ព្រះមហាក្សត្រ រំជួលព្រះរាជហឬទ័យជាខ្លាំង និងចូលរួមរំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យមានការបាត់បង់ជីវិត និងទ្រព្យសម្បត្តិជាច្រើន។
នៅក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែតុលានេះ មានព្រះរាជបន្ទូលថា ព្រះអង្គរំជួលព្រះហឬទ័យជាខ្លាំង ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។
ព្រះរាជសារបន្តថា៖«ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកបងប្អូនប្រជារាស្ត្រនៅទូទាំងប្រទេស[…] ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅប្រជារាស្ត្រកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយធម្មជាតិខាងលើនេះ និងសូមមេត្តាការពារ និងថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យមានជំងឺឈឺថ្កាត់ផ្សេងៗ»។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានចាត់វិធានការជួយដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទីតាំងសុវត្ថិភាពនានាបានទាន់ពេលវេលា។
បើតាមព្រះរាជសារ ព្រះមហាក្សត្រ ក៏បានព្រះរាជទានព្រះរាជអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកចៅហ្វាវាំង គង់ សំអល់ ជាបន្តបន្ទាប់ផងដែរ។
ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៦ ខែតុលា ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៦ ខែតុលា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកើតដល់ជាង ៥៣០០គ្រួសារ ស្មើនឹងជាង ២១ម៉ឺននាក់ និងផ្ទះជាង ៥ម៉ឺនខ្នង ខណៈមនុស្សស្លាប់បានកើនដល់១៨នាក់ និងប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំផ្សេងៗជាច្រើនម៉ឺនហិកតា រួមនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕