នាយក​​រដ្ឋ​មន្ត្រី​​ធ្វើ​ដំណើរ​​ទៅ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ខណៈ​​លោ​ក កឹម​ សុខា​ កំពុង​​ជួប​​ពលរដ្ឋ​​នៅ​​ទី​នោះ​​

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រូវបានផ្លាស់មកពីទីទួលសុវត្ថិភាព ក្រោយពីទឹកហូរ​មក​ពី​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ធ្វើ​ឱ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង​និង​ហូរ​បុក​លើ​កំណាត់ផ្លូវ​ក្បែរ​រង្វង់​មូល​ប៉ោយប៉ែត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអង្គារ​នេះ កំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ប្រមាណ២ម៉ឺន​គ្រួសារដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ខណៈ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ចែក​អំណោយ​ជូន​ពលរដ្ឋ​នៅ​ខេត្ត​នោះ។

លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា រូបលោក​កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សួរ​សុខ​ទុក្ខនិង​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ២ម៉ឺន​គ្រួសារដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង។ លោក​បន្ត​ថា ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ជាង​គេនិង​យូរ​ជាងគេ​ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អាទិ​ភាព​សង្រ្គោះ​ផងនិង​ស្តារ​ឡើងវិញ​ក្រោយ​ទឹកជំនន់​ផង។

លោក​បន្ត​ថា៖ «ខ្ញុំនឹង​បំពេញការងារ​ពីរ​ថ្ងៃ​នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​ថ្ងៃទី២១និង​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មុននឹង​ត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃទី២៣​ខែតុលា ឆ្នាំ២០២០»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ជួយ​ផ្តល់​ជា​ថវិកា សម្ភារ ស្បៀងអាហារ​ ជាដើម តាមរយៈ​រាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរ​ថ្នា​ក់់​ក្រោម​ជាតិ ឬចុះ​ចែក​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។ 

លោក​បាន​បន្ថែម​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំងអស់​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ដោយខ្លួនឯង ជាពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​កុមា​រតូចៗ ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត​ អំឡុង​ពេល​ទឹកជំនន់និង​ក្រោយពេល​ទឹកជំនន់»។

ស្រប​ពេល​គ្នា​នេះ​ដែរ លោក កឹម សុខា អតីតប្រធាន​បក្ស​ប្រឆាំង នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ កំពុង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន២០០គ្រួសារ នៅ​ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ។ 

លោ​ក កឹម សុខា បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា៖ «ខ្ញុំ និង​សហការី បាន​នាំ​យក​ស្បៀងនិង​សម្ភារ​មួយចំនួន [អង្ករ តង់​កៅស៊ូ ទឹ​កសុី​អ៊ី​វ ទឹកក្រូច សាប៊ូ និង​ជែ​លលា​ងដៃ​] ចែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរយើងដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន២០០គ្រួសារ នៅ​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០»។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យ​ដឹង​ថា នៅ​ម៉ោងជាង៥ភ្លឺ​ថ្ងៃអង្គារ​នេះ ទំនប់​អាង​ខៃដន ត្រូវ​បាន​បាក់១៥ម៉ែត្រ នៃ​ប៉ែក​ខាង​ជេីង​ទំនប់​អាង ហេីយ​ទឹកបាន​ហូរកាត់​ថ្នល់ជាតិ​លេខ៥ ប្រវែង​៥៦០ម៉ែត្រ និង​មាន​ជម្រៅ២តឹក។ 

រដ្ឋបាល​ខេត្ត​បាន​បន្ត​ថា ទឹកដែល​ហូរ​មក​ពី​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ធ្វើ​ឱ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង និង​បា​នប​ង្ក​ឱ្យ​មានការ​ជន់​លិច​ភូមិ​មួយចំនួនក្នុង​ក្រុង​ប៉ោយប៉ែត ក្នុង​នោះ ក្រុមការងារ​រដ្ឋបាល​ខេត្តបាន​ជម្លៀស​ប្រជា​ពលរ​ដ្ឋ​ប្រមាណ១០០០គ្រួសារទៅកាន់​ទីទួល​សុវត្ថិភាព។

រដ្ឋបាល​ខេត្តក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ប៉ោយប៉ែតឱ្យបង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត ហើយ​ក្នុងករណី​មានហេតុ​ការណ៍​ណាមួយ​កើតឡើង ត្រូវ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាននិង​សមត្ថកិច្ច​កងកម្លាំង​ឱ្យ​បាន​ទាន់ពេល​វេលា។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ថ្ងៃទី១៩ ខែតុលា ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់១៩រាជធានី​-ខេត្ត និង​ប៉ះពាល់​ប្រជាជន៧៨ ០៥៦គ្រួសារ ស្មើ​ប្រមាណ​ជាង៣១ម៉ឺន​នាក់។

របាយការណ៍​ដដែលបញ្ជាក់​ថា ប្រជាជន៩ ៣៤៩គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​នៅ​ទូទាំង​ប្រទេសមាន​មនុស្ស​ស្លាប់​កើនឡើង​ដល់២៥នាក់ ផ្ទះ​ជាង​៧ម៉ឺន​៣ពាន់​ខ្នង បាន​រង​ផល​ប៉ះពាល់ និង​ខូចខាត៥៦ខ្នង។ ក្រៅពីនោះ សាលារៀន​ប្រមាណ​៥៦៨​កន្លែង ស្រូវ​ប្រមាណ​ជាង២១ម៉ឺន​ហិ​កតា និង​ដំណាំរួមផ្សំ​ជិត៨ម៉ឺន​ហិ​កតា ក៏​ត្រូវ​បាន​ទឹកជន់​លិច​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ