អ្នក​របាំ​​អប្សរា​​វ័យ​២៧​ឆ្នាំ​​ស្ថិត​ក្នុង​ចំណោម​​ជន​រង​គ្រោះ​​ទឹក​ជំនន់​​និង​​ព្យុះ​​ដែល​​មិន​​ត្រូវ​​បាន​​រាប់​​

សួស សម្ផស្ស អាយុ២៧ឆ្នាំ គ្រង​ឈុត​របាំ​ក្ងោក​ក្នុង​ការសម្ដែង​នា​ពេល​កន្លងទៅ។ (ផ្ដល់​ឱ្យ​)

លោក ជា សុធា មានប្រសាសន៍​ថា ​កាលពីមុន​លោក​រស់នៅ​ដោយ​សប្បាយរីករាយ​ជាមួយ​ភរិយា​របស់​លោក​នៅ​ឯខេត្តសៀមរាប ដែល​ជា​កន្លែង​លោក​ធ្វើការ​ជា​ប្រធាន​សន្តិសុខ​សណ្ឋាគារ​មួយ​ហើយ​នាង​ជា​អ្នករបាំ​ប្រពៃណី​ដែល​សម្តែង​នៅ​កម្មវិធី​អាហារ​ពេលល្ងាច​ជាច្រើន។

ប៉ុន្តែ​កាលពី​ចុង​សប្តាហ៍​មុន​ ចំ​ពេល​មាន​ព្យុះ​កំពុង​វាយលុក​ក្នុង​ប្រទេស ខ្ទម​ដែល​គ្រួសារ​អ្នក​ទាំងពីរ​បាន​សាងសង់​នៅកន្លែង​ដែល​ពួក​គេ​ធ្វើស្រែ​ចម្ការ​ក្រោយ​បាត់បង់​ការងារ​ដោយសារ​កូ​វីដ១៩ បាន​បាក់​រលំ​ទៅលើ​ស្រ្តីជា​ប្រពន្ធ។ លោក សុធា នៅពេល​នោះ​កំពុង​ឃ្វាល​ពពែ​នៅ​ចម្ងាយ​ប្រហែល៣០ម៉ែត្រ។ គាត់​បាន​ឮ​កូនប្រុស​អាយុ៤ឆ្នាំ​របស់​គាត់​កំពុង​យំ​នៅក្នុង​គំនរ​បាក់បែក។

សុធា​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «វា​គ្រាំង​តែម្ដង​ទៅ»។ 

លោក​ប្រាប់​បន្ត​ថា៖ «ខ្ញុំ​ហែក​រោង​ចូល​ទៅ​ក្នុង រោង​លិច ​ខ្ញុំ​ក៏​យក​ខ្នង​ទល់​ផង ចាប់​ទាញ​ផង ចាប់​លើក​ផង […] ខ្ញុំ​គិតថា​ ពួក​គាត់​ស្លាប់​ចោល​ខ្ញុំ​ហើយ ប៉ុន្តែ​មក​ពី​ខ្ញុំ​នៅ​ម្នាក់ឯង​ផង​ ក៏​ស្ទុះ​ស្ទា​ ប៉ប្រះ​លើ​កទាញ​ៗ»។ 

កូន​របស់​គាត់​បាន​រួចផុត​ជីវិត ​ប៉ុន្តែ សួស សម្ផស្ស អាយុ២៧ឆ្នាំ ដែល​ជាភរិយា​របស់​លោក បាន​ស្លាប់​បាត់​ទៅ​ហើយ។ 

សម្ផស្ស មិន​ត្រូវ​បាន​ចុះបញ្ជី​ក្នុងចំណោម​អ្នក​ស្លាប់​ជា​ផ្លូវការ​ចំនួន១៣នាក់​ដោយ​សារ​ខ្យ​ល់ព្យុះនិង​ទឹកជំនន់​នៅក្នុង​ប្រទេស​កម្ពុជាកាលពី​សប្តាហ៍​មុន​នោះ​ទេ ​ដោយ​អាជ្ញាធរ​បាន​ផ្តល់​សារ​ចម្រុះ​អំពី​មូលហេតុ​ដែល​នាង​មិន​ត្រូវ​បាន​រាប់បញ្ចូល។

លោក សុធា អាយុ៤០ឆ្នាំ​ បាន​និយាយ​ថា៖ «ខ្ញុំ​នៅ​ស្លុត​នៅឡើយ​ទេ»។ 

គ្រួសារ​នេះ​បាន​ចាប់ផ្តើម​ធ្វើស្រែ​លើ​ផ្ទៃដី៣ហិ​កតា​ដែល​ពួក​គេ​មាននៅ​ខេត្តកំពង់ធំ ​បន្ទាប់ពី​ការ​រាតត្បាត​ជាស​កលនៃជំងឺកូវីដ១៩ ដែលវា​ក៏បាន​បំផ្លាញ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្តសៀមរាប។ ប្តី​របស់​នាង​បាន​និយាយ​ថា​ សម្ផស្ស​ បាន​ធ្វើការ​ជា​អ្នក​រាំ​ចាប់តាំងពី​នាង​មាន​អាយុ១៤ឆ្នាំ។

ដារ៉ា រាជ្យ មិត្ត​រួមការ​ងារ​នៅ​ឯភោជនីយដ្ឋាន​គូលែន​ទី២ បាន​និយាយ​ថា ​សម្ផស្ស​ បាន​សម្តែង​របាំ​អប្សរា របាំ​ក្ងោក និង​សុវណ្ណ​មច្ឆា នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក រាជ្យ និយាយ​ថា៖ «ការសម្ដែង​របស់​នាង​ស្អា​តណាស»។

លោក​បន្ត​ថា ​ភ្ញៀវ​ទេសចរ​ស្រឡាញ់​ការ​សម្តែង​បែប​ប្រពៃណី​ទាំងនោះ ហើយ​លោក​បាន​និយាយ​ថា​ លោក​មានការ​សោកសៅ​យ៉ាង​ខ្លាំង​ចំពោះ​មរណភាព​របស់​នាង។

មេ​ប៉ុស្តិ៍​នគរបាលឃុំ​ពពក ស្រុក​ស្ទោង លោក ឈឹម លី​ណា បាន​និយាយ​ថា ​មាន​ភ្លៀង​រលឹម​ស្រិច​ៗ មុន​ពេល​មាន​ខ្យល់បក់​បោក​ខ្លាំង​ទៅលើ​កសិដ្ឋាន​របស់​ប្តី​ប្រពន្ធ​នេះ​កាលពី​ថ្ងៃសៅរ៍។

លោក​បាន​និយាយ​ថា៖ «ព្យុះ​នេះ​បាន​បោកបក់​ទៅលើ​កសិដ្ឋាន​របស់​ពួក​គេ ​ហើយ​ក៏​បាក់​រលំ​ខ្ទម​សង្កត់​លើ​នាង។ ពួក​គេ​ទើបតែ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ»។

លោក ប៉ ប៊ុ​នហួត ឪពុកក្មេក​របស់​ សម្ផស្ស​ បាន​និយាយ​ថា​ សសរ​ខ្ទម​បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ដី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ។

លោក​បាន​បន្ថែម​ថា​ ប្តី​ប្រពន្ធ​ទាំងពីរ​ដាំដំឡូង​មី​លើ​ចម្ការ​ ពីព្រោះ​ពួក​គេ​ទាំងពីរ​បាន​បាត់បង់​ការងារ​ដោយសារ​កូ​វីដ១៩។

លោក ប៊ុ​នហួត មានប្រសាសន៍​ថា៖ «ខ្ញុំ​វា​សោកស្ដាយ​ឥតឧបមា​ទៅទៀត​ណា នឹកឃើញ​តូចចិត្ត​ថា កូន​នេះ​ដោយសារតែ​រឿង​កូ​វី​ដនេះឯង​ បាន​ជា​វា​ធ្លាក់ខ្លួន​ដល់​ប៉ុណ្ណឹង»។ 

លោក​បាន​និយាយ​ថា ​រាងកាយ​របស់​ សម្ផស្ស​ ត្រូវ​ដឹក​នៅ​ក្រោម​ដំណក់ទឹក​ភ្លៀង​ចម្ងាយ១០​គីឡូម៉ែត្រ ​ទើបដល់​ផ្លូវ​ដែល​រថយន្ត​អាច​ទៅ​ចូល​ដល់។ នាង​ត្រូវ​បាន​គេ​នាំទៅ​ស្រុកកំណើត​របស់​នាង​ក្នុង​ខេត្តសៀមរាប ​ដើម្បី​ធ្វើពិធី​បូជាសព។

ទោះ​យ៉ាងណា​ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ បាន​មានប្រសាសន៍​ថា ​ខេត្ត​របស់​លោក​ស្ទើរតែ​មិន​មានផល​ប៉ះពាល់​អ្វី​សោះ​ពី​ទឹកភ្លៀង​ដែល​កំពុង​កើតឡើង​ទូទាំង​ប្រទេស។

លោក សុខ លូ បាន​និយាយ​ពី​ការ​ស្លាប់​របស់ ​សម្ផស្ស​ ថា៖ «ខ្ញុំ​អត់​ទាន់បាន​ទទួល​ព័ត៌មាន​ទេ»។

ក្រៅពី​នេះ​ លោក​ក៏បាន​បដិសេធ​ចំពោះ​ព័ត៌មាន​នៃ​ការ​លង់ទឹក​របស់​ក្មេងប្រុស​ម្នាក់​នៅ​ឯសាលា​មួយ​ក្នុង​ខេត្ត​ ដែល​អាជ្ញាធរ​ជាតិ​បាន​ចុះបញ្ជី​ក្នុងចំណោម​អ្នក​ស្លាប់​ដោយ​ទឹកជំនន់។

លោក សុខ លូ បាន​និយាយ​ថា​ ក្មេងប្រុស​កំពុង​លេង​នៅក្នុង​ទឹកហើយ​រអិល​ជើង ​ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​គេ មិនមែន​ដោយសារតែ​ទឹកជំនន់​ទេ។ លោក​បាន​បន្ថែម​ថា ​មិន​មាន​សាលារៀន​នៅ​ខេត្ត​របស់​លោក​ណា​ត្រូវ​ទឹកជន់​លិច​ទេ។

អាជ្ញាធរ​ជាតិ​មាន​ទស្សនៈ​ផ្សេង​ៗគ្នា

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ លោក ឃុន សុខា មានប្រសាសន៍​ថា ម​រណ​ភាព​របស់​ សម្ផស្ស ​គួរតែ​ត្រូវ​បាន​រាប់​ក្នុងចំណោម​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​លោក​និយាយ​ថា៖

«ព្រោះ​នៅក្នុង​ព្រឹត្តិ​ការណ៍​ហ្នឹង វា​មាន​ភ្លៀង​មាន​ខ្យល់»។ 

លោក សុខា បាន​និយាយ​ថា​ ការ​ស្លាប់​របស់​អ្នកនេសាទ​ម្នាក់​ដែល​ត្រូវ​បាន​​ទឹកកួច​ក្នុងទឹក​ជំនន់​នៅ​ខេត្តបាត់ដំបង ដែល​អភិបាលរងខេត្ត​បាន​ប្រាប់ VOD កាលពី​ថ្ងៃពុធ​ថា ​មិនមែន​ដោយសារ​ទឹកជំនន់​ទេ ក៏​គួរតែ​ត្រូវ​បាន​រាប់បញ្ចូល​ដែរ។

ទោះ​យ៉ាងណាក៏ដោយ លោក សុខា មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ទស្សនៈ​ខុសគ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ទាំងនោះ​ទេ។

លោក​បន្ថែម​ថា​ ខេត្ត​ចំនួន១៩បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ ដោយខេត្ត​បន្ទាយមានជ័យ​បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​ភ្នំពេញ​ បាន​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ចេញ​នៅ​ថ្ងៃសុក្រ​នេះ​ បង្ហាញថា​ប្រជាជន​ជាង៥ម៉ឺន៣ពាន់​គ្រួសារ​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង។ 

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា ​អាជ្ញាធរ​ជាតិនិង​ថ្នាក់ក្រោម​ជាតិ ​គួរតែ​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើ​ឱ្យ​ប្រាកដ​ចិត្ត​ថា ​គេ​រាយការណ៍​អំពី​ចំនួន​មនុស្ស​ស្លាប់​ពិតប្រាកដ។

លោក ពិសី បាន​និយាយ​ថា​ តួលេខ​ច្បាស់លាស់​នឹង​ជួយ​ក្នុង​ការ​ឆ្លើយតប​ទាន់ពេល​វេលា។ 

លោក​បាន​មានប្រសាសន៍​ថា៖ «យើង​គួរតែ​តាមដាន​បន្ត​អំពី​ចំនួនពិត​ប្រាកដ​នៃ​ចំនួន​អ្នករងគ្រោះ​ហ្នឹង ហើយ​ឮ​ព័ត៌មាន​ដែល​ទទួល​បាន​ពី​គេ​មក មាន​អ្នកខ្លះ​រងគ្រោះ​ដែរ ​ប៉ុន្តែ​មិន​ត្រូវ​បាន​រាប់បញ្ចូល​នៅក្នុង​បញ្ជី»។ 

លោក សុធា ដែល​ជា​ប្តី​របស់​ សម្ផស្ស​ បាន​និយាយ​ថា ​លោក​មានការ​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ចំពោះ​មរណភាព​របស់​ភរិយា​លោក ហើយ​បាន​កំពុង​ប្រើ​ថ្នាំ​សម្រាប់​ទប់ទល់​នឹង​ការ​ថប់បារម្ភនិង​ការ​ធ្លាក់ទឹក​ចិត្ត។

លោក​និយាយ​ថា៖ «វា​ដូចជា​លឿន​ពេក ហើយ​ណាមួយ​ប្រពន្ធ​ខ្ញុំ​ទើបតែ​អាយុ២៧ឆ្នាំ»។ 

គាត់​បាន​និយាយ​ថា​ រូបភាព​នៃការ​រក​ភរិយា​ក្នុង​គំនរ​កម្ទេចក​ម្ទី​ខ្ទម​បាក់បែក​របស់​ខ្លួន​ នឹង​មិន​បាត់​ចេញពី​ក្នុងចិត្ត​របស់​លោក​ឡើយ។ ក្បាល​របស់​ប្រពន្ធ​របស់​លោក​បាន​ត្រូវ​ទង្គិច​នឹង​កំណាត់ឈើ​ដែល​វា​ក៏បាន​សង្កត់​កូន​របស់​លោក​ដែរ​នៅពេល​នោះ។ 

លោក​ថា៖ «ខ្ញុំ​វាទ​ទួល​យក​អា​កន្លែង​ហ្នឹងវា​មិនទាន់​បាន រូបភាព​វា​នៅតែ​ដក់​នឹង​ភ្នែក​ខ្ញុំ​នៅឡើយ»៕

ប្រែសម្រួលពីអត្ថបទដើមដែលជា​ភាសាអង់គ្លេសដោយ សំ​ ដារ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ