លោក ហ៊ុន សែនថា នឹងយកលុយជំនួយជិត៧លានដុល្លារជួយអ្នករងគ្រោះដោយទឹកជំនន់

នៅ​យប់​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន សែន ទៅ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ (ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមយប់ម្សិលមិញរដ្ឋាភិបាលទទួលថវិកាពីសប្បុរសជន បានចំនួនជិត៧លានដុល្លារ ហើយលោកថា នឹងយកលុយនោះជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់។​

ក្នុងគេហទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមម៉ោង៩និង៥៣នាទីយប់ ថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០ សរុបជនដែលបានចូលរួមបរិច្ចាកថវិកាជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ ទឹកភ្លៀងមានចំនួន ៦ ៨៣០ ០៤៩ ដុល្លារ លុយខ្មែរមានចំនួន៤៣៤ ៤០០ ០០០រៀល និងលុយអឺរ៉ូមានចំនួន ៥ ០០០€ (ប្រាំពាន់អឺរ៉ូ) បើគិតជាលុយដុល្លារទាំងអស់មានចំនួនសរុប ជិត៧លានដុល្លារ (៦ ៩៤០ ៩៩៧ដុល្លារ) ។

លោកនាយករដ្ឋមន្ត្រីឲ្យដឹងទៀតថា ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់ដល់អ្នករងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រីបានសរសេរខ្លឹមសារបែបជាកំណាព្យខ្លីថា  `«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក »

ទោះជាបែបនេះក្តី​ នៅព្រឹកថ្ងៃនេះ វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យគ្រោះមហន្តរាយលោក ឃុន សុខា ជុំវិញការយកថវិកាចំណាយលើផ្នែកអ្វីខ្លះនៅឡើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ