FTA ជាមួយ​​ចិន​​ជា​​សក្តា​​នុ​ពល​​ដើម្បី​​បង្កើន​​ការ​​វិនិយោគ​​និង​​ជំ​ហរ​ន​យោ​បាយ​​សម្រាប់​​កម្ពុជា​​

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ (រូបភាព៖ ហេង វិចិត្រ)

កម្ពុជានិង​ចិន​កាលពី​ថ្ងៃចន្ទ បាន​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលគេ​រង់ចាំ​យូរ​មក​ហើយ​នោះ ខណៈ​អ្នកសង្កេតការ​ខាង​ឧស្សាហកម្ម​លើកឡើង​ថា កិច្ច​ព្រមព្រៀង​នេះ​អាច​ជា​ប្រយោជន៍​មួយ​ដល់​ការ​វិនិយោគ​ផ្នែក​កសិកម្ម​ និង​មើលឃើញ​ថា​ ជា​ជោគជ័យ​ផ្នែក​នយោបាយ​ដ៏​ធំ​ធេង ស្រប​ពេល​មជ្ឈដ្ឋាន​មួយចំនួន​ទៀត​លើកឡើង​ពី​តម្រូវការ​កំណែទម្រង់​ទូលំទូលាយ​ជាង​នេះ ដើម្បី​ធ្វើ​ឱ្យ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​អាច​ប្រកួតប្រជែង​នឹងគេ​បាន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វ៉ាង យី រដ្ឋមន្ត្រី​កា​របរទេស​ចិន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងដែលជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​លើកដំបូង​របស់​កម្ពុជា គឺ​រយៈពេល​ពីរ​ខែបន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា ​ខ្លួន​បាន​រៀបចំ​កិច្ច​ព្រមព្រៀង​នេះ​រួចរាល់។

ព័ត៌មាន​លម្អិត​ជាក់ស្តែង​មិនទាន់​ត្រូវ​បាន​ចេញផ្សាយ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​អនុញ្ញាត​ឱ្យ​ទំនិញ​ជាង១០ ០០០មុខ ​រួចផុតពន្ធ ដែល​ភាគច្រើន​ផ្តោត​លើ​ផលិតផល​កសិកម្ម ​និង​ជាពិសេស​ការ​បញ្ជូន​ផលិតផល​មក​ដំឡើង​នៅ​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​និយាយ​ថា រដ្ឋាភិបាល​សង្ឃឹមថា នឹង​បង្កើន​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ដល់២៥ភាគរយ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នេះ​ចូលជាធរមាន។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​ប្រទេស​ចិន ​បាន​ដំណើរការ​ទៅមុខ​ដូច​ការ​រំពឹង​ទុក ដោយ​កើន២៥ភាគរយ ​ចន្លោះ​ពីឆ្នាំ២០១៦និង២០១៧ និង ២២ភាគរយ​ទៀត​កើតមាន​ចន្លោះ​ពីឆ្នាំ២០១៧និង​ឆ្នាំ២០១៨។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​សង្ឃឹមថា ទំនាក់ទំនង​ទ្វេភាគី​នេះ​នឹង​កើន​ដល់​ទឹកប្រាក់១០ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ២០២៣។ លោក សុ​វិជាតិ បាន​បន្ថែម​ថា កិច្ច​ព្រមព្រៀង​នេះ​សំដៅ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្បូរ​បែប ដែល​បច្ចុប្បន្ន​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​កាត់ដេរ ទេសចរណ៍ និង​វិស័យ​អចលនទ្រព្យ ហើយដែល​ទំនងជា​រង​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ដូចជា​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ជាដើម។

លោក សុ​វិជាតិ មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ព្រមព្រៀង​នេះ​ឬតារាង​ផលិតផល​ដែល​រាប់បញ្ចូល​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ទេ ប៉ុន្តែ​អត្ថបទ​មួយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Agence Kampuchea Presse បានឱ្យ​ដឹង​ថា ការចរចា​កាលពី​ថ្ងៃចន្ទ​ គឺ​សំដៅ​លុបបំបាត់​របាំង​ដែល​ទាក់ទិន​នឹង​ការនាំចេញ​អង្ករ​កម្ពុជានិង​បង្កើន​ការនាំចេញ​ត្រី ស្វាយ ធុរេន តាង៉ែន ម្រេច ​និង​ស្ករស។

រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ប្រហែល១០០លាន​ដុល្លារ​លើ​ការ​ស្តារប្រព័ន្ធ​ធារាសាស្ត្រ​ និង ៥០លាន​ដុល្លារ​ទៀត​លើ​កម្ចី​សម្រាប់​កសិករ​ខ្នាត​តូច ខណៈ​រដ្ឋាភិបាល​ងាក​ទៅ​រក​វិស័យ​កសិកម្ម ដើម្បី​សង្គ្រោះ​ប្រទេស​នេះ​ឱ្យ​ផុត​ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ដែល​រីក​រាលដាល​ទូទាំង​ពិភពលោក​នេះ។

ទោះបីជា​យ៉ាងណា មានតែ១ភាគរយ​ប៉ុណ្ណោះ​នៃ​ទឹកប្រាក់៣,៧ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI​) របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​ ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ផ្នែក​កសិកម្ម នេះ​បើ​យោង​តាម​ធនាគារពិភពលោក។

ធនាគារ​នេះ​បាន​លើកឡើង​ថា ចំណែក​នៃ​ទឹកប្រាក់​បាន​មក​ពី​វិស័យ​កសិកម្ម​ទៅ​ក្នុង GDP កាលពី​ឆ្នាំមុន​ បាន​ធ្លាក់ចុះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ២០០៤ ដោយគូ​សបញ្ជាក់​ថា «ដំណើរការ​ដ៏​ទន់ខ្សោយ» របស់​ឧស្សាហ​កម្ម​នេះ មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច។

លោក សុ​វិជាតិ បានឱ្យ​ដឹង​បន្ថែម​ថា ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន ព្រមទាំង​កិច្ច​ព្រមព្រៀង​នានា​ដែល​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ខាងត្បូង​និង​ប្រទេស​ផ្សេង​ៗទៀត​ នឹង​នាំ​ឆ្ពោះទៅ​រក​ការ​វិនិយោគ​ដោយ​ផ្ទាល់ (FDI​) ថ្មី​នៅក្នុង​វិស័យ​នេះ​។

ការស្រេកឃ្លាន​ការ​វិនិយោគ​

លោក សុង សា​រ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​មានប្រសាសន៍​ថា ​ចំណុច​ទាក់ទាញ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ គឺ​ប្រហែលជា​ការ​ទាក់ទាញ​ការ​វិនិយោគ ដោយសារ​ថា​ វិនិយោគិន​ចិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រួចហើយ​លើ​ការ​កែ​ល​ម្អ​វិស័យ​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​កែច្នៃ។

ប្រហែល​ពាក់កណ្តាល​នៃ​ផលិតផល​ស្រូវ​ប្រចាំឆ្នាំ​របស់​កម្ពុជា ​ប្រហែល១០លាន​តោន​ គឺជា​ផល​លើសដែល​ជា​ឱកាស​សម្រាប់​វិនិយោគិន នៅពេល​ដែល​ការនាំចេញ​អង្ករ​របស់​កម្ពុជា​សរុប​មានត្រឹមតែ៦២០ ០០០តោន​កាលពី​ឆ្នាំមុន នេះ​បើ​យោង​តាម​តួលេខ​របស់ក្រ​សួង​កសិកម្ម​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ។

លោក សុង សា​រ៉ន បាន​មានប្រសាសន៍​ថា៖ «កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​កម្ពុជានិង​ចិន ​គឺជា​ច្រក​ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​ចិន​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ ដោយធ្វើ​ទំនើបកម្ម​ការ​កែ​ច្នៃផលិតផល​ស្រូវ​ បន្ថែម​តម្លៃ​នៅ​កម្ពុជា​និង​នាំចេញ​ទៅ​ប្រទេស​ចិន​វិញ»។

លោក​មានប្រសាសន៍​ថា​ ឧស្សាហកម្ម​ស្រូវ​អង្ករ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​រួច​ទៅ​ហើយ​លើ​ទីផ្សារ​ចិន​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងទៅ​នេះ។

លោក សុង សា​រ៉ន បាន​មានប្រសាសន៍​ថា ប្រទេស​ចិន​ទទួលយក​មួយភាគធំ​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​នៅក្នុង​រយៈពេល៩ខែ​ដំបូង​ក្នុង​ឆ្នាំនេះ ប្រមាណ​ជា៣៧ភាគរយ។ ប៉ុន្តែ​ប្រទេស​ចិន​នៅ​មានលទ្ធភាព​ស្រូប​យក​អង្ករ​ពីទី​ផ្សារ​កម្ពុជា​បន្ថែម​ទៀត ​ដោយ​លើកឡើង​ពី​ចំនួន​ប្រជាជន​ច្រើន​របស់​ប្រទេស​ចិន ប្រាក់ចំណូល​កើនឡើង​របស់​អ្នកប្រើ​ប្រាស់​និង​ការចាប់អារម្មណ៍​លើ​អង្ករ​កម្ពុជា។

លោក​មានប្រសាសន៍​ថា ផ្ទុយទៅវិញ ទីផ្សារ​អង្ករ​នៅ​អឺរ៉ុប​មានកម្រិត ដោយសារតែ​ទីផ្សារ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ខ្លាំង​ៗ ដូចជា ​ថៃ​និង​វៀតណាម ហើយ​វា​កើតមាន​តាំងពី​ពេល​ដែល​សហភាព​អឺរ៉ុប E.U​ កំណត់​ពន្ធ​លើ​ការនាំចេញ​អង្ករ​កម្ពុជា​កាលពី​ខែមករា ​ឆ្នាំ២០១៩ទៅទៀត។

លោក សុង សា​រ៉ន បាន​មានប្រសាសន៍​ថា៖ «យើង​មិន​អាច​ពង្រីក​បរិមាណ​ច្រើន​នៅ​ទីនោះ ប៉ុន្តែ​យើង​អាច​ពង្រីក​បាន​នៅកន្លែង​ផ្សេង។ ប្រទេស​ចិន​គឺជា​ចលករ​ដ៏​ធំ​ដែល​ជំរុញ​អនាគត​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា»។

លោក នៀ អា​ត្ស​ម៉ុន (Nir Atzmon​) ជាម​ន្ត្រី​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន​កសិកម្ម​និង​សម្បទាន​ដី​នៅ​ប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ​គឺ​គ្រាន់តែ​ជាផ្នែក​មួយ​នៃ​ការ​ធ្វើ​ឱ្យ​ការនាំចេញ​កម្ពុជា​មាន​លក្ខណៈ​ប្រកួតប្រជែង​ប៉ុណ្ណោះ។

លោក​បាន​មានប្រសាសន៍​ថា កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ មូលនិធិ ដី​កសិកម្ម​តូច ថ្លៃ​ដឹកជញ្ជូន​និង​ថាមពល​ខ្ពស់ ​និង​កង្វះ​បទ​ពិសោធ​ន៍ក្នុងចំណោម​កសិករ​ ក្នុង​ការផលិត​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​ទីផ្សារ​អន្តរជាតិ​ នៅតែ​ជា​ឧបសគ្គ។

លោក អា​ត្ស​ម៉ុន បាន​និយាយ​ថា ការ​បើក​ទីផ្សារ​ថ្មី​អាច​«ជួយ​ជំរុញ​វិស័យ​កសិកម្ម» ប៉ុន្តែរដ្ឋាភិបាល​ក៏អាច​ជួយ​តាមរយៈ​ដក​ពន្ធ​នាំចេញ បញ្ចុះតម្លៃ​អគ្គិសនី​ និង​វិនិយោគ​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ។

លោក​បានឱ្យ​ដឹង​តាមរយៈ​អ៊ីម៉ែល​ថា៖ «រហូតមកដល់​ពេលនេះ ផលិតផល​កសិកម្ម​ភាគច្រើន​ត្រូវ​បាន​លក់​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក។ ដូច្នេះ គុណភាព​នៅ​ទាប​ ហើយ​សមត្ថភាព​ផលិត​នៅ​មានកម្រិត។ ការ​បើក​ទីផ្សារ​ថ្មី​ នឹង​ផ្តល់​ឱកាស​ថ្មី​សម្រាប់​ផលិតផល​កសិកម្ម​ថ្មី ព្រមទាំង​សម្រាប់​ផលិតផល​កែច្នៃ​និង​ឧស្សាហកម្ម​ថ្មី​មួយចំនួន​ផង​ដែរ»។

ការ​បារម្ភ​អំពី​ការ​ដឹកជញ្ជូន​

ការផលិត​របស់​កម្ពុជាអាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​នេះ ខណៈ​ប្រទេស​នេះ​នាំចូល​ផលិតផល​សម្រាប់​ដំឡើង​ពី​ប្រទេស​ចិន ដែល​នឹង​ដំឡើង​នៅ​កម្ពុជា​និង​នាំចេញ​ទៅ​កន្លែង​ផ្សេង។

អូ យូន អាន (Oh Yoon An​) សាស្ត្រាចារ្យ​ជំនួយ​ផ្នែកការ​សិក្សា​ពី​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន​នៅសា​កល​វិទ្យាល័យ Seoul National University បាន​លើកឡើង​ថា ​សង្វាក់​ផលិតកម្ម​ដែល​គាំទ្រ​ដោយ​ចិន​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់។ 

អូ យូន អាន បាន​ប្រាប់​វី​អូ​ឌីតា​មអ៊ីម៉ែល​ថា៖ «វៀតណាម​ជាឧទាហរណ៍​ធំ​មួយ។ វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ប្រទេស​ចិន និង​មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ច្រើនជាង​គេ​បំផុត​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់។ ប៉ុន្តែ​ការបង្កើត​បណ្តាញ​ផលិតកម្ម​ក្នុង​តំបន់​ ពោល​គឺជា​មួយ​ចិន​ បាន​ជួយ​ឱ្យ​វៀតណាម​បង្កើត​ការនាំចេញ​របស់​ខ្លួន​ទៅ​សហរដ្ឋអាមេរិក​បាន​យ៉ាងច្រើន ដោយ​ជា​លទ្ធផល​ វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម​ [នាំចេញ​ច្រើនជាង​នាំចូល​] យ៉ាងច្រើន​ជាមួយ​សហរដ្ឋអាមេរិក ហើយ​និយាយ​ជា​រួម​ តិច​ឬច្រើន​ ជញ្ជីង​ពាណិជ្ជកម្ម​របស់​វៀតណាម​មាន​តុល្យភាព»។ 

លោក រ៉ូប៊ឺ​ត ថម​មិន​ (Robert Thommen​) មន្រ្តី​ទទួលបន្ទុក​កិច្ចការ​គយ និង​ព្រំដែន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​បាងកក បាន​កត់សម្គាល់​ថា ​មានការ​បែងចែក​មិនសូវ​ច្បាស់លាស់​ទាក់​ទង​នឹង​ទំនិញ​ពាក់កណ្តាល​សម្រេច ក៏ដូចជា​ទំនិញ​ដែល​ត្រូវ​ដឹក​ចេញ ឬទំនិញ​សម្រេច ឬធ្វើ​ជិត​សម្រេច ​នៅក្នុង​ប្រទេស​មួយ​ ដោយ​ប្រើ​ប្រទេស​មួយទៀត​ជា​មធ្យោបាយ​សម្រាប់​ទទួល​បានការ​អនុគ្រោះ​ពន្ធ។ 

កាលពី​ឆ្នាំមុន សហរដ្ឋអាមេរិកបាន​ពិន័យ​ក្រុមហ៊ុន​មួយចំនួន​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ដែល​ជា​​តំបន់​បណ្តាក់​ទុន​រួមគ្នា​រវាង​ចិន-កម្ពុជា ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​នាំ​យក​ទំនិញ​ដែល​ផលិត​នៅ​ប្រទេស​ចិន​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​ដោយ​ថា​ផលិត​នៅ​កម្ពុជា។

ផលប្រយោជន៍​នយោបាយ

​អ្នកនាង អូ យូន អាន បាន​លើកឡើង​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ទើបតែ​ចុះ​រវាង​ប្រទេស​ទាំងពីរ​ មានផល​ប្រយោជន៍​នយោបាយ​ខ្លាំង​ដូច​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែរ។ 

សាស្ត្រាចារ្យ​​រូប​នេះ​បាន​បន្ថែម​ថា៖ «មើល​លើ​បរិបទ​នយោបាយ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ហើយ​វា​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ធំ​ដូច​ចិន​ អាច​បញ្ជាក់​បាន​ថា​ ជា​សមិទ្ធ​ផល​ដ៏​ធំ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​ ជាពិសេស​ក្នុង​ឆ្នាំ​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដោយសារ​ការ​​រាតត្បាត​ជាស​កល​[នូវ​ជំងឺ​កូ​វីដ១៩​]»។ 

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចិន​ដែល​ផ្តល់​ជំនួយ ក៏ដូចជា​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ហើយ​លោក​បាន​បន្ថែម​ថា ​កិច្ច​ព្រមព្រៀង​សេរី​នេះ​នឹង​នៅ​គង់វង្ស​រហូត មិន​ដូច EBA នោះ​ទេ។

សហភាព​អឺរ៉ុប​បាន​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វមុខ​ទំនិញ​លើកលែងតែ​អាវុធ​ កាលពី​ថ្ងៃទី១២ ខែសីហា ដោយសារតែ​បញ្ហា​រំលោភសិទ្ធិ​មនុស្សនិង​ការងារ។ 

លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី១២ ខែតុលា​ថា៖ «EBA គង់មាន​ថ្ងៃណាមួយ​នឹង​បាត់បង់ តែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជានិង​ចិន ​គឺ​នៅជា​រៀង​រហូត»៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស​ដោយ​ អ៊ូច សូនី​
រាយការណ៍បន្ថែមដោយ សាំ ឧត្ដម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ