាច្រើន»

ឥលូវនេះ​ ការសាងសង់​ទីលានកីឡា​ជាតិ​មរតក​តេជោ​ទំហំ៨៥ហិ​កតា​កំពុង​ដំណើរការ ហើយ​ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ បញ្ញា បារម្ភ​ថា ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នឹង​រុះរើ​បន្តិច​ម្តងៗ។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​បារម្ភ​ថា​ ពួក​គេ​នឹង​សាងសង់​ពហុ​កីឡដ្ឋាន​ថ្មី សម្រាប់​ពេល​អនាគត​ហើយ​ពួក​គេ​នឹង​ឈប់​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​នេះ​សម្រាប់​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍ ដូច្នេះ​ខ្ញុំ​បារម្ភ​ថា​ ថ្ងៃណាមួយ​ពួក​គេ​នឹង​បំផ្លាញ​វា​ចោល»។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​មិនដឹង​ថា [ផែនការ​របស់​ពួក​គេ​ជា​អ្វី​ទេ​] ប៉ុន្តែ​ខ្ញុំ​ពិតជា​បារម្ភ​អំពី​វា ពីព្រោះ​ពួក​គេ​បាន​បំផ្លាញ​វា​ជា​លក្ខណៈ​ប្រយោល​ដោយ​ការសាងសង់​អាគារ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ