សមត្ថ​កិច្ច​​ខេត្ត​​ស្ទឹង​ត្រែង​ បញ្ជូន​​ជន​សង្ស័យ​២​នាក់​​ទៅ​​តុលាការ​​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​ជិត​៤​គីឡូ​ក្រាម​​

ថ្នាំញៀន និង​សារធាតុ​ញៀន ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​រ៉ក កាលពី​យប់​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក ស ថេត​

សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ជូន​ជនសង្ស័យ២នាក់​ទៅ​តុលាការ បន្ទាប់ពី​រក​ឃើញថា ជាប់ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត៤គីឡូក្រាម និង​ថ្នាំ​គ្រវី​ចំនួន២កញ្ចប់​តូច។

មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋា​នន​គរ​បាល​ខេត្ត​ស្ទឹងត្រែងដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​ថា កាលពី​ល្ងាច​ថ្ងៃសៅរ៍ សមត្ថកិច្ច​បាន​បង្ក្រាប​ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង និង​បាន​ឈាន​ដល់កំណត់​អត្តសញ្ញាណនិង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀតនៅ​ព្រឹក​ថ្ងៃអាទិត្យ នៅ​ជិត​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ជាប់​ព្រំដែន​ប្រទេស​ឡាវ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នោះ លោក​ថា មានឈ្មោះ អ៊ិ​ន ថា ភេ​ទ​ស្រី អាយុ៤៧ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ វ៉ាន ភូ ភេទប្រុស អាយុ២៧ឆ្នាំ។ 

លោក​បន្ត​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន​បាន​៤កញ្ចប់​ធំ និង​ថ្នាំ​គ្រវី​ចំនួន២កញ្ចប់​តូច។ 

មន្ត្រី​នគរបាល​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​ការសាកសួរ​ពី​មន្ត្រី​ជំនាញ ជនសង្ស័យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់។ 

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង លោក ឈុំ ស៊ាង​ហាក់ បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះមកដល់​សាលាដំបូង​ខេត្ត​ហើយ ហើយ​កំពុង​ស្ថិត​ក្រោម​ការសាកសួរនិង​ស៊ើបអង្កេត​បន្ថែម​ពីសំណាក់អយ្យការ​អម​សាលាដំបូង​ខេត្ត មុននឹង​បន្ត​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ។

លោក​និយាយ​ថា៖ «គេ​ទើបតែ​បញ្ជូន​មក​ព្រឹកមិញ​នៅ​តុលាការ […] ខាង​អយ្យការ​កំពុងតែ​អនុវត្ត​រឿង កំពុង​ធ្វើ​នីតិ​វិធី»។ 

យោង​តាម​របាយការណ៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់ក្រ​សួង​មហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន៧ ៧៨៨ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១៥ ៧៧០នាក់ (ស្រី៩៨០នាក់​) ក្នុង​នោះមាន​ជនបរទេស២២៤នាក់ (ស្រី៣៣នាក់​)។

របាយការណ៍​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំញៀន​គ្រប់​ប្រភេទ​ជាង​៧០២គីឡូក្រាម និង៥៤៦កញ្ចប់​តូច​ កញ្ឆា​ជាង២៨៧គីឡូក្រាមនិង១៩៩ ៥៥៩ដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ