តុលាការ​​សម្រេច​​ឃុំ​ខ្លួន​​ជន​ជាតិ​​ចិន​តៃវ៉ាន់​៤​នាក់​ ពាក់ព័ន្ធ​​នឹង​​គ្រឿង​ញៀន​​ជិត​៣​តោន​​

គ្រឿងញៀន​ដែល​​រឹបអូស​បាន​នៅក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ព្រះសីហនុ ៣គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤គោលដៅ ដែល​មានតម្លៃ​ប្រមាណ​ជាង៣០លាន​ដុល្លារ​អាមេរិក នា​រសៀល​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន៤នាក់ ដាក់​ពន្ធនាគារ​ព្រៃស ពី​បទ «ដឹកជញ្ជូន ជួួញ​ដូរ កែច្នៃ និង​រក្សាទុក​គ្រឿងញៀន» ក្រោយពី​កម្លាំង​មន្ត្រី​ជំនាញ​បាន​រក​ឃើញថា​ ពួក​គេ​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿងញៀននិង​សារធាតុ​ផ្សំ​សរុប​ជិត៣តោន។ 

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង មានប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា បុរស​ជា​ជនសង្ស័យ​ទាំង៤នាក់​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​តាម​នីតិវិធី​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការចោទប្រកាន់​ពី​បទ «ដឹកជញ្ជូន ជួញដូរ កែច្នៃ និង​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់»។

លោក​បាន​និយាយ​ថា៖ «អាហ្នឹង​គឺ​បានសម្រេច​ចោទប្រកាន់​ពី​បទ រក្សា ដឹកជញ្ជូន ជួញដូរ​[គ្រឿងញៀន​] ហើយ​បានសម្រេច​ឃុំខ្លួន​រួចហើយ សាកសួរ​ហើយ ចោទប្រកាន់​ហើយ បាន​ឃុំខ្លួន​ពីម្សិលមិញ​ហើយ»។

កាលពី​រសៀល​ថ្ងៃពុធ កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ​ទាំង៤នាក់​នោះទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​ឆ្លងដែន និង​រក្សាទុក​កែច្នៃគ្រឿងញៀន​ខុសច្បាប់ ទម្ងន់២ ១០៦គីឡូក្រាមនិង២១៥,៨៩ក្រាម រួម​នឹង​សារធាតុគីមី​ផ្សំ៦០០គីឡូក្រាម នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។

អគ្គស្នងការ​ដ្ឋាន​នគរបាល បានឱ្យ​ដឹង​អត្តសញ្ញាណ​បុរស​ជនសង្ស័យ​ជា​ជនជាតិ​ចិនតៃវ៉ាន់​ទាំងនោះ រួមមាន ឈ្មោះ ចិន ជឺ​ជា (CHEN CHIH CHIEH​), ចាង ឈិ​ជឺ (Zhan Qi Zhi​), យ៉ូ​វ យ៉ាវ​ជុង (YU Yao Tsung​) និង ឈិន ប៉ាវ​ជីន (Chen Pao Jiun​) ខណៈ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ វូ ឈី​សុន (WU Chi Hsun​) បាន​កាន់​គ្រឿងញៀន លួច​សម្រូត​តាម​បង្កាន់ដៃ​អាគារ ហើយ​ធ្លាក់​បណ្ដាល​ឱ្យ​ស្លាប់ ។

អគ្គស្នងការ បន្ត​ថា បច្ចុប្បន្ន មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខ​ពួក​ដែល​នៅ​សេសសល់ និង​សហការ​ជាមួយ​សមត្ថកិច្ចនៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋជន​ជា​មេខ្លោង។

យោង​តាម​របាយការណ៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់ក្រ​សួង​មហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន៧ ៧៨៨ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១៥ ៧៧០នាក់ (ស្រី៩៨០នាក់​) ក្នុង​នោះ មាន​ជនបរទេស២២៤នាក់ (ស្រី៣៣នាក់​)។

របាយការណ៍​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំញៀន​គ្រប់​ប្រភេទ​ជាង​៧០២គីឡូក្រាម និង៥៤៦កញ្ចប់​តូច​, កញ្ឆា​ជាង២៨៧គីឡូក្រាម និង១៩៩ ៥៥៩ដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ