មន្ត្រី​​ជំនាញ​​បញ្ជូន​​ជន​ជាតិ​​ចិន​៤​នាក់​ សង្ស័យ​​ជួញ​ដូរ​​គ្រឿង​ញៀន​​និង​​សារធាតុ​​ផ្សំ​​ជិត​៣​តោន​​ទៅ​​តុលាការ​

ជនជាតិ​ចិន៤នាក់​និង​គ្រឿងញៀន​ដែល​បង្ក្រាប​និង​រឹបអូស​បាន​នៅក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ព្រះសីហនុ ៣គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤គោលដៅ ដែល​មានតម្លៃ​ប្រមាណ​ជាង៣០លាន​ដុល្លារ​អាមេរិក នា​រសៀល​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន៤នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿង​ញឿននិង​សារធាតុ​ផ្សំ​ឆ្លងដែន​ជិត៣តោន ដែល​មានតម្លៃ​ជាង៣០លាន​ដុល្លារ​អាមេរិក។

គេហទំព័រ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ផ្សព្វផ្សាយ​ថា កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ​ទាំង៤នាក់​នោះទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃម្សិលមិញ ក្រោយពី​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​ឆ្លងដែន និង​រក្សាទុក​កែច្នៃ គ្រឿងញៀន​ខុសច្បាប់ ទម្ងន់២ ១០៦គីឡូក្រាម និង២១៥,៨៩ក្រាម រួម​នឹង​សារធាតុគីមី​ផ្សំ​៦០០គីឡូក្រាម នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

អគ្គស្នងការ បាន​បន្ត​ថា កិច្ចប្រតិបត្តិ​ការ​នេះ មន្ត្រី​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅនិង​បច្ចេកទេស ព្រមទាំង​មានការ​សម្របសម្រួល​ដឹកនាំ​ពីព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្ត​ព្រះសីហនុ បាន​ដំណើរការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ដឹកជញ្ជូននិង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់ពី​ប្រទេស​ឡាវ ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន ​(តៃវ៉ាន់​)។

អគ្គស្នងការ បានឱ្យ​ដឹង​អត្តសញ្ញាណ​បុរស​ជនសង្ស័យ​ទាំង៤នាក់ ជា​ជនជាតិ​ចិនតៃវ៉ាន់ រួមមាន ឈ្មោះ ចិន ជឺ​ជា (CHEN CHIH CHIEH​), ឈ្មោះ ចាង ឈិ​ជឺ (Zhan Qi Zhi​), ឈ្មោះ យ៉ូ​វ យ៉ាវ​ជុង (YU Yao Tsung​) និង​ឈ្មោះ ឈិន ប៉ាវ​ជីន (Chen Pao Jiun​) ខណៈ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ វូ ឈី​សុន (WU Chi Hsun​) បាន​កាន់​គ្រឿងញៀន លួច​សម្រូតតាម​បង្កាន់ដៃ​អាគារ ហើយ​ធ្លាក់​បណ្ដាល​ឱ្យ​ស្លាប់ ។

ករណីនេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខ​ពួក​ដែល​នៅ​សេសសល់ និង​សហការ​ជាមួយ​សមត្ថកិច្ចនៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋជន​ជា​មេខ្លោង​។

វី​អូ​ឌី ពុំ​អាច​សុំ​ការ​បញ្ជាក់​ពីអ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ